យុវជនចំនួន ៥នាក់បានដាក់ញត្តិនៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឲ្យបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍បរទេសខុសច្បាប់ និងការបង្កើតអគារភាសាវៀតណាមនៅកម្ពុជា។
យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន ដែលតាំងខ្លួនជាអ្នកតំណាងឲ្យយុវជនផ្សេងទៀត បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៩ កញ្ញា នេះថា ក្នុងរយៈពេល ១សប្ដាហ៍នេះ បើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយទេ ពួកគេនឹងធ្វើញត្តិមួយទៀតដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ។
លោកបន្តថា ជនបរទេសដែលកំពុងស្នាក់នៅកម្ពុជាភាគច្រើនជាជនជាតិវៀតណាម និងចិន ក្នុងនោះជនជាតិចិនតែងតែបង្កបញ្ហាអសន្តិសុខដល់ពលរដ្ឋ ខណៈការផ្ដល់ប័ណ្ណស្នាក់នៅដល់ពលរដ្ឋវៀតណាម បង្កហានិភ័យដល់ប្រទេសជាតិ ដោយសារវៀតណាមជាប្រទេសជាប់នឹងកម្ពុជា ហើយក៏ធ្លាប់ឈ្លានពានទឹកដីកម្ពុជាថែមទៀត។
យុវជនម្នាក់ទៀត លោក អន រតនា អះអាងថា សកម្មភាពដែលពួកគេធ្វើនេះមិនមែនជាការរើសអើងពូជសាសន៍នោះទេ ប៉ុន្តែវាជាការបង្ហាញក្ដីបារម្ភក្នុងនាមខ្លួនជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
លោកស្នើទៅរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងបដិសេធការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅកម្ពុជា ដោយថាការផ្ដល់ប័ណ្ណស្នាក់នៅដល់ជនបរទេសខុសច្បាប់ ជាពិសេសជនជាតិវៀតណាមនេះ វាបង្កហានិភ័យខ្លាំងដល់កម្ពុជា។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃក្រើនរំឭកដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ ឱ្យអនុវត្ត និងទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជាស្របតាមច្បាប់ឆ្នាំ១៩៩៤ ជាធរមាន។
ក្រោយពីការក្រើនរំឭកនេះ ក៏មានប្រតិកម្មផ្សេងៗពីមហាជន ខណៈកន្លងមកអាជ្ញាធរវៀតណាម តែងតែស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ខ្លួន ជាពិសេសផ្ដល់ប័ណ្ណស្នាក់នៅស្របច្បាប់ដល់ពួកគេ។
ក្នុងជំនួបទ្វេភាគីនៅរដ្ឋធានីហាណូយ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីន (Pham Minh Chinh) បានស្នើអភិបាលសាលារាជធានីភ្នំពេញឲ្យបន្តជួយសម្របសម្រួលដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ជួយសហគមន៍វៀតណាម ដែលកំពុងរស់នៅកម្ពុជា ដោយឲ្យពួកគេទទួលបានការរៀនសូត្រ និងបំពេញការងារនៅកម្ពុជាឲ្យបានងាយស្រួល។
ជាការឆ្លើយតប អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាមិនដែលភ្លេចគុណដ៏ធំធេងរបស់វៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ឡើយ។
ប៉ុន្តែអនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះថា លោកសូមកោតសរសើរដល់ស្មារតីរបស់យុវជនក្នុងការតស៊ូមតិឲ្យរដ្ឋាភិបាលលុបចោលការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាមិនត្រូវឆ្លើយតបតាមការស្នើសុំពីរដ្ឋាភិបាលវៀតណាម ដែលសុំឲ្យកម្ពុជាជួយសម្រួលឲ្យពលរដ្ឋវៀតណាមនៅកម្ពុជា មានសិទ្ធិរស់នៅស្របច្បាប់ ទទួលបានការអប់រំរៀនសូត្រ ឬសម្រួលឲ្យពួកគេបានធ្វើការងារនោះទេ ពីព្រោះថាជនអន្តោប្រវេសន៍វៀតណាមទាំងនោះភាគច្រើន គឺចូលមកកម្ពុជាដោយខុសច្បាប់។ ដូច្នេះ រឿងនេះគឺជាហានិភ័យវែងឆ្ងាយដល់កម្ពុជា បើសិនរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តដឹងគុណវៀតណាម និងបម្រើនយោបាយរបស់វៀតណាមតទៅទៀត៕