35 C
Phnom Penh

តៃវ៉ាន់​ស្នើសុំ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​២០ កញ្ញា ខាងមុខ​នេះ មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ នឹង​ចាប់ផ្ដើម​ដែល​មាន​រយៈពេល ៨​ថ្ងៃ ដោយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ កញ្ញា។

មហាសន្និបាត​សម្រាប់​ឆ្នាំ​២០២២ នេះ ពុំ​ប្រព្រឹត្ត​តាម​វីដេអូ Online ដូច​ឆ្នាំ​ទៅ​មិញ​នោះ​ទ ព្រោះ​តែ​ឆ្នាំ​នេះ ពិភពលោក​ពុំ​ជួប​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ ធ្ងន់ធ្ងរ​នោះ​ទេ។

ប្រទេស​ខ្លះ​ត្រូវ​បញ្ជូន​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋ​ទៅ​ថ្លែង​សុន្ទរកថា។ តែ​ប្រទេស​ខ្លះ​ទៀត​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​ទៅ​តំណាង​ឲ្យ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន។ សម្រាប់​កោះ​តៃវ៉ាន់ ពុំ​មាន​តំណាង​របស់​ខ្លួន​ឡើង​ធ្វើ​សុន្ទរកថា​នោះ​ទេ ទោះជា​ដែន​កោះ​មួយ​នេះ​មាន​ប្រជាជន​ជាង ២៣​លាន​នាក់​ក៏ដោយ។

ដែន​កោះ​នេះ​ពុំ​មាន​អាសនៈ​របស់​ខ្លួន​នៅ​ឯ​មហាសន្និបាត​នេះ​ទេ។ អាសនៈ​របស់​ដែន​កោះ​នេះ ត្រូវ​បាន​របប​បក្ស​កុម្មុយនិស្ត​ចិន ដណ្ដើម​យក​តាមរយៈ​ការ​បោះឆ្នោត​របស់​មហាសន្និបាត​នេះ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១។

ចាប់ពី​ឆ្នាំ​នោះ​មក តៃវ៉ាន់​ពុំ​មាន​សិទ្ធិ​ចូលរួម​ប្រជុំ​របស់​ស្ថាប័ន​ពិភពលោក​នេះ​ទេ ទោះជា​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មួយ​ដែល​ប្រកាន់​របប​សាធារណរដ្ឋ​ចិន​ក៏ដោយ។

បើ​តាម​ប្រព័ន្ធ​ព័ត៌មាន​របស់​ដែន​កោះ​នេះ គឺ​សារព័ត៌មាន Taiwan News បាន​ចុះផ្សាយ​ថា ក្រសួង​ការបរទេស​តៃវ៉ាន់ កាលពី​សប្ដាហ៍​មុន​បាន​បញ្ជូន​សំណើ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន​ឱ្យ​ជំរុញ​ទៅ​គណៈកម្មការ​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​អនុញ្ញាត និង​ផ្ដល់​ឱកាស​ដល់​តៃវ៉ាន់​បាន​ថ្លែង​ទៅ​កាន់​ពិភពលោក អំពី​អ្វី​ដែល​តៃវ៉ាន់​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​វាយ​លុកលុយ​ពី​សំណាក់​ប្រទេស​ចិន។

យោង​តាម​លិខិត​របស់​ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​ទទូច​ថា ៥១​ឆ្នាំ​ហើយ រដ្ឋាភិបាល​តៃវ៉ាន់​ដែល​តំណាង​ឱ្យ​ប្រជាជន​ជាង ២៣​លាន​នាក់ ពុំ​ដែល​បាន​ថ្លែង​ប្រាប់​ពិភពលោក​អំពី​ការ​ឈឺចាប់​របស់​ប្រជាជន និង​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​តៃវ៉ាន់​ម្ដង​ណា​ទេ​នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត។ រដ្ឋាភិបាល​តៃវ៉ាន់ ថា​អ្នក​និយាយ​តំណាង​ឱ្យ​ប្រជាជន​តៃវ៉ាន់ គឺ​មិន​ជា​រដ្ឋ​អធិបតេយ្យ​ជំនួស​តៃវ៉ាន់​នោះ​ទេ។

នៅ​ក្នុង​ឆ្នាំ​២០២២ នេះ ជាពិសេស​គឺ​នៅ​ដើម​ខែ​សីហា នេះ ចិន​បាន​បញ្ជូន​ទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដោយ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ។ ចិន​បញ្ជូន​នាវាចម្បាំង​ធំ ១៣​គ្រឿង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មីស៊ីល​ឱ្យ​ធ្លាក់​ក្បែរ​កោះ​តៃវ៉ាន់ ហើយ​យន្តហោះ​ចម្បាំង​ដល់​ទៅ​ជាង ១០០​គ្រឿង​ឱ្យ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​ទៀត​ផង។ បន្ថែម​លើស​ពី​នេះ ចិន​បាន​បាញ់​មីស៊ីល​ផ្លោង​ប៉ាឡេស្ទីន​ចំនួន ១១​គ្រាប់ ហោះ​រំលង​ដែន​កោះ​នេះ បើ​ទោះជា​តៃវ៉ាន់​ថ្កោលទោស​ក៏ដោយ។

