ទីក្រុងញីវយ៉ក នៅថ្ងៃសុក្រ ទី៣០ កញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតមិនទទួលស្គាល់ការធ្វើប្រជាមតិរបស់រុស្ស៊ី យកទឹកដីអ៊ុយក្រែន នោះទេ។
សារព័ត៌មានអ៊ីស្រាអែល Jerusaleum Post បានចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា នេះបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នាជាបន្ទាន់តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសអាល់បានី ដើម្បីបោះឆ្នោតលើសេចក្ដីសម្រេចមួយប្រកាសមិនទទួលស្គាល់ដែនដីទាំងឡាយណាដែលរុស្ស៊ី ដណ្ដើមយកពីអ៊ុយក្រែន តាមរយៈការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ កញ្ញា។
ប្រភពដដែលឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខទាំងសមាជិកអចិន្ត្រៃយ៍ ៥ប្រទេស និងសមាជិកមិនអចិន្ត្រៃយ៍ ១០ប្រទេស ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិក និងប្រទេសអាល់បានី និងធ្វើសេចក្ដីសម្រេចថា តើត្រូវច្រានចោលលទ្ធផលការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី ឬយ៉ាងណា។
នៅក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍នេះ ក៏មានខ្លឹមសារអំពីការថ្កោលទោសរដ្ឋាភិបាលទីក្រុងមូស្គូ ដែលធ្វើការបោះឆ្នោតប្រជាមតិដើម្បីច្បាមយកទឹកដីនៃប្រទេសអ៊ុយក្រែន នៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។
យ៉ាងណា គេមិនអាចដឹងច្បាស់ថា តើសេចក្ដីថ្លែងការណ៍នេះទទួលបានការយល់ព្រមដោយមតិឯកច្ឆន្ទទាំងស្រុង ឬដូចម្ដេចនោះទេ ដែលកន្លងមក រុស្ស៊ីខ្លួនគេផ្ទាល់ជាសមាជិកអចិន្ត្រៃយ៍មានសិទ្ធិក្នុងការបោះឆ្នោតវេតូ ហើយរាំងខ្ទប់សេចក្ដីសម្រេចរបស់ស្ថាប័នដ៏កំពូលនៃអង្គការសហប្រជាជាតិមួយនេះ។
ចំណែកឯចិន តែងតែបោះឆ្នោតអនុប្បវាទ ឬក៏បោះឆ្នោតវេតូដូចនឹងរុស្ស៊ីផងដែរ។ ដូច្នេះ គេអាចពុំដឹងថា តើសេចក្ដីថ្លែងការណ៍ដែលព្រាងដោយសហរដ្ឋអាមេរិក និងអាល់បានី ម្រេចដោយសំឡេងឯកច្ឆន្ទបានដែរឬយ៉ាងណា។ ប៉ុន្តែលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារ៉េស បានថ្កោលទោសរួចទៅហើយចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ដែលរៀបចំការបោះឆ្នោតប្រជាមតិនេះ។
លោក ហ្គូតារ៉េស ទទួលដំណឹងមកថា លោក ពូទីន បានចុះក្រឹត្យទទួលស្គាល់តំបន់ទាំងបួន គឺខេត្តលូហាន ខេត្តដូណេតនៅភាគខាងកើត និងតំបន់ខឺសុន ហើយហ្សាប៉ូរីស៊ីយ៉ានៅភាគខាងត្បូង ជារដ្ឋឯករាជ្យរបស់រុស្ស៊ី ដែលករណីនេះលោក ហ្គូតារ៉េស បានប្រកាសថា របបលោក ពូទីន រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ។
ស្របពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានថ្កោលទោសការបោះឆ្នោតប្រជាមតិនេះ ហើយប្រកាសមិនទទួលស្គាល់ដែនដីនៃតំបន់ទាំងបួននេះជាទឹកដីរបស់រុស្ស៊ីនោះទេ។ លោក បៃដិន បានទាមទារឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់អំណាច និងឥទ្ធិពលរបស់រុស្ស៊ីដែលបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយជាការត្រួសត្រាយផ្លូវ ដើម្បីបញ្ចូលតំបន់ខឺសុន និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា របស់អ៊ុយក្រែន ទៅក្នុងឧបសម្ពន្ធរបស់រុស្ស៊ីជាផ្លូវការ។
បើតាមក្រឹត្យចេញផ្សាយជាសាធារណៈដោយវិមានក្រឹមឡាំង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ថា៖ «យើងបញ្ជាឱ្យទទួលស្គាល់តំបន់ខឺសុន និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ»។
តាមប្រភពដដែលនេះ លោក ពូទីន នឹងប្រកាសពីការបញ្ចូលតំបន់លូហាន និងដូណេត ក្នុងឧបសម្ពន្ធរបស់រុស្ស៊ីជាផ្លូវការនៅម៉ោង ៣រសៀលថ្ងៃសុក្រ ទី៣០ កញ្ញា ម៉ោងនៅទីក្រុងមូស្គូ៕