37 C
Phnom Penh

លោក ហ៊ុន សែន ថា​ផ្អាក​បុណ្យ​អុំទូក​ដោយសារ​ជួបជុំ​មនុស្ស​ច្រើន​ពិបាក​គ្រប់គ្រង​សភាពការណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ថ្លែង​ថា ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​មិនមែន​ដោយសារ​រដ្ឋាភិបាល​ខ្វះ​ថវិកា​ដូច​ការ​វិភាគ​របស់​បុគ្គល​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​បារម្ភ​ពី​ការ​ជួបជុំ​មនុស្ស​ច្រើន ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​គ្រប់គ្រង​សភាពការណ៍ ស្រប​ពេល​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​មិនទាន់​បាត់​ទាំងស្រុង​ថែម​ទៀត​នោះ។

តាមរយៈ​សារ​សំឡេង​ពិសេស​នា​ថ្ងៃទី​១៥ កញ្ញា នេះ លោក ហ៊ុន សែន ថ្លែង​ថា មូលហេតុ​ផ្អាក​ពិធី​បុណ្យ​អុំទូក ដោយសារ​មិន​ចង់​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ ដោយ​បារម្ភ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ លោក​ថា ប្រសិនបើ​មាន​ឆ្លង​កូវីដ​ទ្រង់ទ្រាយ​ធំ វា​នឹង​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ហើយ​នៅ​ឆ្នាំ​២០២១ កម្ពុជា​ក៏​ធ្លាប់​បាន​ផ្អាក​ពិធី​បុណ្យ​អុំទូក​នេះ​ដែរ ក្រោយពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

លោក​អះអាង​ថា ហេតុផល​មួយ​ទៀត​នោះ ថ្ងៃ​បុណ្យ​អុំទូក​ចំ​ពេល​ដែល​កម្ពុជា​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ខណៈ​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ក៏​មាន​ការ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​ហ្វីលីពីន ថែម​ទៀត​នោះ។

លោក ហ៊ុន សែន បន្ថែម​ទៀត​ថា ដូច្នេះ​ហើយ កម្ពុជា​ត្រូវ​មាន​ភារកិច្ច​ទទួល​ភ្ញៀវ​បរទេស រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​លោក​មិន​អាច​លៃលក​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​ដែល​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​ពេល​តែ​មួយ​បាន។ លោក ហ៊ុន សែន បាន​ច្រានចោល​ចំពោះ​ការ​ចោទ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់ ខ្វះ​ថវិកា ទើប​ផ្អាក​ពិធី​បុណ្យ​អុំទូក។

កាលពី​ឆ្នាំ​២០២១ កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ក្រោម​ហេតុផល​ថា ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

កម្ពុជា​ក៏​ធ្លាប់​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​មួយ​នេះ​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ឆ្នាំ​២០១១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ក្រោយពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៣៥០​នាក់​ស្លាប់ និង​ដោយសារ​ហេតុផល​គ្រោះ​ទឹកជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះបរម​រតន​កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ។

ក្នុង​ឆ្នាំ​២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងវិញ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ ដោយសារ​កម្ពស់​ទឹកទន្លេ​រាក់​ពេក មិន​អាច​អុំទូក​បាន។

ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ទី​៩ ខែ​វិច្ឆិកា ខាងមុខ​នេះ ហើយ​ចំណែក​កិច្ចប្រជុំ​អាស៊ាន នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១០ ដល់​ទី​១៣ ខែ​វិច្ឆិកា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស