ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr ជួប​ពិភាក្សា​ជាមួយ​លោក ចូ បៃដិន (Joe Biden) នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ថ្មី​មួយ​នៃ​អាស៊ាន​បាន​ជួប​លោក បៃដិន ផ្ដោត​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

By ឌឹ ខេមបូឌា ដេលី

September 24, 2022

នៅ​ក្រៅ​ជំនួប​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។

ជំនួប​នេះ ភាគច្រើន​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ករណី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​បញ្ហា​វិបត្តិ​នៅ​ភូមា។

កាលពី​ថ្ងៃទី​២២ កញ្ញា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ធំ​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ បាន​ជួប​សន្ទនា​គ្នា​យ៉ាង​រាក់ទាក់​ជាមួយ​លោក ចូ បៃដិន នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។

ជំនួប​រវាង​លោក បៃដិន និង​លោក Ferdinand Marcos Jr ទើប​តែ​ជា​លើកដំបូង​ក្រោយពី​លោក Marcos Jr បាន​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ជំនួស​លោក រ៉ូឌ្រីងហ្គោ ឌូទើតេ ដែល​ជា​មេដឹកនាំ​ធ្លាប់​ជា​អាយ៉ង​របស់​ចិន។

របៀបវារៈ​ដ៏​សំខាន់​របស់​មេដឹកនាំ​ទាំង​ពីរ គឺ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ចិន​រំលោភ​ដែនទឹក​ហ្វីលីពីន និង​ដែនទឹក​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន រួម​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ហ្វីលីពីន ជា​ប្រទេស​សម្ពន្ធមិត្ត​យោធា​រួម​គ្នា​តាំងពី​ឆ្នាំ​១៩៥១។ ក្នុង​ជំនួប​នេះ លោក បៃដិន ផ្ដើម​ហៅ​ចំណង​ទ្វេភាគី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ានីល ថា​ជា​មិត្តភាព​មិន​អាច​ខ្វះ​បាន​ឡើយ។ លោក បៃដិន បន្ត​ថា ជាច្រើន​ទសវត្ស​មក​ហើយ សម្ពន្ធភាព​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​រឹងមាំ ហើយ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៅតែ​មាន​ភាព​រឹងមាំ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន។

ក្រោយពី​រំឭក​អំពី​សាវតារ​នៃ​សម្ពន្ធភាព មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ចាប់ផ្ដើម​ពិភាក្សា​គ្នា​អំពី​អនុត្តរភាព​របស់​ចិន នៅ​ក្នុង​តំបន់ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោក បៃដិន លើកឡើង​ថា មេដឹកនាំ​ចិន និយាយ​ម្ដង​ណា​ក៏ដោយ​តែងតែ​អះអាង​អំពី​ការ​គោរព​សណ្ដាប់ធ្នាប់​ពិភពលោក។ លោក ចូ បៃដិន អះអាង​ថា មេដឹកនាំ​ចិន និយាយ​ឲ្យ​តែ​ល្អ​ប៉ុណ្ណោះ ការពិត​មេដឹកនាំ​នេះ​មិន​ដែល​គោរព​ច្បាប់​អន្តរជាតិ​អ្វី​នោះ​ទេ។ មិន​តែប៉ុណ្ណោះ ចិន​តែងតែ​បំពាន​ដែនទឹក​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ក្នុង​តំបន់។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន គឺ​ក្នុង​ជំនួប​នេះ មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​អំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​ច្បាប់​អន្តរជាតិ ដែល​ទាក់ទង​នឹង​អធិបតេយ្យភាព​ដែនទឹក​សមុទ្រ​នៃ​ប្រទេស​ក្នុង​តំបន់។

សម្រាប់​សហរដ្ឋ​អាមេរិក លោក បៃដិន បាន​ប្ដេជ្ញា​ការពារ​ដែនទឹក និង​ដែន​អធិបតេយ្យ​ហ្វីលីពីន ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​ការពារ​ជាតិ​រួម​គ្នា​នៅ​ឆ្នាំ​១៩៥១ ដែល​អនុញ្ញាត​ឱ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​កងទ័ព​ជួយ​ហ្វីលីពីន។

លោក បៃដិន សង្កត់​ធ្ងន់​ថា បើ​ហ្វីលីពីន​ធ្លាក់​ក្នុង​ជម្លោះ​រហូត​ដល់​ផ្ទុះ​សង្គ្រាម គឺ​សហរដ្ឋ​អាមេរិក​ត្រូវតែ​អន្តរាគមន៍។ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​យ៉ាងតិច​ចំនួន​ប្រាំ​ដែល​ចិន​អះអាង​ថា​ដែនទឹក​របស់​ចិន​ត្រួត​ស៊ី​គ្នា​នឹង​ប្រទេស​ទាំងនោះ។

ប្រទេស​ទាំង ៥ នោះ​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី ហើយ​មាន​ក៏​មាន​កោះ​តៃវ៉ាន់​ផង​ដែរ ប៉ុន្តែ​មាន​តែ​ហ្វីលីពីន និង​វៀតណាម ទេ​ដែល​នាវា​ល្បាត​របស់​ចិន​ជា​ញឹកញាប់​បាន​បើក​ចូល​ដែនទឹក​របស់​ប្រទេស​ទាំង​ពីរ​នេះ។

ជាមួយ​នឹង​ហ្វីលីពីន គឺ​សឹងតែ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ​ម្ដងម្កាល​ទៅ​ហើយ ដោយ​ប្រទេស​ទាំង​ពីរ​រួម​មាន​ចិន និង​ហ្វីលីពីន បាន​បញ្ជូន​នាវាចម្បាំង​មក​ដាក់​ពង្រាយ​គំរាម​គ្នា។ ហ្វីលីពីន​តែងតែ​ស្នើ​ឱ្យ​ចិន​គោរព​សេចក្ដី​សម្រេច​របស់​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​បាន​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ដែនទឹក​នៅ​ប្រជុំ​កោះ​ស្កាបូរ៉ូ នៃ​ប្រជុំ​កោះ​ធំ​ស្ព្រាតលី។

យ៉ាងណា ចិន​ប្រកាស​មិន​ទទួលស្គាល់​សេចក្ដី​សម្រេច​របស់​យន្តការ​អន្តរជាតិ​នេះ​ទេ។ ចិន​អះអាង​ថា ក្រុង​ប៉េកាំង មាន​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជិត ៩០% នៃ​ផ្ទៃ​ទឹក ៣​លាន​គីឡូម៉ែត្រ​ក្រឡា។ ការ​ប្រកាស​របស់​ចិន​ដូច​នេះ​ហើយ បាន​នាំ​ឲ្យ​អាមេរិក​ដឹក​មុខ​គេ​ប្រឆាំង​នឹង​ចិន។ សហរដ្ឋ​អាមេរិក​ប្រកាស​ប្រឆាំង​ចិន​ដាច់ខាត​ក្នុង​ការ​ច្បាម​យក​ដែនទឹក​នៃ​ប្រទេស​ក្នុង​តំបន់ និង​រំលោភ​ដែនទឹក​អន្តរជាតិ។

សហរដ្ឋ​អាមេរិក​ប្រកាស​ថា ក្រុង​វ៉ាស៊ីនតោន​ចូល​ខ្លួន​ការពារ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ប្រយោជន៍​ដើម្បី​សេរីភាព​នាវាចរ​អន្តរជាតិ​ដែល​ពុំ​អាច​ប្រទេស​ណា​មួយ​រំលោភ​យក​បាន​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​ហ្វីលីពីន ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ លោក Marcos Jr បាន​លើកឡើង​អំពី​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង។ លោក​បាន​ទទូច​ជា​ចំហ​ថា ត្រូវ​នាំគ្នា​បើក​ចំហ​បេះដូង​ឱ្យ​ទូលាយ ដោយ​ត្រូវ​គោរព​ច្បាប់​ទម្លាប់​អន្តរជាតិ​ដោយ​មិន​ត្រូវ​គិត​ថា​ខ្លួន​ជា​ប្រទេស​ធំ ចង់​ឈ្លានពាន​គេ​បាន​ដូច​ចិត្ត​ដូច​ទង្វើ​មហិច្ឆតា​របស់​ខ្លួន​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា ហ្វីលីពីន​មិន​ចង់​ក្លាយ​ជា​សត្រូវ​នឹង​ប្រទេស​ណា​មួយ​ទេ គឺជា​ចង់​រាប់អាន​ទាំងអស់​គ្នា​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព និង​មិត្តភាព។

សារ​របស់​មេដឹកនាំ​ហ្វីលីពីន ទំនង​ចង់​សំដៅ​ទៅ​លើ​ប្រទេស​ចិន ដែល​ប្រទេស​ធំ​នេះ​កំពុង​ត្រូវ​បាន​ហ្វីលីពីន​ចោទ​ថា​មាន​មហិច្ឆតា​មិន​ចេះ​រីងស្ងួត ក្នុង​ការ​បំពាន​ដែនទឹក​ប្រទេស​ហ្វីលីពីន។ ក្រៅ​ពី​នេះ លោក Marcos Jr ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​ផលវិបាក​កើត​ចេញពី​សង្គ្រាម​រុស្ស៊ី វាយ​លើ​ប្រទេស​អ៊ុយក្រែន។

លោក​បាន​ទាមទារ​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ចប់​សង្គ្រាម ហើយ​ប្រទេស​ឈ្លានពាន​គេ​គួរតែ​បន្ថយ​ហិង្សា។ លោក Marcos Jr ក៏​បាន​វាយប្រហារ​របប​សឹក​នៅ​ភូមា​ផង​ដែរ។ លោក​ថា វិបត្តិ​នៅ​ភូមា​កំពុងតែ​ជះ​ផលវិបាក​ដល់​សន្តិសុខ និង​ប្រជាធិបតេយ្យ​តំបន់។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក បៃដិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ហ្វីលីពីន លោក Marcos Jr បាន​ហៅ​សហរដ្ឋ​អាមេរិក​ថា​ជា​ជើងឯក​នៃ​ការ​ការពារ​សេរីភាព​ប្រទេស​ទន់ខ្សោយ។ លោក​ថា អាមេរិក​ជា​ប្រទេស​ដែល​ខិតខំ​ជា​ខ្លាំង​ក្នុង​ការ​ដើរ​តួនាទី​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​នៃ​ការ​ជួយ​ការពារ​សន្តិភាព សណ្ដាប់ធ្នាប់​ពិភពលោក ជាពិសេស​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក Marcos Jr បញ្ជាក់​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​មិន​អាច​ខ្វះ​អាមេរិក​បាន​ឡើយ។ លោក Marcos Jr បន្ត​សង្ឃឹម​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​កាន់តែ​ក្លាយ​ជា​មិត្ត​របស់​ប្រទេស​ហ្វីលីពីន​រឹងមាំ​ថែម​ទៀត។

គេ​សង្កេត​ឃើញ​ទំនាក់ទំនង​ហ្វីលីពីន និង​អាមេរិក ធ្លាក់​ចុះ​បន្តិច​អំឡុង ៤​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក ឌូទើតេ ដែល​បុរស​ខ្លាំង​រូប​នេះ​ឱនក្បាល​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន ដោយសារ​ប្រាក់កម្ចី​ចិន​ពាន់​លាន​ដុល្លារ។

តែ ២​ឆ្នាំ​ចុងក្រោយ​នៅពេល​ចិន បំពាន​ដែនទឹក​របស់​ហ្វីលីពីន​យ៉ាង​ខ្លាំង លោក ឌូទើតេ ចាប់ផ្ដើម​កាត់បន្ថយ​យ៉ាង​លឿន​ភាព​ជា​អាយ៉ង​ចិន ហើយ​ស្រវា​ឱប​អាមេរិក​ឡើងវិញ​ដោយ​សម្រេច​ធ្វើ​ឱ្យ​សន្ធិសញ្ញា​យោធា​រួម​គ្នា​ឆ្នាំ​១៩៥១ រស់​ឡើងវិញ នាំ​ឱ្យ​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ដាក់​ពង្រាយ​នៅ​ដែនទឹក​ហ្វីលីពីន​ឡើងវិញ​ដែរ។

លោក ឌូទើតេ បាន​ហៅ​ចិន​ជា​មិត្ត​ជិត​ផ្ទះ​ដែល​មាន​មហិច្ឆតា​មិន​ស្កប់ស្កល់​ឡើយ។ សម្រាប់​លោក Marcos Jr បាន​ប្រាប់​ទៅ​ចិន​ថា ខ្លួន​គេ​ក៏​ជា​មិត្ត​នឹង​ចិន​ដែរ តែ​សូម​កុំ​ចាត់ទុក​លោក​ជា​អាយ៉ង។ លោក​ថា សម្រាប់​លោក​មិន​អាច​ធ្វើជា​អាយ៉ង​ចិន​បាន​ឡើយ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ ប្រកាស​ថា ដែន​កោះ​ហ្វីលីពីន អាច​នឹង​ក្លាយ​ជា​ទីតាំង​ឈរជើង​របស់​កង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក បើ​កោះ​តៃវ៉ាន់​ធ្លាក់​ក្នុង​សង្គ្រាម​ចិន​ឈ្លានពាន ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​អន្តរាគមន៍​ជួយ​ដែន​កោះ​នេះ៕