41.3 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​ព្រមាន​បណ្តា​ខេត្ត​ភាគ​ពាយព្យ​ចំនួន​៨​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ណូរុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្រមាន​បណ្តា​ខេត្ត​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ចំនួន​៨ ឱ្យ​ប្រុងប្រយ័ត្ន​ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ដោយសារតែ​ឥទ្ធិពល​ព្យុះ និង​សម្ពាធ​ទាប ខណៈ​ស្រុក​ចំនួន​៩ នៃ​ខេត្ត​សៀមរាប កំពុង​រង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ៨​ពាន់​គ្រួសារ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​ស្រូប​នៃ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូរុ (NORU) ដែល​កើត​នៅ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​ធ្វើ​ឱ្យ​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ហួស​កម្រិត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ប្រភព​ដដែល​អះអាង​ថា ព្យុះ​ណូរុ​នឹង​វិវឌ្ឍ​ទៅ​ជា​ព្យុះ​ទីហ្វុង ហើយ​ព្យុះ​នេះ​នឹង​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម និង​អាង​ទន្លេមេគង្គ ប្រទេស​ឡាវ និង​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ ទទួល​រង​នូវ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស បូក​ផ្សំ​នឹង​បរិមាណ​ទឹកភ្លៀង​ដែល​ហូរ​មកពី​ប្រទេស​ថៃ​បន្ថែម​ទៀត អាច​បង្ក​ឱ្យ​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​ផ្លូវទឹក​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំងនោះ​ប្រឈម​នឹង​ទឹក​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ជាក់​ថា ចំណែក​បណ្ដា​ខេត្ត​ដទៃ​ទៀត និង​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លើកលែងតែ​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ ដូចជា​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ខណៈ​ផ្ទៃសមុទ្រ​ក៏​នឹង​មាន​ភ្លៀង​ច្រើន ហើយ​ខ្យល់​នឹង​បោកបក់​ខ្លាំង​មាន​រលក​សមុទ្រ​ខ្ពស់ៗ។ ជាង​នេះ​ទៀត ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន​ផង​ដែរ​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ ដែល​អាច​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​មាន​ការ​ងើប​កើនឡើង​វិញ​ជាបន្តបន្ទាប់។

ការ​ព្រមាន​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ដែល​នឹង​រង​ឥទ្ធិពល​នៃ​ព្យុះ​ណូរុ ប្រុងប្រយ័ត្ន​ដើម្បី​ត្រៀម​ខ្លួន​គេច​ចេញពី​ទឹកជំនន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឱ្យ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​នៃ​ប្រទេស​មាន​ដូចជា ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ធំ ជាដើម កំពុង​ជួប​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​សង្ខេប​ស្ដីពី​វឌ្ឍនភាព​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពី​រដ្ឋបាល​ខេត្ត​សៀមរាប បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ កញ្ញា ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​សៀមរាប បាន​កើតឡើង​នៅ​ក្នុង​ស្រុក​ចំនួន​៩ ដែល​ហូរ​ចុះ​ពី​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៨​ពាន់​គ្រួសារ (៨៤៤៤​គ្រួសារ) ដែល​រស់នៅ​ក្នុង​ចំនួន ២៤៥​ភូមិ​នៃ​ឃុំ​ចំនួន​៥៦ នៃ​ស្រុក​ទាំង​៩ នោះ កំពុង​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​នេះ។ ស្រុក​ដែល​កំពុង​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​នោះ​មាន​ស្រុក​ស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម ប្រាសាទបាគង និង​អង្គរធំ។

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី អះអាង​ថា ពលរដ្ឋ​ចំនួន ១៥៧​គ្រួសារ និង​ដំណាំ​ស្រូវ​ជាង ២៥៦៣​ហិកតារ ស្ថិត​ក្នុង​ឃុំ​ចំនួន​៤ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ កំពុង​រង​នូវ​ទឹក​ជន់​លិច​ហើយ​នៅ​ពេលនេះ។

ដោយឡែក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ផ្អាក​ចរាចរណ៍​ទាំងស្រុង​ជា​បណ្ដោះអាសន្ន​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៩ ចាប់ពី​គីឡូម៉ែត្រ​លេខ​៥៦០ ដល់​គីឡូម៉ែត្រ​លេខ​៥៦១ ផង​ដែរ។

រីឯ​ខេត្ត​កំពង់ធំ ក៏​បាន​ប្រកាស​បិទ​កំណាត់​ផ្លូវ​ចំនួន ៣​ខ្សែ​ជា​បណ្ដោះអាសន្ន​ដែរ សម្រាប់​រថយន្ត​ធុន​ធ្ងន់ រួម​មាន​ផ្លូវ​ខេត្ត​លេខ​២៦៤D ផ្លូវ​ខេត្ត​លេខ​២៦៤G និង​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គីឡូម៉ែត្រ​លេខ​២២០ ដល់​គីឡូម៉ែត្រ​លេខ​២២៤ ក្នុង​ស្ថិត​ក្នុង​ស្រុក​ស្ទោង ដូច​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ និង​សាធារណជន បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​ហក់​ឡើង​ដោយសារ​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ ដែល​អាច​នឹង​បង្ក​ទៅជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស