31 C
Phnom Penh

លោក ហ៊ុន សែន៖ កម្ពុជា​រួច​ផុត​ពី​ការ​សម្លាប់​នៃ​របប ប៉ុល ពត ដោយសារ​វៀតណាម​ជួយ​ជ្រោមជ្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា អស់​រយៈពេល ៤៣​ឆ្នាំ​ហើយ​ដែល​កម្ពុជា​បាន​រួច​ពី​ការ​ស្លាប់​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​កងទ័ព​នៃ​ប្រទេស​វៀតណាម។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres អំឡុង​ពេល​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ភាព​ជោគជ័យ​នៃ​តុលាការ​ខ្មែរក្រហម​ដែល​ជា​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​នៅ​ពេលនេះ គឺ​តុលាការ​កូនកាត់​មួយ​នេះ​បាន​ប្រកាស​សាលក្រម​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ហើយ​នៅ​ពេលនេះ។

បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ បញ្ជាក់​ថា លោក​បាន​រង់ចាំ​អស់​រយៈពេល ៤៣​ឆ្នាំ​ហើយ​សម្រាប់​ការ​ស្វែងរក​យុត្តិធម៌​លើ​សំណុំរឿង​ខ្មែរក្រហម​នេះ។ លោក​បន្ត​ថា ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​ខ្មែរ​នេះ គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍​កើតឡើង​សាជាថ្មី​ម្តង​ទៀត​នៅ​កម្ពុជា។

ទោះជា​បែបនេះ​ក្តី អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា ការ​លើកឡើង​នេះ គឺជា​ការ​បិទ​បាំង​ឧក្រិដ្ឋកម្ម​យ៉ាង​ធំ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២​សែន​នាក់ ដែល​បាន​ស្លាប់​ក្នុង​ផែនការ «ក​៥» ដែល​លោក ហ៊ុន សែន បាន​ទទួល​ផែនការ​ពី​វៀតណាម​មក​អនុវត្ត ហើយ​ឧក្រិដ្ឋកម្ម​មួយ​នេះ​គឺជា​រឿង​ធំ​មួយ​ដែល​កម្ពុជា​ត្រូវតែ​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ផែនការ​របស់​វៀតណាម​នោះ។

លោក​បន្ថែម​ថា លោក ហ៊ុន សែន ក៏​បាន​ជួយ​បិទ​បាំង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ ប៉ុល ពត ដែល​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង​ចារកម្ម​របស់​វៀតណាម ដែល​បាន​បង្កប់​ខ្លួន​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​នា​សម័យ​នោះ​ផង​ដែរ។

លោក គឹម សុខ អះអាង​ថា អាថ៌កំបាំង​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន លាក់​បាំង​រហូត​ដល់​សព្វថ្ងៃ​នេះ តើ​មាន​ឧក្រិដ្ឋកម្ម​នៃ​សម័យ ប៉ុល ពត មាន​ជាប់​ពាក់ព័ន្ធ​នឹង​បរទេស​ណា​ខ្លះ​ដែល​កម្ពុជា​ត្រូវ​ស្រាវជ្រាវ ដើម្បី​ឲ្យ​ពួកគេ​មក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ? ប៉ុន្តែ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​បិទ​ចោល​នូវ​ការ​ស្រាវជ្រាវ​នេះ​ទាំងស្រុង។

លោ គឹម សុខ លើកឡើង​ថា ដើម្បី​ឲ្យ​ជាក់ច្បាស់​ថា​វៀតណាម​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យ​ពូជសាសន៍​មែន​ឬ​មិនមែន​នោះ លុះត្រាតែ​កម្ពុជា​ហ៊ាន​ប្រគល់​សំណុំរឿង​នេះ​ទៅ​ឲ្យ​តុលាការ​អន្តរជាតិ​ជា​អ្នក​ស៊ើបអង្កេត និង​កាត់ទោស​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​បរទេស​ជិតខាង​ដែល​បាន​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​ផង​ដែរ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ ត្រូវ​លោក ហ៊ុន សែន ព្យាយាម​ជំទាស់​ដាច់អហង្ការ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​អនុវត្ត​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទេ ហើយ​នៅតែ​បន្ត​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​វៀតណាម​ទៀត​នោះ គឺ​ក្រុម​របស់​លោក ហ៊ុន សែន នេះ​តែម្តង​ដែល​កំពុង​នាំ​កម្ពុជា​ឲ្យ​ប្រឈម​នឹង​វិនាសកម្ម​ជា​ថ្មី​ម្តង​ទៀត ដែល​ជា​វិនាសកម្ម​នឹង​ធ្វើ​ឲ្យ​បាត់បង់​ពូជសាសន៍​ខ្មែរ​ទៅ​ថ្ងៃ​មុខ​ដែល​មិន​អាច​ស្រោចស្រង់​បាន។

លោក គឹម សុខ គូស​បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​របប​ពិឃាត​វិលត្រឡប់​មកវិញ រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​អនុវត្ត​តែ ២​ចំណុច​ប៉ុណ្ណោះ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ គឺ​ទី​១ ត្រូវ​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ទី​២ ប្រសិនបើ​មាន​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា រដ្ឋាភិបាល​ខ្មែរ​គ្រាន់តែ​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គភាព​មាន​សមត្ថកិច្ច​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ដោះស្រាយ​នោះ គឺ​អាច​ធានា​បាន​ពេញលេញ​ថា​កម្ពុជា​នឹង​គ្មាន​របប​ខ្មៅ​ងងឹត​នេះ​វិល​មកវិញ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស