ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា បានថ្វាយសាររំលែកទុក្ខដល់ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងពលរដ្ឋអង់គ្លេសទាំងអស់ ក្រោយពីការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២ របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងនូវការរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា លោកបានទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ឋព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស នៅស្ថានទូតអង់គ្លេស ក្នុងរាជធានីភ្នំពេញ និងបានថ្វាយសាររំលែកទុក្ខដល់ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងពលរដ្ឋអង់គ្លេសទាំងអស់ តាមរយៈឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាផងដែរ។
លោក កឹម សុខា បានបង្ហាញខ្លឹមសារនៃសាររំលែកទុក្ខនោះថា លោកពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយជាពន់ពេកដែលទទួលដំណឹងថា មហាក្សត្រិយានី Elizabeth ទី២ យាងចូលទិវង្គតដែលជាការបាត់បង់ដ៏ធំធេងរបស់រាជវង្សានុវង្សនៃចក្រភពអង់គ្លេសទាំងមូល និងជាការបាត់បង់វរជនដ៏ធំមួយរបស់ពិភពលោក។
ការថ្វាយសាររំលែកទុក្ខនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងបានចូលរួមគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី Elizabeth ទី២ ដែលបានសោយទិវង្គតអស់មួយសប្តាហ៍កន្លងទៅនេះ។
ព្រះមហាក្សត្រិយ៍នៃចក្រភពអង់គ្លេស ប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ ដែលមានព្រះនាមផ្លូវការថា Elizabeth Alexandra Mary Windsor ហើយព្រះមហាក្សត្រិយ៍នៃចក្រភពអង់គ្លេសអង្គនេះបានឡើងគ្រងរាជ្យសម្បត្តិក្នុងព្រះជន្ម ២៥ព្រះវស្សា អំឡុងខែមិថុនា ឆ្នាំ១៩៥៣ ដែលបានទទួលព្រះនាមថាជា ព្រះមហាក្សត្រិយ៍ Elizabeth II។ ក្រោយគ្រងរាជ្យសម្បត្តិអស់រយៈពេលប្រមាណជា ៧០ឆ្នាំ ទ្រង់ក៏បានយាងចូលទិវង្គតនៅក្នុងប្រទេសស្កុតឡែន ក្នុងព្រះជន្ម ៩៦ព្រះវស្សាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេសផងដែរ។ ក្នុងនោះ លោក ហ៊ុន សែន បញ្ជាក់ថា ព្រះមហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាប៊ែត ទី២ (Elizabeth II) ដែលទើបនឹងយាងចូលទិវង្គត គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណរហូតមកក្នុងនាមទ្រង់ជាព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេស។
ជុំវិញការថ្វាយសាររំលែកទុក្ខព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ នេះ ក៏មានការប្រៀបធៀបអំពីព្រះរាជតួនាទីរបស់ទ្រង់ និងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរផងដែរ ក្នុងនោះក៏មានការរិះគន់ពីគ្រប់មជ្ឈដ្ឋានថា ព្រះមហាក្សត្រខ្មែរមិនអាចបំពេញព្រះរាជកិច្ចរបស់ទ្រង់ឱ្យបានពេញលេញទេ ដោយសារតែមេដឹកនាំកម្ពុជាដែលពោរពេញដោយអំណាចយោធាក្នុងដៃ បានរំលោភព្រះរាជតួនាទីរបស់ព្រះអង្គរហូតមក។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ការប្រមាថព្រះមហាក្សត្រមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ព្រះអង្គដែលការពារដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ តែផ្ទុយទៅវិញ គឺបង្ហាញពីទង្វើដែលកំពុងរំលោភច្បាប់រដ្ឋធម្មនុញ្ញថែមទៀត។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា មេដឹកនាំខ្មែរគ្រប់រូបមិនត្រូវរំលោភព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនោះទេ ប៉ុន្តែត្រូវនាំគ្នាទាមទារឱ្យមានការថ្វាយមធ្យោបាយចាំបាច់ ដើម្បីឱ្យព្រះអង្គអាចបំពេញបេសកកម្មជូនជាតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ ទើបជារឿងត្រឹមត្រូវ។
ទាក់ទិននឹងបញ្ហានេះ កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហនុ មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម តាមការចង់បានរបស់ខ្លួនទេនោះ៕