37 C
Phnom Penh

រដ្ឋាភិបាល​បញ្ចប់​មុខ​តំណែង​ឧត្តមសេនីយ៍ត្រី​ចំនួន​៣​នាក់​ពី​ក្រសួង​មហាផ្ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់​មុខតំណែង​មន្ត្រី​នគរបាល ៣​រូប​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​សំណើ​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អង្គារ ទី​២០ កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​បញ្ចប់​មុខតំណែង​ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ជា ប៊ុនវិបុល ពី​អគ្គលេខាធិការ​រង​ឲ្យ​មក​ជា​មន្ត្រី លោក ជា សែនវិស្សុត ពី​អគ្គលេខាធិការ​រង​ឲ្យ​មក​ជា​មន្ត្រី និង​លោក​វរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ពី​ប្រធាន​អង្គភាព​រដ្ឋបាល និង​ហិរញ្ញវត្ថុ​មាន​ឋានៈ​ស្មើ​ជា​ប្រធាន​នាយកដ្ឋាន​ឲ្យ​មក​ជា​មន្ត្រី។

ការ​បញ្ចប់​តំណែង​មន្ត្រី​នគរបាល​ទាំង ៣​នាក់​នេះ រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ ដោយ​គ្រាន់តែ​ថា​ការ​បញ្ចប់​នេះ ធ្វើ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ខណៈ​ល្បែងស៊ីសង​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជំងឺ​មហារីក​សង្គម និង​ជា​ដើមចម​នាំ​ឲ្យ​មាន​ការ​ជួញដូរ​មនុស្ស ព្រមទាំង​បង្កើត​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​នៅ​កម្ពុជា​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស