មេដឹកនាំកម្ពុជាដែលសល់ពីរបបប្រល័យពូជសាសន៍ លោក ហ៊ុន សែន ប្ដេជ្ញារក្សាបន្តកិច្ចសហការជាមួយរដ្ឋាភិបាលគុយបា ទោះបីរដ្ឋាភិបាលនៃប្រទេសមួយនេះត្រូវបានមហាអំណាចសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរនាពេលកន្លងមកយ៉ាងណាក៏ដោយ។
មេដឹកនាំបក្សកាន់អំណាចដែលល្បីរន្ទឺខាងរំលោភសិទ្ធិមនុស្ស និងក្រាញអំណាចយូរជាងគេក្នុងលោករូបនេះ បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសគុយបា លោក Esteban Lazo Hernandez កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ដោយបានសរសើររដ្ឋាភិបាលគុយបា ដែលបន្តប្រឆាំងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដែលគុយបាចាត់ទុកថាជាទង្វើអយុត្តិធម៌សម្រាប់ខ្លួននោះ។
បុរសខ្លាំង លោក ហ៊ុន សែន អះអាងថា រយៈពេល ៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា មានលក្ខណៈស្ថិរភាព ជាពិសេសទំនាក់ទំនងនយោបាយការទូត បើទោះបីជាមានការផ្លាស់ប្ដូរនូវរបៀបរបបមួយចំនួន តែទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានស្ថិរភាពដូចមុនដដែល។
លោក ហ៊ុន សែន សង្ឃឹមថា តាមរយៈទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរទៅថ្ងៃមុខ ក្នុងនោះ លោក ហ៊ុន សែន ក៏បានផ្តល់អង្ករជាអំណោយដល់រដ្ឋាភិបាលគុយបា ចំនួន ៦ពាន់តោនផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញក្រោយខកខានទំនាក់ទំនងគ្នាអស់ជាច្រើនឆ្នាំកន្លងមក។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ កញ្ញា នេះថា ការធ្វើដំណើរទស្សនកិច្ចទៅប្រទេសគុយបា ស្របពេលអំណាចត្រកូល «ហ៊ុន» ជិតនឹងត្រូវបានផ្ទេរនៅពេលដ៏ខ្លីខាងមុខនេះ ទំនងជាលោក ហ៊ុន សែន ប្រឹងរឹតចំណងទំនាក់ទំនងមិត្តភាពជាមួយគុយបា ឱ្យកាន់តែរឹងមាំសម្រាប់ទុកឱ្យកូនប្រុសរបស់គាត់ ហើយក៏អាចជាការទៅជម្រាបលាមិត្តកុម្មុយនីស្តរបស់ខ្លួនមុននឹងលោក ហ៊ុន សែន ចុះចេញពីអំណាចផងដែរ។
លោក គឹម សុខ លើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន មានគោលបំណងមួយផ្សេងទៀតដែរ គឺដើម្បីសិក្សាពីបទពិសោធន៍របស់គុយបា ដែលមានប្រវត្តិផ្ទេរអំណាចតជំនាន់ដោយជោគជ័យរហូតមក បើទោះបីរដ្ឋាភិបាលកុម្មុយនីស្តមួយនេះត្រូវបានទទួលរងនូវទណ្ឌកម្មរបស់អាមេរិកក៏ដោយ។ ដូច្នេះ បទពិសោធន៍បែបនេះ គឺលោក ហ៊ុន សែន ពិតជាត្រូវការចាំបាច់ខ្លាំងណាស់ក្នុងស្ថានភាពរបស់គាត់ដែលកំពុងរងនូវទណ្ឌកម្មអាមេរិកដូចគ្នាសព្វថ្ងៃនេះ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ក្រៅពីហេតុផលខាងលើ ក៏នៅមានចំណុចសំខាន់បំផុតមួយដែរ គឺការនាំចៅស្រីរបស់គាត់ទៅទស្សនកិច្ចនៅគុយបា នៅពេលនេះ ទំនងជាលោក ហ៊ុន សែន អាចនឹងរឹតចំណងគ្រួសារ ហ៊ុន និងគ្រួសារមេដឹកនាំគុយបា តែម្តង ក្រៅពីចំណងមិត្តភាពរវាងប្រទេស និងប្រទេស។
លោកបន្តថា ការផ្តល់អង្ករ ៦ពាន់តោនក្នុងជំនួបនេះ ក៏ជាហេតុផលមួយដើម្បីបង្ហាញពីសមានចិត្តរបស់ខ្លួនទៅកាន់គ្រួសារមេដឹកនាំគុយបា ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។
កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសគុយបា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ មក ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងក្នុងលក្ខណៈធម្មតារហូតដល់ខែកញ្ញា ឆ្នាំ១៩៩៩ លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា ម្តង ប៉ុន្តែក្រោយអាក់ខានអស់រយៈពេលជាង ២០ឆ្នាំមកនេះ គឺជាលើកទីមួយហើយដែលលោក ហ៊ុន សែន បានទៅទស្សនកិច្ចនៅប្រទេសគុយបា ម្តងទៀតនៅពេលនេះ៕