31.8 C
Phnom Penh

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ជាប់​បឹង​តាមោក ប្ដេជ្ញា​មិន​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ជាប់​បឹង​តាមោក រាជធានី​ភ្នំពេញ ប្រកាស​ជំហរ​មិន​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​នោះ​ទេ ប៉ុន្តែ​ពួកគេ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​លើ​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ គ្រាន់តែ​ការពារ​ដីធ្លី​របស់​ខ្លួន​ធ្លាប់​រស់នៅ​រាប់​ឆ្នាំ​នោះ។

តំណាង​ពលរដ្ឋ​ម្នាក់ លោកស្រី ប្រាក់ សុភា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ក្រោយពី​ជំនួប​ជា​ថ្មី​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែ​តុលា នេះ​ថា ពួកគាត់​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដោយ​មិន​ដោះដូរ​ទៅ​ទីតាំង​ផ្សេង​ទេ។ លោកស្រី​បន្ត​ថា មូលហេតុ​ដែល​ពួកគាត់​មិន​ប្ដូរ​ទៅ​ទីតាំង​ថ្មី ដោយសារ​ទីតាំង​នោះ​ពិបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដូច្នេះ​បើ​ប្ដូរ​ទៅ គឺ​ដូច​សម្លាប់​ពួកគាត់​ទាំង​រស់។

លោកស្រី ប្រាក់ សុភា បន្ត​ថា ពួកគាត់​រង​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង​ចាប់ពី​មាន​វិវាទ​ដីធ្លី​មក។ ករណី​នេះ លោកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ ឲ្យ​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ហើយ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគាត់​បន្ត​ទៀត។

លោកស្រី​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ចាត់​វិធានការ​ច្បាប់​ទៅ​ក្រុម​អាជ្ញាធរ​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ទាំង​កម្រោល​លើ​ពលរដ្ឋ។ លោកស្រី​បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ទាត់​លោកស្រី ៣​ជើង​ចំ​កន្លែង​ដែល​វះកាត់ ហើយ​ពលរដ្ឋ​ខ្លះ​ក៏​បាន​រង​របួស​ថែម​ទៀត។ លោកស្រី​បន្ត​ថា ពួកគាត់​មិន​អាច​ឈរ​មើល​ក្រុម​អាជ្ញាធរ​ចុះ​ទៅ​រុះរើ និង​បំផ្លាញ​ផ្ទះ​ដែល​ពួកគាត់​រស់នៅ​រាប់​ឆ្នាំ​បាន​ឡើយ។

លោកស្រី ប្រាក់ សុភា បាន​ដាក់​ជា​សំណួរ​ថា ពលរដ្ឋ​ក្រីក្រ​មិន​អាច​រស់នៅ​លើ​ដី​បឹង​តាមោក ខណៈ​បច្ចុប្បន្ន ផ្ទៃដី​បឹង​តាមោក​ត្រូវ​លោក ហ៊ុន សែន កំពុង​កាត់ និង​ដោះដូរ​ប្រគល់​ទៅ​ឲ្យ​សែស្រឡាយ​របស់​លោក និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​កងរាជ​អាវុធហត្ថ ជាដើម។

ក្រុម​ពលរដ្ឋ​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​តំណាង​រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ ម្ដង​រួច​មក​ហើយ។ ក្នុង​ជំនួប​នោះ ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួកគេ​ដោះដូរ​ដី​ទៅ​រស់នៅ​ទីតាំង​ថ្មី ស្ថិត​នៅ​សង្កាត់​សំរោង ដូច​គ្នា ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​ឡើយ ហើយ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​វិញ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​ចំនួន ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​យក​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

បើ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ផ្ទៃ​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់ ឬ​ដោះដូរ​ប្រគល់​ទៅ​ឲ្យ៖

  • ប្អូនស្រី​របស់​លោក
  • សមាជិក​ព្រឹទ្ធសភា
  • កូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា
  • មេបញ្ជាការ​កងរាជអាវុធហត្ថ
  • ឧកញ៉ា
  • និង​តារា​ចម្រៀង ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស