24.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​លោក​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មិនមែន​ជា​រឿង​ចម្លែក​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ន​របស់​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា អះអាង​ថា នៅ​លើ​ពិភពលោក​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​កូនចៅ​របស់​អ្នក​នយោបាយ​បាន​ទទួលយក​អាជីព​ជា​អ្នក​នយោបាយ​បន្ត​ពី​គ្រួសារ។

នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច បាន​បញ្ចេញ​វីដេអូ​បកស្រាយ​ ជុំវិញ​ការ​រិះគន់​ថា មនុស្ស​ដែល​នៅ​ក្នុង​វង្ស​ត្រកូល​អ្នក​នយោបាយ​ចាប់​អាជីព​ជា​អ្នក​នយោបាយ រហូត​ពួកគេ​អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី ជា​នាយករដ្ឋមន្ត្រី ឬ​ជា​សមាជិក​សភា ឬ​កាន់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា មិនមែន​ជា​រឿង​ខុស​នោះ​ទេ ឱ្យ​តែ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​ឱ្យ​បាន​ត្រឹមត្រូវ។

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ លើកឡើង​ថា អ្នកវិភាគ​បែប​ស៊ី​អារម្មណ៍​គ្រាន់តែ​ស្វែងរក​ទិន្នន័យ​ដែល​ពួកគេ​ចង់​បាន ដើម្បី​គាំទ្រ​អារម្មណ៍​របស់​គេ​ប៉ុណ្ណោះ ជាពិសេស​នៅ​ពេល​ពួកគេ​មិន​ពេញចិត្ត​នឹង​រូបលោក​ដែល​ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ពេល​នោះ​គេ​បាន​ព្យាយាម​រក​ព័ត៌មាន​ណា​ដែល​ចំណេញ​ក្នុង​ការ​វិភាគ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទុក​មុន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ជុំវិញ​ការ​ប្រកាស​គាំទ្រ​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​បន្ត​ពី​ឪពុក​របស់​លោក។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​លោក​សេរី ឬ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​ដឹកនាំ​នយោបាយ​របស់​ប្រទេស​មួយ​ចំនួន​តាម​បែប​កុម្មុយនីស្ត ដែល​ដឹកនាំ​តាម​បែប​គ្រួសារ​និយម ដែល​តម្រូវ​ឱ្យ​មាន​អ្នក​បន្ត​វេន​របស់​ខ្លួន។ លោក សេក សុជាតិ បន្ត​ថា ប្រទេស​ជាតិ​មិនមែន​ជា​របស់​ផ្ដាច់​មុខ​នៃ​គ្រួសារ ឬ​មេដឹកនាំ​ណា​ម្នាក់​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ការ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្ត​វេន​ដឹកនាំ​អំណាច​នេះ គឺ​ពិត​ជា​សំខាន់​ណាស់ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស ថា​តើ​ពួកគាត់​ចង់​បាន​មេដឹកនាំ​ប្រទេស​ដែល​មាន​សមត្ថភាព និង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​របស់​ពួកគាត់ និង​សង្គម​ជាតិ​ដែរ​ឬ​អត់​ប៉ុណ្ណោះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​ដឹកនាំ​នយោបាយ​បន្ត​វេន​របស់​បក្ស​កាន់​អំណាច មិនមែន​ជា​រឿង​របស់​ប្រទេស​ជាតិ​ទេ ហើយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច ក៏​មិនមែន​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ជាតិ​នោះ​ដែរ ដូច្នេះ​ការ​ចោទប្រកាន់​នានា​ជុំវិញ​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្រាន់តែ​ជា​រឿង​ផ្ទៃក្នុង​របស់​គ្រួសារ​អ្នក​កាន់​អំណាច និង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​ប្រកាស​គាំទ្រ​ឱ្យ​ធ្វើ​ជា​អ្នក​ស្នង​មរតក​អំណាច​ពី​ខ្លួន កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ប៉ុន្តែ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អនាគត​របស់​អាស៊ី​ថា អ្នក​ដទៃ​គេ​ចង់​ឱ្យ​កូន​គេ​រកស៊ី​មាន​បាន និង​មាន​ការងារ​ល្អ ចំណែក​លោក​ក៏ដូចជា​អ្នក​ទាំងនោះ​ដែរ បើ​ពួកគេ​ចង់​ឱ្យ​កូន​ខ្លួនឯង​មាន​ការងារ​ធ្វើ​ល្អ ហេតុ​អ្វី​លោក​គ្មាន​សិទ្ធិ​ជ្រោមជ្រែង​ឱ្យ​កូន​របស់​លោក​កាន់​កិច្ចការ​ធំ និង​រកស៊ី​មាន​បាន​ដូច​គេ​ដែរ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស