កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ដំណោះស្រាយ​នា​ពេល​កន្លងមក។

ព័ត៌មានជាតិ

អង្គការ​សមាគម​ជិត​២០​ស្ថាប័ន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

By ឌឹ ខេមបូឌា ដេលី

September 30, 2022

អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បន្ទាប់ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅតែ​គ្មាន​ចំណាត់ការ​ណា​មួយ​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ។

សហព័ន្ធ​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ចំនួន ១៧​ស្ថាប័ន បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រោម​ប្រធានបទ «គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍» ថា គោលបំណង​នៃ​ការ​ធ្វើ​សន្និសីទ​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​តាមដាន និង​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៩​ខែ​មក​នេះ។

អង្គការ​សមាគម​ទាំងនោះ​លើកឡើង​ថា បើ​ទោះបីជា​កម្មករ​និយោជិត​មិន​ត្រូវ​បាន​ទទួល​ការ​យកចិត្ត​ទុកដាក់​រក​ដំណោះស្រាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ការ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​គាំទ្រ​ការ​រក្សា​ជំហរ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ជានិច្ច។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ដោយ​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ ព្រមទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង មិន​បាន​ចេញ​មុខ​ជួយ​រក​ដំណោះស្រាយ​រហូត​មក។

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន រួម​មាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​ជំហរ​គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បាន​ផ្តល់​សំណង​ទៅ​តាម​ច្បាប់​ការងារ​នោះ​ទេ ដែល​ជា​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម នៅតែ​គ្មាន​ចំណាត់ការ​លើ​ករណី​នេះ​រហូត​មក។

ដោយសារតែ​បញ្ហា​នេះ ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​លើ​ករណី​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​ត្រូវ​អូស​បន្លាយ​រហូត​មក​ទល់​ពេលនេះ។

យ៉ាងណាក៏ដោយ ក៏​មាន​ការ​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើនលើក​ច្រើនសា​ផង​ដែរ ក៏ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​ដដែល ខណៈ​អាជ្ញាធរ​នៅតែ​បន្ត​បង្ក្រាប​ទៅ​លើ​ក្រុម​កូដករ​ជាប់​ជានិច្ច នៅ​ពេល​ដែល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ។

កាលពី​ថ្ងៃទី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​ចេញ​តវ៉ា​ដោយ​បាន​នាំគ្នា​ដាក់​ចង្ក្រាន ចាន​ឆ្នាំង ព្រមទាំង​កន្ទេល មុង ភួយ និង​យក​តង់​ទៅ​បោះ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថែម​ទៀត ប៉ុន្តែ​ត្រូវ​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​មាន​អ្នក​ខ្លះ​ត្រូវ​សន្លប់ និង​បាក់​ធ្មេញ​ថែម​ទៀត៕