ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា ក្រសួងមហាផ្ទៃព្រមទទួលយកសំណើដែលជាគោលជំហររួមរបស់គណបក្សក្រៅរដ្ឋាភិបាលទាំង៤ ទៅពិចារណា ខណៈឯកអគ្គរាជទូតជប៉ុន បង្ហាញជំហរមុតមាំក្នុងការកែលំអប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ កញ្ញា នេះថា គណបក្សទាំង៤ បានលើកឡើងនូវគោលជំហររួមដែលមាន ៧ចំណុចដាក់ជូនក្រសួងមហាផ្ទៃ ដូចជាការស្នើឱ្យបង្កើតយន្តការទំនាក់ទំនងក្រសួងមហាផ្ទៃឱ្យមានភាពងាយស្រួល ដើម្បីឱ្យក្រសួងអាចជួយសម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដូចជាមានការគំរាមកំហែង និងបំភិតបំភ័យលើសកម្មជននយោបាយរបស់បក្សក្រៅរដ្ឋាភិបាលពីសំណាក់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។
តំណាងគណបក្សទាំងនោះបានស្នើឱ្យក្រសួងមហាផ្ទៃ លុបបំបាត់បណ្តឹងជាលក្ខណៈនយោបាយ និងស្នើឱ្យមានការបែងចែកតួនាទីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដោយស្របតាមច្បាប់ផងដែរ។
គណបក្សទាំង៤ ក៏បានស្នើឱ្យក្រសួងជួយសម្រួលឱ្យអាជ្ញាធរបង្កើតទំនាក់ទំនងល្អជាមួយតំណាងគណបក្សនយោបាយដែលមានមូលដ្ឋាន និងស្នើឱ្យជួយធានានូវសុវត្ថិភាពសកម្មជនគណបក្សនយោបាយក្រៅរដ្ឋាភិបាលផងដែរ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះបញ្ជាក់ថា ចុងក្រោយ តំណាងគណបក្សទាំង៤ បានស្នើឱ្យក្រសួងមហាផ្ទៃចេញសេចក្តីណែនាំមួយក្នុងការបើកទូលាយសិទ្ធិសេរីភាពនយោបាយ ដើម្បីកុំឱ្យអាជ្ញាធរនៅមូលដ្ឋានប្រើអំណាចហាមឃាត់ ឬគំរាមម្ចាស់ផ្ទះ ឬម្ចាស់ទីតាំងណាមួយដែលទទួលឱ្យមានការជួបប្រជុំរបស់គណបក្សក្រៅរដ្ឋាភិបាល ដូចដែលធ្លាប់កើតមាននាពេលកន្លងមក។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តំណាងគណបក្សចំនួន៤ រួមមានតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តំណាងគណបក្សភ្លើងទៀន តំណាងគណបក្សឆន្ទៈខ្មែរ និងតំណាងគណបក្សកែទម្រង់កម្ពុជា បានជួបប្រជុំពិភាក្សាជាមួយនឹងតំណាងក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីសំណើលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា។ ជាងនេះទៀត តំណាងគណបក្សទាំងនោះក៏បានពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ដើម្បីពិភាក្សាទៅលើបញ្ហាលំហសេរីភាពនយោបាយ និងការកែលំអប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះផងដែរ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ បានរួមគ្នាដាក់លិខិតទៅរដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើកែច្បាប់មួយចំនួនដើម្បីធ្វើឱ្យប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។
ក្រោយដាក់ញត្តិរបស់គណបក្សទាំងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃ បានទទួលជួបជាមួយតំណាងគណបក្សទាំងនេះជាបន្តបន្ទាប់ ក្នុងនោះ ស្ថាប័ន គ.ជ.ប និងក្រសួងមហាផ្ទៃ បានប្រកាសទទួលសំណើរបស់គណបក្សទាំងនេះដើម្បីពិចារណាបន្តទៀត ប៉ុន្តែស្ថាប័នរដ្ឋសភាជាតិកម្ពុជា មិនទាន់ទទួលជួបតំណាងគណបក្សទាំងនេះនៅឡើយទេរហូតមកទល់នឹងពេលនេះ។
ទាក់ទិននឹងការជំរុញឱ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពនយោបាយនៅកម្ពុជានេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ សហភាពអឺរ៉ុប បានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឱ្យទៅចូលរួមតាមដានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅនោះទេ ក្រោមហេតុផលថា ដំណើរការនៃការបោះឆ្នោតនេះគ្មានតម្លាភាព និងមិនមានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជុំវិញការបោះឆ្នោតនៅកម្ពុជា ត្រូវគេមើលឃើញថាមានតែការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) ប៉ុណ្ណោះ ដែលមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្រៅពីនោះ គឺនៅអាណត្តិបន្តបន្ទាប់មកទៀត គឺជាការបោះឆ្នោតដែលមិនត្រឹមត្រូវ ដោយសារតែដំណើរការ និងនីតិវិធីនៃការបោះឆ្នោតទាំងនោះ ត្រូវបានគ្រប់គ្រង និងលួចបន្លំដោយគណបក្សគ្រប់គ្រងរដ្ឋាភិបាលរហូតមក៕