38 C
Phnom Penh

តុលាការ​ខេត្ត​រតនគិរី​កោះហៅ​សកម្មជន​ព្រៃឈើ ឆន ផល្លា ចូល​សវនាការ​ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​រតនគិរី កោះហៅ​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៣ ខែ​តុលា ខាងមុខ​នេះ ក្រោម​បទ​ចោទប្រកាន់ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»

ក្នុង​លិខិត​ដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ភក្ដី ចុះ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ កោះហៅ​លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ចូលរួម​សវនាការ​នៅ​វេលា​ម៉ោង ៩​ព្រឹក​នា​ថ្ងៃទី​១៣ ខែ​តុលា។

លិខិត​ដដែល​ឲ្យ​ដឹង​ថា ការ​កោះហៅ​នេះ​ដើម្បី​ឲ្យ​ចូលរួម​សវនាការ​ករណី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សមុត្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២០។

បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​តុលាការ​កោះ​មេធាវី​ឲ្យ​ចូលរួម​សវនាការ​នេះ ជា​បណ្ដឹង​ដែល​តុលាការ​ប្ដឹង​បក​ទៅ​លោក ឆន ផល្លា វិញ​ក្រោយពី​សកម្មជន​ព្រៃឈើ​រូប​នេះ​បាន​យក​បណ្ដឹង​មួយ​ទៅ​ដាក់​នៅ​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ។

បណ្ដឹង​ដែល​លោក ឆន ផល្លា ដាក់​ទៅ​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ជា​បណ្ដឹង​តវ៉ា​នឹង​ដីកា​តម្កល់​ឥត​ចាត់ការ​លេខ​១៧៩ អ.យ.ង/២១ ចុះ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី។

ចំពោះ​បណ្ដឹង​ដែល​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ប្ដឹង​តវ៉ា​នេះ សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​កោះ​ឲ្យ​សកម្មជន​ព្រៃឈើ​រូប​នេះ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៤ ខែ​តុលា ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​ពី​បទ «កាប់​គាស់ រុករាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ» ហើយ​លោក ឆន ផល្លា បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍។

ក្រោយពី​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី សកម្មជន​ព្រៃឈើ​រូប​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់ ដើម្បី​ស្វែងរក​យុត្តិធម៌។ នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​សាលដីកា​ដោយ​ច្រានចោល​សេចក្ដី​សម្រេច​នេះ ហើយ​សម្រេច​ឱ្យ​លោក ឆន ផល្លា រួច​ទោស​ក្នុង​សំណុំរឿង​នេះ ប៉ុន្តែ​សកម្មជន​ព្រៃឈើ​រូប​នេះ​នៅ​ជាប់​បណ្ដឹង​មួយ​ករណី​ទៀត​ពី​បទ «ផ្ដើម​គំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ»។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា កន្លងទៅ ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​ថា ការ​កាត់ទោស​លោក ឆន ផល្លា ឱ្យ​ជាប់​ពន្ធនាគារ គឺ​ធ្វើឡើង​បន្ទាប់ពី​លោក​មិន​ព្រម​ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​មន្ត្រី ៧​រូប​ដែល​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ដីធ្លី។

អង្គការ​សហប្រជាជាតិ​ចាត់ទុក​រឿង​ក្ដី​លោក ឆន ផល្លា ជា​ការ​បំភិតបំភ័យ​លើ​ជនជាតិ​ដើម​ភាគតិច និង​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​បណ្ដឹង​នេះ​ជា​ការ​សងសឹក​ដោយ​ផ្ទាល់​ចំពោះ​សកម្មភាព​ស្រប​ច្បាប់ និង​សន្តិភាព​របស់​សកម្មជន​ព្រៃឈើ​ក្នុង​ការ​ការពារ​ព្រៃ​សហគមន៍​របស់​ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស