សកម្មជនសង្គមពីរនាក់ដែលប្រឆាំងទៅនឹងការផ្តល់ប័ណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ និងការបង្កើតអគារសិក្សាភាសាវៀតណាមនៅកម្ពុជា ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ចាប់ខ្លួនហើយ ដោយចោទថាពួកគេបានលួចលក់អចលនទ្រព្យអ្នកដទៃ។
ការចាប់ខ្លួនសកម្មជនសង្គមពីររូបនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបគម្រោងបង្កើតអគារសិក្សាភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៤ ខែតុលា នេះ។
សកម្មជនសង្គម លោក អ៊ំ ឈុម ត្រូវបានសារព័ត៌មានក្នុងស្រុក VOD ដកស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី៤ តុលា នេះថា ក្រោយពេលពួកគេជួបជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អ្នកទាំងនោះក៏ត្រៀមទៅធ្វើសន្និសីទសារព័ត៌មាននៅទីលានប្រជាធិបតេយ្យបន្តទៀត ប៉ុន្តែពេលចេញមកដល់មុខខ្លោងទ្វារសាលារាជធានីភ្នំពេញ ក៏ត្រូវបានជនស៊ីវិលមួយក្រុមចេញមកចាប់វាយខ្នោះពួកគេទាំងពីរនាក់តែម្តង ក្នុងនោះក៏មានលោក ថែល ធីលែន ម្នាក់ដែរ ហើយពួកគេក៏ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ភ្លាមៗផងដែរ។
ការចាប់ខ្លួនសកម្មជនសង្គមនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រឆាំងទៅនឹងរដ្ឋាភិបាល ជុំវិញការផ្តល់ប័ណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានាពេលកន្លងមក។
ក្នុងរយៈពេលចុងក្រោយនេះ សកម្មជនសង្គម លោក ថែល ធីលែន បានចេញមុខប្រឆាំងយ៉ាងខ្លាំងឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់នូវការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនអន្តោប្រវេសន៍ទាំងនោះកាលពីថ្ងៃចុងខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
យ៉ាងណា សារព័ត៌មាន The Cambodia Daily ពុំទាន់អាចសុំការបំភ្លឺពីករណីចាប់ខ្លួនលោក ថែល ធីលែន និងអ្នកផ្សេងទៀតពីអាជ្ញាធររាជធានីភ្នំពេញបានទេនាថ្ងៃនេះ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ថែល ធីលែន នេះ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា ការចាប់ខ្លួនលោក ថែល ធីលែន ដោយចោទប្រកាន់ករណីដីធ្លី គឺជាការចោទប្រកាន់ដើម្បីបន្លប់សាច់រឿងពីសកម្មភាពរបស់គាត់កំពុងតែធ្វើជាក់ស្តែងពាក់ព័ន្ធនឹងរដ្ឋាភិបាលរបស់បុរសខ្លាំង លោក ហ៊ុន សែន ដែលបន្តធ្វើសម្បទានឲ្យវៀតណាមនូវរឿងព្រំដែន ជាពិសេសរឿងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា និងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដើម។
លោក ម៉ែន ណាត អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក ថែល ធីលែន ក៏ដូចជាសកម្មជនដទៃទៀតដោយគ្មានលក្ខខណ្ឌ។ ជាមួយគ្នានេះ លោកសូមរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា និងរំលាយផែនការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាការស្រាយចម្ងល់ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់រូប។
ចំណែកស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រតិកម្មជាខ្លាំងទៅនឹងការចាប់ខ្លួនសកម្មជនសង្គមដ៏សកម្មទាំងពីររូបនេះ។ លោកអះអាងថា ការចាប់យុវជន ថែល ធីលែន អាចធ្វើឲ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែប្រាកដថា កម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញមិនបានល្អ និងមានការគាបសង្កត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។
កាលពីពេលថ្មីៗនេះ យុវជនមួយក្រុមមកពីតាមបណ្តាខេត្តផ្សេងៗគ្នា បាននាំគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីទាមទារបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រកាសធ្វើបាតុកម្មនេះ ក្រោយពេលពួកគេដាក់សំណើទៅក្រសួងអប់រំ និងក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនត្រូវបានឆ្លើយតបណាមួយនោះ។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយចំណែកក្រសួងមហាផ្ទៃ ប្រកាសឲ្យមន្ត្រីក្រោមឱវាទ និងវិស័យឯកជនទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនអន្តោប្រវេសន៍សម្រាប់បម្រើជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថាមន្ត្រីថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់ទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសទាំងនោះ។
ប៉ុន្តែការប្រកាសនេះ ត្រូវសាធារណជនរិះគន់ និងស្នើឲ្យបញ្ឈប់វិញ ដោយបារម្ភប៉ះពាល់ដល់ផលប្រយោជន៍របស់ជាតិ ដោយថាចាប់តាំងពីសម័យប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន វៀតណាមនៅមានមហិច្ឆតា និងចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។ ដោយឡែកមាត្រា៤១ ចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