34 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ខណៈ​ទឹកស្ទឹង​ព្រែកត្នោត​ហក់​ឡើង​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ដោយសារ​ទឹកស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​មាន​ការ​លិចលង់​តំបន់​ខ្លះ ខណៈ​ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​បន្ទាប់ពី​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ណូរុ «NORU»។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​ទឹក​ផ្នែក​ខាងលើ​នៃ​ដងស្ទឹង​ព្រែកត្នោត ហក់​ឡើង​លឿន។

អាជ្ញាធរ​បញ្ជាក់​ថា ការ​ហក់​ឡើង​ទឹកស្ទឹង​ព្រែកត្នោត​នេះ បាន​ធ្វើ​ឲ្យ​ខ្សែទឹក​ខាងក្រោម​មាន​ការ​លិចលង់​នៅ​តាម​តំបន់​ខ្លះ​ជាយថាហេតុ ហើយ​ផ្នែក​ខ្លះ​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម សត្វ​ចិញ្ចឹម ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ផង​ដែរ។

អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ និង​តំបន់​ទំនាប​នានា​ផ្នែក​ខាងក្រោម​នៃ​ទ្វារ​ទឹក​រលាំងជ្រៃ ស្រប​តាម​បណ្ដោយ​ដងស្ទឹង​ព្រៃត្នោត ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទីទួល​សុវត្ថិភាព​ដែល​នៅ​ជិត។ ក្រៅពី​អំពាវនាវ​ហើយ អាជ្ញាធរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ស្រុក និង​ខេត្ត​ជាបន្ទាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​លទ្ធភាព​ចាត់​វិធានការ​ដោះស្រាយ ការពារ និង​ជួយ​បាន​ទាន់​ពេលវេលា។

ថ្មីៗ​នេះ ក្រសួង​ធនធាន​ទឹក បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​អំពាវនាវ​ដល់​អាជ្ញាធរ និង​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​កើនឡើង ខណៈ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ ដោយសារ​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ណូរុ «NORU» ដែល​នឹង​វិវឌ្ឍ​ទៅ​ជា​ព្យុះ​ទីហ្វុង ចាប់ពី​ថ្ងៃទី​២៧-៣០ ខែ​កញ្ញា នេះ។

ក្រសួង​បញ្ជាក់​ថា ខេត្ត​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង និង​ជំនន់​ដោយ​បរិមាណ​ទឹក​ហួស​កម្រិត ក្នុង​នោះ​មាន​ខេត្ត​ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ជាដើម។ ចំពោះ​បណ្ដា​ខេត្ត​ដទៃ​ទៀត និង​រាជធានី​ភ្នំពេញ ថា​ក៏​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លើកលែងតែ​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ រួម​មាន​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។

ចំណែក​នៅ​លើ​ផ្ទៃសមុទ្រ​វិញ ក្រសួង​ថា​ក៏​នឹង​មាន​ភ្លៀង​ច្រើន ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ ដែល​អាច​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​មាន​ការ​ងើប​កើន​ឡើង​វិញ​ជា​បន្តបន្ទាប់។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាលពី​ថ្ងៃទី​២៧ កញ្ញា ឲ្យ​ដឹង​ថា ចាប់ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា អ្នក​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​កើន​ដល់​ជាង ១០​នាក់​ហើយ ដោយ​ភាគច្រើន​ជា​កុមារ ខណៈ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជន់​លិច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស