29 C
Phnom Penh

ក្រុមហ៊ុន​ប្អូនប្រុស​អគ្គនាយករង CDC ទទួល​បាន​សិទ្ធិ​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​៥​ឆ្នាំ​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​ខាង​ការ​នាំចេញ​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ឈ្មោះ អង្គរ ផ្លាយវូត របស់​លោក ជា ពៅ បាន​ធ្វើការ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន ៤​ដង​ក្នុង ១​ខែ ក្រោយពី​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​រត់​ពន្ធ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន រយៈពេល ៥​ឆ្នាំ​បន្ត​ទៀត។

យោង​ទៅ​តាម​ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ដែល​បាន​បែកធ្លាយ ឲ្យ​ដឹង​ថា ក្រសួង​មួយ​នេះ​បាន​ចេញ​លិខិត​ពន្យារ​សុពលភាព​ក្នុង​ការ​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន អង្គរ ផ្លាយវូត តាមរយៈ​លិខិត​លេខ​១២២០ សជណ.កស ចុះ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត នាំចេញ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​រយៈពេល ៥​ឆ្នាំ​ទៀត ពោល​គឺ​ចាប់ពី​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ​២០២៦។ រដ្ឋាភិបាល​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត នាំចេញ​ឈើ​កែច្នៃ​ចំនួន​ជាង ១០​ម៉ឺន​ម៉ែត្រគូប (១០៣៧៦៣,១៥​ម៉ែត្រគូប) ថែម​ទៀត។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម ចុះ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​យល់ព្រម និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត នាំចេញ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៦​ផែ ក្នុង​នោះ​មាន​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ច្រក​អន្តរជាតិ​ត្រពាំងផ្លុង ផែស្ងួត​បុកសេង ផែស្ងួត​រ៉ូយ៉ាល់​រ៉េលវ៉េ (Royal Railway) និង​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ។

នៅ​ក្នុង​លិខិត​ទិញ​លក់​មួយ​របស់​ក្រុមហ៊ុន អង្គរ ផ្លាយវូត នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​លក់​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ TRUONG THINH IMPORT EXPORT C0., LTD ក្នុង​នោះ​មាន​ឈើ​ប្រភេទ​ស្រឡៅ កកោះ ផ្ចឹក សុក្រំ សរុប​ទឹកប្រាក់​ចំនួន ៥​សែន ១​ម៉ឺន​ដុល្លារ។ ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន ៤​ដង​ក្នុង ១​ខែ។

ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ឈើ​ចេញពី​បណ្ដា​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ក្នុង​ខេត្ត​ព្រះវិហារ ក្រុមហ៊ុន ស៊ីងបាយ អូថេច នៅ​ខេត្ត​ក្រចេះ ក្រុមហ៊ុន សៀ ម៉ុន នៅ​ខេត្ត​ស្ទឹងត្រែង ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ក្រុមហ៊ុន ណេង​ណា នៅ​ខេត្ត​មណ្ឌលគិរី ដែល​ក្រុមហ៊ុន​ទាំងនេះ​សុទ្ធសឹងតែ​មាន​ទីតាំង​នៅ​ជាប់​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។

ចំណែក​មេ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ ជា ពៅ ដែល​ជា​ប្រធាន​ក្រុមហ៊ុន ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំចេញ​ក្ដារ​បន្ទះ ក្ដារ​កម្រាល​ការ៉ូ និង​ឈើ​កែច្នៃ​ផ្សេងៗ​ទៀត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។

ក្រុមហ៊ុន​មួយ​នេះ​មាន​អ្នក​គ្រប់គ្រង​ចំនួន ៣​រូប គឺ​ទី​១ លោក ជា ពៅ ជា​ប្អូនប្រុស​បង្កើត​របស់​លោក ជា វុទ្ធី ទី​២ កញ្ញា ជា សាំងធីតា ជា​កូនស្រី​បង្កើត​របស់​លោក ជា វុទ្ធី ហើយ​ទី​៣ លោក លូ ឈូសឆាង ជា​ជនជាតិ​ចិន​តៃវ៉ាន់ និង​ជា​អតីត​ទីប្រឹក្សា​គម្រោង​រ៉េដ​បូក​នៅ​អាស៊ី ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមហ៊ុន ស៊ីងបាយ​អូថេច។ លោក ជា វុទ្ធី មាន​តួនាទី​ជា​អគ្គនាយករង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

រហូត​មក​ដល់​ពេលនេះ ក្រុមហ៊ុន អង្គរ ផ្លាយវូត បាន​ដំណើរការ​អាជីវកម្ម​ឈើ​របស់​ខ្លួន​អស់​រយៈពេល ៧​ឆ្នាំ​មក​ហើយ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​បងធំ​ទី​២ បន្ទាប់ពី​ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ដែល​ល្បី​ល្បាយ​ខាង​រកស៊ី​កាប់​ឈើ​លក់​ទៅ​ក្រៅ​ប្រទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស