លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ «វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦» ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២។

ព័ត៌មានជាតិ

លោក ហ៊ុន សែន អះអាង​ថា​អំពើ​ជួញដូរ​មនុស្ស​មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ

By ឌឹ ខេមបូឌា ដេលី

September 30, 2022

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា អំពើ​ជួញដូរ​មនុស្ស​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​នោះ​ទេ ហើយ​រដ្ឋាភិបាល​កំពុង​រួម​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ខណៈ​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ជួញដូរ​មនុស្ស និង​ការ​សម្អាត​ប្រាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ ក្រោម​ប្រធានបទ «សូម​កុំ​យក​កម្ពុជា​ធ្វើជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស» នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ទោះបី​បច្ចុប្បន្ន​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​ក៏​កំពុង​រួម​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​សព្វថ្ងៃ​នេះ។

បុរស​ខ្លាំង​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​ចាត់​ថ្នាក់​កម្ពុជា​ចូល​ក្នុង​ក្រុម​ប្រទេស​នៃ​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ទេ នោះ​កម្ពុជា​អាច​នឹង​ត្រូវ​គេ​បកស្រាយ​ទៅ​ជា​រឿង​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ការ​កាត់បន្ថយ​ការ​ជួញដូរ​មនុស្ស និង​បង្កើន​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​នៅ​ពេលនេះ។

លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​សកម្មភាព​បង្ក្រាប​ទៅ​លើ​ជន​ប្រព្រឹត្តិ​បទល្មើស​ដែល​នាំ​ទៅ​ដល់​ការ​ជួញដូរ​មនុស្ស ហើយ​ត្រូវ​ស្រាវជ្រាវ​យក​ជន​ប្រព្រឹត្តិ​បទល្មើស​នៃ​ការ​ជួញដូរ​មនុស្ស​ទាំងនោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យខាងតែ​បាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុងតែ​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​ជា​កន្លែង​លាង​លុយ​កខ្វក់​យ៉ាង​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា ក្នុង​បញ្ជី​តាមដាន​របស់​ក្រសួង​លើ​អំពើ​ជួញដូរ​មនុស្ស និង​ការ​សម្អាត​ប្រាក់​ជាដើម គិត​ត្រឹម​សប្តាហ៍​ទី​៤ នៃ​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ បាន​កើនឡើង​ដល់​ជិត ៤០០​ករណី​ហើយ ខណៈ​ការ​ស្រាវជ្រាវ​ទើប​តែ​អនុវត្ត​បាន​ជិត ២០០​ករណី​ប៉ុណ្ណោះ។

លោក ខៀវ សុភ័គ អះអាង​ថា សំណើ​ក្នុង​បញ្ជី​តាមដាន​របស់​ក្រសួង​សរុប​មាន​ចំនួន ៣៦៨​ករណី​ដែល​មាន​ជនរងគ្រោះ​ចំនួន ៨៨៧​នាក់ និង​ចំនួន ១១​សញ្ជាតិ ខណៈ​ការ​ស្រាវជ្រាវ​បឋម​អនុវត្ត​បាន ១៧៨​សំណើ ដោយ​រក​ឃើញ​ជនរងគ្រោះ ៣៦១​នាក់ និង​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន ៥៣​នាក់ និង​ឈាន​ទៅ​ដល់​ការ​បិទ​ក្រុមហ៊ុន ១​ទីតាំង ព្រមទាំង​ស៊ើបអង្កេត​លើ​ទីតាំង​ចំនួន​៥ បន្ថែម​ទៀត។

ប្រភព​ដដែល​អះអាង​ថា រយៈពេល ២៤​ម៉ោង កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ទទួល​សំណើ ៣៤​ករណី​បន្ថែម​ទៀត​ដែល​មាន​ជនរងគ្រោះ ៩៤​នាក់ ៦​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន ៣៨​នាក់ ជនជាតិ​ម៉ាឡេស៊ី ៩​នាក់ ជនជាតិ​ឥណ្ឌា ៦​នាក់ ជនជាតិ​បង់ក្លាដេស ១​នាក់ ជនជាតិ​ចិន ៣៧​នាក់ និង​ចិន​តៃវ៉ាន់ ២​នាក់​ផង​ដែរ។

បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​គេ​ដឹង​ថា​ជា​មជ្ឈមណ្ឌល​នៃ​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​ទីតាំង​បនល្បែង​ខុស​ច្បាប់​មួយ​កន្លែង​ឈ្មោះ ជីងឆាយ តិចណូឡូជី បាន​ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ​ដើម្បី​បន្ត​ស៊ើបអង្កេត​ពី​បទល្មើស​សម្អាត​ប្រាក់​ផង​ដែរ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ ដែល​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ៕