នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ជួប​ជាមួយ​លោក ង្វៀន ស៊ួនហ្វុក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នា​ប្រទេស​ជប៉ុន ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២។

ព័ត៌មានជាតិ

បុរស​ខ្លាំង​កម្ពុជា​យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​បន្ត​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​ចប់

By ឌឹ ខេមបូឌា ដេលី

September 28, 2022

បុរស​ខ្លាំង លោក ហ៊ុន សែន យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទាំងមូល​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ជា​តំបន់​ព្រំដែន​សន្តិភាព​ពេញលេញ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ប្រាប់​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក នូវ​លទ្ធផល​ផ្លែផ្កា​អំពី​កិច្ចការ​ជាច្រើន​ដែល​បាន​ធ្វើ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម គឺ​លោក ផាម មិញជីញ លើ​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ក្នុង​តំបន់ និង​អន្តរជាតិ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ដូច​គ្នា​ទៅវិញ​ទៅមក។

លោក ហ៊ុន សែន អះអាង​ថា ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បញ្ញាញាណ​នៃ​ការ​ដឹកនាំ​របស់​លោក ដែល​បាន​ស្ដារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន បាន​រាយការណ៍​ទៅ​កាន់​លោក ង្វៀន ស៊ួនហ្វុក ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ព្រឹក​អំឡុង​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​នៅ​ពេល​ជួប​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម​ម្តងៗ មិន​ដែល​មាន​ប្រវត្តិ​នាំ​អានុភាព​ឱ្យ​ជូន​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ គឺ​មាន​តែ​ទម្លាក់​កិត្យានុភាព​ជាតិ​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល លើកឡើង​ថា ក្រៅពី​ការ​គោរព​កោតខ្លាច​វៀតណាម រដ្ឋាភិបាល​មួយ​នេះ​ក៏​បាន​ផ្តល់​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​ទាំង​បំពាន​ច្បាប់​ថែម​ទៀត។ លើស​ពី​នេះ ក៏​បាន​គាបសង្កត់​ប្រជាជន​ខ្មែរ​ឲ្យ​ទទួលយក​នូវ​ការ​សម្រេច​របស់​ខ្លួន ដែល​មិន​យុត្តិធម៌​ថែម​ទៀត ដូចជា​ប្រើ​អំណាច​ចាប់​បង្ខំ​ឱ្យ​ទទួលយក​ការ​បោះ​បង្គោល​ព្រំដែន​ដោយ​ឯក​បក្ស​នៅ​ពេលនេះ​ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​វៀតណាម កម្ពុជា​តែង​ធ្វើ​រឿង​អយុត្តិធម៌​ចំពោះ​ជាតិ​ខ្លួន​ជានិច្ច ដូចជា​ការ​រំលោភ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែល​បាន​ចែង​អំពី​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​កម្ពុជា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម ដែល​បើក​ផ្លូវ​ឱ្យ​សន្ធិសញ្ញា​នានា​ដែល​ត្រូវ​បាន​ធ្វើ​មោឃភាព​កាលពី​ឆ្នាំ​១៩៩៣ ឱ្យ​រស់​ឡើងវិញ​ក្រោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជាដើម។

លោក​បន្ថែម​ថា អ្នក​ទទួល​ខុសត្រូវ​ធំ​បំផុត​ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​អយុត្តិធម៌​ចំពោះ​ជាតិ​ខ្មែរ​នេះ គ្មាន​អ្នក​ណា​ផ្សេង​ក្រៅពី​មេដឹកនាំ​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ឡើយ។

កម្ពុជា-វៀតណាម មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​កំណត់​ព្រំដែន​សរុប​បាន​ចំនួន ៣១៤​បង្គោល ដែល​ស្មើ​នឹង ៨៤% រួច​រាល់​ហើយ ខណៈ ១៦% ទៀត​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ៕