មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់បើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី១៩ កញ្ញា មានរយៈពេលមួយសប្តាហ៍។
នេះជាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ សម្រាប់ឆ្នាំ២០២២។ ចាប់ពីថ្ងៃអង្គារនេះទៅ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកនីមួយៗនៃអង្គការសហប្រជាជាតិ ត្រូវឡើងថ្លែងសុន្ទរកថានៅលើវេទិកាពិភពលោកមួយនេះ។
មេដឹកនាំប្រទេសខ្លះអាចចាត់តាំងរដ្ឋមន្ត្រីការបរទេសមកថ្លែងជំនួស បើមេដឹកនាំនោះអវត្តមាន។ រយៈពេល ២ឆ្នាំកន្លងមក មេដឹកនាំពិភពលោកមិនបានមកកាន់មហាសន្និបាតដោយផ្ទាល់នោះទេ ដោយពួកគាត់ត្រូវធ្វើសេចក្ដីថ្លែងការណ៍តាមរយៈការថ្លែងសារវីដេអូថតទុក។ សម្រាប់នៅឆ្នាំនេះ មហាសន្និបាតប្រព្រឹត្តទៅដោយផ្ទាល់។ គេពុំដឹងថា មេដឹកនាំណាខ្លះអវត្តមាននោះទេ។
តែចំពោះលោក ពូទីន មេដឹកនាំសង្គ្រាមឈ្លានពានអ៊ុយក្រែន អាចមិនមានវត្តមាននោះទេ។ លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក ហ្សេហ្គេឡារ៉ុស ឲ្យមានវត្តមានជំនួសលោក។
ចំណែកលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក៏អាចអវត្តមានផងដែរ។ ពុំមានមេដឹកនាំប្រទេសណាមួយត្រូវបានអនុញ្ញាតឲ្យថ្លែងសុន្ទរកថាតាមរយៈវីដេអូ Conference ដូចកាលពី ២ឆ្នាំកន្លងមកនោះទេ ព្រោះតែពេលនោះដោយសារតែពិភពលោកជួបវិបត្តិកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ។
យ៉ាងណាសម្រាប់ឆ្នាំនេះ គឺមានតែលោកប្រធានាធិបតីអ៊ុយក្រែនម្នាក់គត់ដែលត្រូវបានព្រមព្រៀងពិសេសតាមរយៈការបោះឆ្នោតរបស់គណៈកម្មាធិការមហាសន្និបាត ដោយអនុញ្ញាតឲ្យលោក ហ្សេឡេនស្គី ថ្លែងទៅកាន់អង្គមហាសន្និបាតតាមរយៈវីដេអូចេញពីវិមានប្រធានាធិបតីនៅទីក្រុងគៀវ។
គេរំពឹងថា ចំណុចខ្លាំងនៃសេចក្ដីថ្លែងរបស់មេដឹកនាំសំខាន់ៗ ជាពិសេសមេដឹកនាំបស្ចិមប្រទេសថ្លែងទៅកាន់មហាសន្និបាត គឺអាចករណីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយអាចករណីវិបត្តិច្រកសមុទ្រតៃវ៉ាន់។
គ្រាន់តែចាប់ផ្ដើមដំបូង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារេស បានបរិហារភាពប្រេះឆារបស់ពិភពលោក ដែលពេលនេះមានសណ្ឋានដូចជាការពុះចែកភូមិសាស្ត្រយុទ្ធសាស្ត្រដូចកាលពីសម័យសង្គ្រាមត្រជាក់។ លោកអគ្គលេខាធិការបានអំពាវនាវតាំងពី ៣ថ្ងៃមុន ឱ្យពិភពលោកមកជួបជុំគ្នាស្វែងរកដំណោះស្រាយវិបត្តិប្រឈមទាំងឡាយ ដែលក្នុងនោះគឺត្រូវលើកមកដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។
របៀបវារៈនៃសង្គ្រាមនៅអ៊ុយក្រែន គឺជាចំណុចខ្លាំងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចបើកប្រជុំនៅថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ គឺទន្ទឹមនឹងមហាសន្និបាតកំពុងដំណើរការប្រជុំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គេរំពឹងថា មេដឹកនាំជាច្រើនបានត្រៀមសេចក្ដីថ្លែងការណ៍របស់ពួកគេរួចស្រេចហើយ ដែលនិយាយយោងដល់វិបត្តិសង្គ្រាមបង្កឡើងដោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin)។
នៅមុនមួយថ្ងៃនៃការបើកទ្វារសាលប្រជុំមហាសន្និបាត នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស អ្នកស្រី Liz Truss បានវាយប្រហារប្រទេសរុស្ស៊ីយ៉ាងខ្លាំង ដោយអ្នកស្រីប្រកាន់ជំហរដូចអតីតនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson)។
នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Liz Truss ត្រូវគេរំពឹងថា អ្នកស្រីនឹងថ្លែងនៅចំពោះអង្គមហាសន្និបាត ដែលថាចក្រភពអង់គ្លេសនឹងផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន សម្រាប់ឆ្នាំ២០២៣ ដោយមានទំហំសាច់ប្រាក់ ២៦០០លានដុល្លារអាមេរិកដែលលើសពីឆ្នាំ២០២២ មានទំហំ ២៣០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា។
ជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកស្រី Liz Truss មកកាន់ក្រុងញីវយ៉ក ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រីនឹងអំពាវនាវដល់មេដឹកនាំផ្សេងទៀតនៅឯមហាសន្និបាតឲ្យជួយបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីជាមួយនឹងការនាំគ្នាជួយអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើរបបលោក ពូទីន។
គេរំពឹងថា អ្នកស្រី Liz Truss នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់អ្នកស្រីក្នុងការគាំទ្រអ៊ុយក្រែន ហើយប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ចក្រភពអង់គ្លេស គឺជាប្រទេសផ្តល់ជំនួយយោធាធំជាងគេទី២ ដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។
ក្រៅពីអ្នកស្រី Liz Truss នាយករដ្ឋមន្ត្រីអង់គ្លេសដែលបានបញ្ចេញសារឱ្យដឹងមុនគេចំពោះសង្គ្រាមរបស់លោក ពូទីន ឈ្លានពានអ៊ុយក្រែន គេរំពឹងថាសារដ៏ខ្លាំងរបស់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ពិតជាធ្ងន់ជាងសាររបស់អ្នកស្រី Liz Truss ទៅទៀត។
ជាមួយគ្នានេះ សាររបស់អធិការបតីអាល្លឺម៉ង់ សាររបស់នាយករដ្ឋមន្ត្រីអង់គ្លេស សាររបស់ប្រធានាធិបតីប៉ូឡូញ សាររបស់នាយករដ្ឋមន្ត្រីឥណ្ឌា សាររបស់នាយករដ្ឋមន្ត្រីជប៉ុន សាររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី និងសាររបស់ប្រធានាធិបតីបារាំង ក៏នឹងសង្កត់ធ្ងន់ផងដែរអំពីសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
នៅខណៈមហាសន្និបាតអង្គការសហប្រជាជាតិកំពុងដំណើរការនេះ ប្រធានាធិបតីកោះតៃវ៉ាន់បានបញ្ជូនសារមកផ្សព្វផ្សាយនៅក្រុងញីវយ៉ក ជាទីដែលមេដឹកនាំពិភពលោកមកកាន់ទីនោះ។ សាររបស់អ្នកស្រី សាយ អ៊ឹងវិន បានវាយប្រហារធ្ងន់ៗទៅលើរបបក្រុងមូស្គូ ដែលឈ្លានពានអ៊ុយក្រែន។ អ្នកស្រីថា ទោះជាតៃវ៉ាន់ពុំមានអាសនៈរបស់ខ្លួននៅមហាសន្និបាតអង្គការសហប្រជាជាតិ តែតៃវ៉ាន់ជារដ្ឋអធិបតេយ្យ និងប្រជាធិបតេយ្យដែលត្រូវចូលរួមជាមួយពិភពលោកប្រឆាំងប្រទេសធំដែលឈ្លានពានប្រទេសតូច។
អ្នកស្រី សាយ អ៊ឹងវិន ក៏បានសម្ដែងអរគុណជាខ្លាំងចំពោះលោក បៃដិន ដែលបន្តសន្យាជួយការពារ និងអន្តរាគមន៍ឱ្យទ័ពអាមេរិកជួយតៃវ៉ាន់ បើចិនឈ្លានពានតៃវ៉ាន់។
គេរំពឹងប្រទេសមួយចំនួនដែលនៅក្រោមឥទ្ធិពលរុស្ស៊ី និងចិន នឹងមិនបញ្ចេញសារវាយប្រហាររុស្ស៊ីនោះទេ។
យ៉ាងណាក៏ដោយ ការភ្ញាក់ផ្អើលមួយអាចនឹងកើតឡើងនៅពេលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ថ្លែងអំពីទុក្ខសោក និងការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ដែលនិរាសព្រាត់ប្រាសគ្រួសារសាច់ញាតិ និងវិនាសកម្មយ៉ាងអាក្រក់ដោយសារតែរុស្ស៊ីបង្កសង្គ្រាម។
ពិតណាស់ លោក ហ្សេឡេនស្គី នឹងអំពាវនាវឲ្យពិភពលោកអនុម័តដាក់ប្រទេសរុស្ស៊ី និងលោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាម និងជារដ្ឋភេរវកម្ម៕