ក្នុង​អំឡុង​នៃ​ការ​ធ្វើ​សមយុទ្ធ​រយៈពេល​មួយ​សប្ដាហ៍​នៅ​ដើម​ខែ​សីហា ដែល​ជា​សមយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ណាន់ស៊ី ផេឡូស៊ី ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ដែន​កោះ​តៃវ៉ាន់ គឺ​ពេល​នោះ ចិន​បាន​គំរាម​តៃវ៉ាន់​ឱ្យ​មក​ចុះចូល​នឹង​ក្រុង​ប៉េកាំង ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។

ទីក្រុង​ប៉េកាំង​ពេល​នោះ បាន​ប្រាប់​ពិភពលោក ជាពិសេស​សហរដ្ឋ​អាមេរិក ថា​តៃវ៉ាន់​ជា​ដែនដី​ក្នុង​រដ្ឋ​អធិបតេយ្យ​របស់​ចិន គឺ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​លំហ​អាកាស​តៃវ៉ាន់។ ក្រុង​ប៉េកាំង បាន​គំរាម​ទៀត​ថា បើ​តៃវ៉ាន់​មិន​ទទួលយក​ការ​មក​រស់នៅ​ជា​បងប្អូន​នឹង​គ្នា​ឡើងវិញ​នៅ​ក្រោម​ដំបូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន គឺជា​ការ​ដែល​តៃវ៉ាន់​ចង់​ប្រកាស​ផ្ដាច់ខ្លួន គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។

បើសិន​តៃវ៉ាន់​ប្រកាស​ថា​ខ្លួន​គេ​កំពុង​ជា​រដ្ឋ​ឯករាជ្យ គឺ​ប្រទេស​ចិន​នឹង​ប្រើប្រាស់​មធ្យោបាយ​កម្លាំង​ទ័ព​វាយ​កាន់កាប់​កោះ​នេះ​ភ្លាម​តែម្ដង។ ការ​គំរាមកំហែង​ឥត​ឈប់ឈរ​នេះ នាំ​ឲ្យ​តៃវ៉ាន់​ប្រកាស​ថា ខ្លួន​គេ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ណាស់​ពី​សំណាក់​ប្រទេស​ចិន ហើយ​ដែល​ចាំបាច់​តៃវ៉ាន់​ចង់​ប្រាប់​រឿងរ៉ាវ​ទាំងអស់​នេះ​ទៅ​ពិភពលោក ព្រោះ​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ចិន​មក​លើ​ដែន​កោះ​តៃវ៉ាន់ គឺ​សឹងតែ​រាល់​ថ្ងៃ ដែល​ចិន​មិន​ដែល​ទុក​ឱកាស​ឱ្យ​ប្រជាជន​តៃវ៉ាន់​បាន​សេចក្ដី​សុខ​នោះ​ទេ។

តៃវ៉ាន់ និង​ចិន ការពិត​ជាប់​សាច់ឈាម​នឹង​គ្នា។ ដែនដី​ពីរ​នេះ​បែកបាក់​គ្នា​ដោយសារ​តែ​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៩។ ប្រធានាធិបតី​ដែល​គ្រប់គ្រង​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ​នោះ គឺ​លោក ចាង កៃ ចៀក (Chiang Kai-shek)។

លោក ចាង កៃ ចៀក (Chiang Kai-shek) ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន ប៉ុន្តែ​លោក​ដឹកនាំ​ការ​ធ្វើ​សង្គ្រាម​ចាញ់​កងទ័ព​ព្រៃ​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ សេទុង ហើយ​ក៏​រត់​ភៀសខ្លួន​ទៅ​នៅ​ដែន​កោះ​តៃវ៉ាន់ ដែល​ប្រកាន់​យក​របប​សាធារណរដ្ឋ​ចិន​មកដល់​សព្វថ្ងៃ​នេះ។

បច្ចុប្បន្ន តៃវ៉ាន់​មាន​សម្ពន្ធមិត្ត​ជាច្រើន ប៉ុន្តែ​ភាគច្រើន​ពុំ​មាន​ស្ថានទូត​របស់​ពួកគេ​នៅ​លើ​កោះ​តៃវ៉ាន់​នោះ​ទេ។ សម្រាប់​សហរដ្ឋ​អាមេរិក គឺជា​សម្ពន្ធមិត្ត​របស់​តៃវ៉ាន់​តាំងពី​សម័យកាល​ប្រធានាធិបតី ចាង កៃ ចៀក (Chiang Kai-shek)។

កាលពី​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Bliken បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មាន​ប្រជាជន​ជាង ២៣​លាន​នាក់ បែរ​ពុំ​មាន​តំណាង​របស់​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ឯ​អង្គការ​សហប្រជាជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស