33 C
Phnom Penh

CCHR៖ រយៈពេល​៩​ឆ្នាំ រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​នៅ​ស្ពាន​ព្រះមុនីវង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់ លោក ម៉ៅ សុខចាន់ ដោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ស្ពាន​ព្រះមុនីវង្ស កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើកឡើង​ថា ការ​មិន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់ ៩​ឆ្នាំ​កន្លងមក​នេះ ជំរុញ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​កើតឡើង​នៅ​កម្ពុជា។

យោង​តាម​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ សរសេរ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ចាំ​មិន​ភ្លេច​ចំពោះ​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ កាលពី ៩​ឆ្នាំ​មុន។ CCHR បញ្ជាក់​ថា លោក ម៉ៅ សុខចាន់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ទាំង​គ្មាន​កំហុស ដោយសារ​លោក​គ្រាន់តែ​ជា​អ្នក​ឈរ​មើល​ក្នុង​អំឡុង​ពេល​ប៉ះទង្គិច​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស​ក្នុង​ឆ្នាំ​២០១៣។

CCHR អះអាង​ថា អស់​រយៈពេល ៩​ឆ្នាំ​ក្រោយពី​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ រដ្ឋាភិបាល​មិន​បាន​បើក​ការ​ស៊ើបអង្កេត​អ្វី​នោះ​ឡើយ។

លោក ម៉ៅ សុខចាន់ ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​បាញ់​សម្លាប់​នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​ដែល​នគរបាល​បាន​បិទ​ផ្លូវ ខណៈ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ។ ក្រៅពី​ការ​បាញ់​សម្លាប់​លោក ម៉ៅ សុខចាន់ ក៏​មាន​មនុស្ស​ចំនួន ១០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដែរ។

កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ក្រុម​សមត្ថកិច្ច​ដែល​ប្រើ​កាំភ្លើង​បាញ់​បង្ក្រាប​ទៅ​លើ​បាតុករ​នៅ​លើ​ផ្លូវ​វេងស្រេង កាលពី​ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​រង​របួស​ធ្ងន់​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​ខ្លួន ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន។

ការ​ចេញ​មុខ​ការពារ​ក្រុម​សមត្ថកិច្ច​ពី​សំណាក់​លោក ហ៊ុន សែន នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការ​លើក​ទឹកចិត្ត​ជន​ប្រព្រឹត្តិ​បទល្មើស និង​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​បន្ត​ទៀត ខណៈ​សមត្ថកិច្ច​ដែល​បាញ់​ពលរដ្ឋ​ឲ្យ​ស្លាប់ និង​រង​របួស មិន​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស