37 C
Phnom Penh

កម្ពុជា​ប្ដេជ្ញា​ឥត​ងាករេ​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​វៀតណាម​និង​ឡាវ ដើម្បី​ប្រយោជន៍​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​ជាមួយ​វៀតណាម និង​ឡាវ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​បី គឺ​កម្ពុជា វៀតណាម និង​ឡាវ កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ថា ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី មិន​ត្រឹមតែ​បង្ហាញ​កាន់តែ​ច្បាស់​ពី​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដល់​ការ​តភ្ជាប់​អាស៊ាន និង​ការ​ពង្រឹង​សហគមន៍​អាស៊ាន​ផង​ដែរ ដែល​នឹង​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ថែម​ទៀត។

លោក ទៀ បាញ់ អះអាង​ថា ជា​ការពិត​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​បី​នា​ពេល​កន្លងមក សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​ការ​កសាង​នូវ​ភាព​ជា​អ្នក​ជិតខាង​ល្អ ការ​ពង្រឹង​មិត្តភាព​ជា​ប្រពៃណី និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ប្រកប​ដោយ​ចីរភាព ដើម្បី​ធានា​នូវ​អនាគត​តំបន់​មួយ​ដែល​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ពិតប្រាកដ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ហ្វាន វ៉ាន់ហ្សាង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត អះអាង​ថា កិច្ចប្រជុំ​នេះ​គឺជា​និមិត្តរូប​ដ៏​សំខាន់​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ទាំង​បី​មាន​ជោគវាសនា​តែ​មួយ​ដូច​បងប្អូន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា តស៊ូ​កៀក​ស្មា​ប្រឆាំង​ចក្រពត្តិ​បរទេស​ឈ្លានពាន​រហូត​មក។ ដូច្នេះ ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ក៏​មិត្តភាព​នៃ​ប្រទេស​ទាំង​បី​នឹង​មិន​អាច​បំបែក​ចេញពី​គ្នា​បាន​ឡើយ។

ក្រោម​ការ​កសាង​មិត្តភាព​ម៉ឺន​ឆ្នាំ​នៃ​ប្រទេស​ទាំង​បី​នេះ កម្ពុជា ឡាវ និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​មួយ​កាលពី​ឆ្នាំ​១៩៩៩ ដែល​ហៅ​កាត់​ថា CLV (Cambodia Lao Vietnam) ដែល​កម្ពុជា​បាន​ដាក់​ខេត្ត​ភាគ​ឦសាន​ចំនួន​៤ រួម​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ចូល​ជា​តំបន់​រួម​គ្នា​ជាមួយ​ប្រទេស​ទាំង​ពីរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

តំបន់​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម ដែល​មាន​ខេត្ត​ខ្មែរ​ទាំង​៤ នេះ គឺ​អាច​អនុញ្ញាត​ពលរដ្ឋ​ឡាវ និង​វៀតណាម ចេញ​ចូល​ដោយ​សេរី និង​អាច​ទិញ​អចលនទ្រព្យ​ផ្សេងៗ ដូចជា​ដីធ្លី និង​ផ្ទះសម្បែង ជាដើម កាន់កាប់​ដោយ​ស្រប​ច្បាប់​ផង​ដែរ។ ខេត្ត​ទាំង​៤ របស់​កម្ពុជា មាន​ប្រជាជន​សរុប​ចំនួន​ជាង ៥​សែន​នាក់​ប៉ុណ្ណោះ ចំណែក​ខេត្ត​ទាំង​៤ របស់​ឡាវ មាន​ប្រជាជន​ប្រមាណ​ជា ៧​សែន​នាក់ ហើយ​ខេត្ត​ទាំង​៤ របស់​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​ឯណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ចំណង​មិត្តភាព​កម្ពុជា ឡាវ និង​វៀតណាម បច្ចុប្បន្ន​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​ប្រទេស​វៀតណាម​តែ​មួយ​គត់។ ជាក់ស្តែង បន្ទាប់ពី​ប្រទេស​ទាំង​បី​បាន​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា កម្ពុជា​បាន​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ព្រៃឈើ និង​ដីធ្លី​រាប់​សិប​ម៉ឺន​ហិកតារ​ដែល​ក្រុមហ៊ុន​វៀតណាម ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​បើក​ផ្លូវ​ឱ្យ​ពលរដ្ឋ​វៀតណាម​អាច​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស