27 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ការ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ព្រះដាក់​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​បដិសេធ​នូវ​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​មាន​ផែនការ​រុះរើ​លំនៅឋាន​របស់​ពួកគេ​ឱ្យ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​បញ្ជា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ឱ្យ​ទៅ​ជួប​ពន្យល់​ពលរដ្ឋ​ក្នុង​ឃុំ​ព្រះដាក់ ដោយ​ផ្ទាល់​នៅ​ថ្ងៃ​សុក្រ នេះ ព្រោះ​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​នេះ លោក​មិន​ដឹង​ថា​លេច​ចេញ​មកពី​ប្រភព​ណា​នោះ​ទេ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា កិច្ចការ​បន្ទាន់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ គឺ​ផ្លាស់ប្ដូរ​តែ​អ្នក​ដែល​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩ នៅ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​មិន​ស្រប​ច្បាប់​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ (UNESCO) ប៉ុណ្ណោះ។

ក្នុង​នោះ អង្គការ​យូណេស្កូ ក៏​មិន​តម្រូវ​ឱ្យ​ទៅ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទូទាំង​ឃុំ​ដែល​ពួកគេ​បាន​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩ នោះ​ដែរ ដូច្នេះ​ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រះដាក់ សូម​មេត្តា​ស្ងប់​ចិត្ត​ចុះ ព្រោះ​រដ្ឋាភិបាល​មិន​ដែល​ធ្វើ​កិច្ចការ​ទាំង​ទទឹង​ទិស​នោះ​ទេ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​គ្រាន់តែ​សិក្សា​ពី​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អង្គរ​បារាយ​ខាងកើត ក្នុង​ការ​ស្តុក​ទឹក​ប៉ុណ្ណោះ ហើយ​ការ​សិក្សា​នេះ​ក៏​មិន​នាំ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រះដាក់ នោះ​ដែរ ព្រោះ​រដ្ឋាភិបាល​ក៏​បាន​ដឹង​ដែរ​ថា ឃុំ​ព្រះដាក់ ត្រូវ​បាន​កសាង​ប្រមាណ ៣ ទៅ ៤០០​ឆ្នាំ​រួច​មក​ហើយ ដូច្នេះ​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​រុះរើ​លំនៅឋាន​របស់​ពួកគេ​ទៅ​រស់នៅ​ទីតាំង​ផ្សេង​នោះ​ទេ។

កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប សរុប ៩៦២១​នាក់ ដែល​ស្មើ​នឹង ២២១១​គ្រួសារ បាន​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាឃុំ ក្រោយពី​ពួកគាត់​បាន​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​តម្រូវ​ឱ្យ​ពួកគេ​រុះរើ​លំនៅឋាន​ទៅ​នៅ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​បាន​រៀបចំ។

ពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ក្នុង​អំឡុងពេល​តវ៉ា​ថា ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​មក​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ព្រះដាក់ ដោះដូរ​ទៅ​នៅ​ទីតាំង​ថ្មី​ក្នុង​តំបន់​រុនតាឯក ក្រោម​ហេតុផល​ថា តំបន់​ដែល​ពលរដ្ឋ​កំពុង​រស់នៅ​បច្ចុប្បន្ន​នេះ គឺ​ជា​តំបន់​រមណីយដ្ឋាន​អង្គរ។

យ៉ាងណាក៏ដោយ មេឃុំ​ព្រះដាក់ លោក ភិន ថោង ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា អាជ្ញាធរ​មិនទាន់​បាន​កំណត់​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​លំនៅឋាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ស៊ើបសួរ​ប៉ុណ្ណោះ ហើយ​បើ​មាន​ការ​ដោះដូរ​មែន​នោះ ក៏​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​សិន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា តាម​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​របស់​បក្ស​កាន់​អំណាច ឱ្យ​តែ​មាន​ផែនការ​អនុវត្ត​នៅ​មូលដ្ឋាន ពួកគេ​តែង​ឆ្លៀត​ឱកាស​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​កិច្ចការ​ទាំងនោះ ហើយ​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ពេលនេះ ក៏​ទំនង​ជា​ពួកគេ​ដឹង​ល្បិចកល​របស់​អាជ្ញាធរ​ដែល​ធ្លាប់​ធ្វើ​បាប​ពលរដ្ឋ​កន្លងមក​ដែរ ដូច្នេះ​ហើយ​ទើប​ពួកគាត់​បំផ្ទុះ​រឿង​សម្ងាត់​របស់​អាជ្ញាធរ​នេះ​ឱ្យ​បែក​ជា​សាធារណៈ​តែម្តង។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​សមាសភាព​ក្រុម​ការងារ​តម្រង់​ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា គឺជា​ប្រធាន ដោយ​ដឹកនាំ​សមាជិក​ចំនួន ១២​នាក់​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស