29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​បញ្ជូន​ពលរដ្ឋ​ពី​តំបន់​អង្គរ​ទៅ​ទីតាំង​ថ្មី​ស្មើ​នឹង​ការ​បំបរបង់​ពលរដ្ឋ​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វេទិកា​ពលរដ្ឋ រិះគន់​ថា ការ​បញ្ជូន​ពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ​ពី​តំបន់​អង្គរ​ឲ្យ​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​នៅ​ក្នុង​ភូមិ​រុនតាឯក ស្រុក​បន្ទាយស្រី គឺ​ស្មើ​នឹង​ការ​បោះបង់​ពលរដ្ឋ​ចោល ព្រោះ​ពួកគេ​ទទួល​បាន​តែ​ប័ណ្ណ​ក្រីក្រ ១​សន្លឹក​ប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ តុលា នេះ​ថា បើ​តាម​ប្រភព​ច្បាស់​ការណ៍​ដែល​លោក​ទទួល​បាន ឲ្យ​ដឹង​ថា អំណោយ​ដែល​លោក ហ៊ុន សែន ចែក​ជូន​ពលរដ្ឋ ដូចជា​មីកញ្ចប់ និង​ត្រីខកំប៉ុង ជាដើម សុទ្ធតែ​ជា​របស់​គ្មាន​គុណភាព​ដែល​ជា​ជំនួយ​រៀបចំ​ដោយ​ក្រុមហ៊ុន​វៀតណាម​ប៉ុណ្ណោះ មិនមែន​ជា​គ្រឿង​បរិភោគ​ដែល​មាន​គុណភាព​នោះ​ទេ។

លោក គឹម សុខ អះអាង​ថា ប័ណ្ណ​ក្រីក្រ​ដែល​អាជ្ញាធរ​ក្រោម​បង្គាប់​លោក ហ៊ុន សែន ចែក​ឲ្យ​ពលរដ្ឋ​ដែល​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​ភូមិ​រុនតាឯក​នេះ គឺជា​ការ​កេងប្រវ័ញ្ច​លើ​ពលរដ្ឋ​ដែល​មិន​ទទួល​បាន​សំណង​ត្រឹមត្រូវ។ ជាង​នេះ​ទៀត ប័ណ្ណ​ក្រីក្រ​នេះ គឺ​ផ្ដល់​ឲ្យ​តែ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ពួកគេ​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មិន​ទទួល​បាន​ប័ណ្ណ​នេះ​ទេ។

អ្នកវិភាគ​រូប​នេះ​រិះគន់​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​គ្មាន​ចិត្ត​អាណិតអាសូរ​ពលរដ្ឋ​ដ៏​ក្រីក្រ​នោះ​ឡើយ ព្រោះ​ថា​ក្នុង​ពិធី​ប្រកាស​ចែក​អំណោយ និង​ប័ណ្ណ​ក្រីក្រ​ឲ្យ​ពលរដ្ឋ លោក ហ៊ុន សែន ក៏​ប្រកាស​នូវ​ការ​ផ្ទេរ​មរតក​ឲ្យ​ចៅ​បង្កើត​ខ្លួនឯង​នូវ​វិមាន​ដ៏​ស្កឹមស្កៃ ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

ទង្វើ​នេះ គឺ​បង្ហាញ​នូវ​ការ​ប្រមាថ​ជីវិត​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​ថា ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​គាត់ អាច​ត្រឹមតែ​ចែក​ប័ណ្ណ​ក្រីក្រ​ឲ្យ​ពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​ចៅ​បង្កើត​របស់​គាត់​ដែល​ទើប​តែ​នឹង​កើត​អាច​ទទួល​បាន​នូវ​មរតក​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការ​ដឹកនាំ​លួច​ទ្រព្យសម្បត្តិ​ជាតិ​របស់​គាត់​ជាង ៤​ទសវត្ស​មក​នេះ។

កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ចែក​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ ដល់​ពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​រស់នៅ​ភូមិ​រុនតាឯក ស្ថិត​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បន្ទាប់ពី​មាន​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កន្លងមក។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​នោះ​ថា បន្ថែម​ពី​លើ​ការ​ផ្តល់​ប័ណ្ណ​ក្រីក្រ​នេះ លោក​ក៏​បាន​ឧបត្ថម្ភ​ដំណាក់កាល​ដំបូង​ដល់​ពលរដ្ឋ​នូវ​មី​មួយ​កេស​ធំ ត្រីខ​មួយ​កេស​ធំ អង្ករ ៥០​គីឡូក្រាម ស័ង្កសី ៣០​សន្លឹក តង់​១ មុង ខ្នើយ ភួយ សារុង កន្ទេល និង​ថវិកា ១​លាន ៤​សែន​រៀល​ក្នុង​មួយ​គ្រួសារ​ផង​ដែរ។

ក្រៅពី​ការ​ប្រកាស​ចែក​ប័ណ្ណ​ក្រីក្រ និង​អំណោយ​ដល់​ពលរដ្ឋ លោក ហ៊ុន សែន ក៏​ឆ្លៀត​ប្រកាស​ពី​ការ​ផ្ទេរ​មរតក​ដែល​ជា​គេហដ្ឋាន​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ឯ​ក្រុង​តាខ្មៅ ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ចៅ​ច្បង​របស់​គាត់​ផង​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន រីកចម្រើន​តែ​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​នៅតែ​រស់នៅ​រំពឹង​លើ​ប័ណ្ណ​ក្រីក្រ​ទៅ​ថ្ងៃ​មុខ​ដដែល។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​តាម​បែប​សន្តតិវង្ស ឬ​ការ​បន្ត​អំណាច​ពី​ឪពុក​ទៅ​កូន ឬ​ពី​ជីតា​ទៅ​ចៅ​ដូច​ការ​រៀបចំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ទ្រព្យសម្បត្តិ​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ក្លាយ​ជា​ទ្រព្យសម្បត្តិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់​តាមរយៈ​នៃ​ក្តោប​ក្តាប់​ក្រសួង​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ធំៗ​នានា ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវ​រស់​ក្នុង​ភាព​ជា​ពលរដ្ឋ​ក្រីក្រ​រង់ចាំ​ទទួល​តែ​អំណោយ​ដែល​គេ​ផ្តល់​ឲ្យ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ធ្លាប់​បាន​លាតត្រដាង​កាលពី​ពេល​កន្លងទៅ​ថា សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ម្នាក់ៗ​មាន​លុយ​សរុប​ប្រមាណ​ពី ៥០០​លាន​ទៅ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​ដែល​សុទ្ធសឹងតែ​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ខុស​ច្បាប់​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស