29 C
Phnom Penh

លោក ហ៊ុន សែន ឱ្យ​ក្រុមហ៊ុន Naga អភិវឌ្ឍ​រមណីយដ្ឋាន​ជុំវិញ​ប្រាសាទ​អង្គរវត្ត​៥០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង លោក ហ៊ុន សែន ទាមទារ​ឲ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន Naga Group Global Limited ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NagaCorp ដើម្បី​ធ្វើការ​អភិវឌ្ឍ​រមណីយដ្ឋាន​លើ​ផ្ទៃដី​ទំហំ ៧៥​ហិកតារ​ក្នុង​រយៈពេល ៥០​ឆ្នាំ ដែល​មាន​ទីតាំង​ចម្ងាយ ៥០០​ម៉ែត្រ​ខាងត្បូង​នៃ​តំបន់​ហាមឃាត់​ខាង​ក្រៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត។

បើ​តាម​ការ​ចុះផ្សាយ​របស់ Inside Asian Gaming ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​រួចរាល់​ទៅ​ឲ្យ​ក្រុមហ៊ុន Naga Group Global Limited ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NagaCorp ដោយ​មាន​កុងត្រា​ជួល​ដី​ទំហំ ៧៥​ហិកតារ​ក្នុង​រយៈពេល ៥០​ឆ្នាំ ដែល​មាន​ទីតាំង​ចម្ងាយ ៥០០​ម៉ែត្រ​ខាង​ត្បូង​នៃ​តំបន់​ហាមឃាត់​ខាងក្រៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត។

ការ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​តម្លៃ ៣៥០​លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​សៀមរាប របស់​ក្រុមហ៊ុន NagaCorp Ltd ដែល​ជា​ម្ចាស់ និង​ជា​ប្រតិបត្តិករ​សណ្ឋាគារ និង​កាស៊ីណូ Naga World ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា ប្រាសាទ​អង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ជា​និមិត្តរូប​តំណាង​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

ក្រុមហ៊ុន​ល្បែង​មួយ​នេះ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​តម្លៃ ៣៥០​ដុល្លារ​នៅ​ខេត្ត​សៀមរាប ក៏​មាន​គោលដៅ​ក្នុង​ការ​លើក​កម្ពស់​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន Naga Wold។

ចំពោះ​ផែនការ​អភិវឌ្ឍន៍​ក្រុមហ៊ុន NagaCorp នៅ​ខេត្ត​សៀមរាប នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ​២០២៥ មុន​ពេល​ដែល Naga World 3 ដែល​វិនិយោគ​អស់​ប្រមាណ ៣,៥​ពាន់​លាន​ដុល្លារ​នោះ​កំពុង​បើក​ដំណើរការ​អាជីវកម្ម។

ក្រោយពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន NagaCorp អភិវឌ្ឍ ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ដែល​រស់នៅ​ជិត​តំបន់​អង្គរ និង​រស់នៅ​អាស្រ័យ​នៅ​ទីនោះ​យូរ​ឆ្នាំ​ហើយ ត្រូវ​បាន​លោក ហ៊ុន សែន ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ចេញ។

ក្រៅពី​ឲ្យ​រុះរើ និង​ប្ដូរ​ទៅ​តំបន់​រុនតាឯក​ហើយ នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប្រសិនបើ​ពួកគេ​មិន​ចាកចេញ ហើយ​នៅ​ចង់​តថ្លៃ​រឿង​សំណង​តាម​ការ​ញុះញង់​របស់​អ្នក​នយោបាយ ទាំង​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កំណត់​រួច​ទៅ​ហើយ​នោះ។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នា​ព្រឹក​ថ្ងៃទី​១៣ កញ្ញា កន្លងមក លោក ហ៊ុន សែន បាន​ថ្លែង​ថា ប្រាសាទ​អង្គរវត្ត​អាច​ត្រូវ​ដកចេញ​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយសារ​មនុស្ស​ទៅ​តាំង​ទីលំនៅ​ខុស​ច្បាប់ ដែល​ធ្វើ​ឱ្យ​បាត់បង់​លក្ខណៈ​សម្បត្តិ​របស់​វា និង​មិន​បាន​អនុវត្ត​តាម​កាតព្វកិច្ច​តម្រូវ​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។

គួរ​បញ្ជាក់​ថា បើ​តាម​លោក ហ៊ុន សែន មក​ទល់​ពេលនេះ ពលរដ្ឋ​ចំនួន​ជាង ៤​ពាន់​គ្រួសារ​ហើយ​ដែល​ព្រម​ចាកចេញ​ពី​តំបន់​អង្គរ​ទៅ​កាន់​តំបន់​រុនតាឯក​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​រដ្ឋាភិបាល​សន្យា​ថា​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ ហើយ​ពលរដ្ឋ​នឹង​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​កម្រិត​មួយ​សម្រាប់​រយៈពេល ១០​ឆ្នាំ ប្រសិនបើ​ពួកគេ​ព្រម​ទៅ​រស់នៅ​តំបន់​នោះ។

ក្រុមហ៊ុន NagaCorp Ltd ដែល​ជា​ម្ចាស់ និង​ជា​ប្រតិបត្តិករ​សណ្ឋាគារ និង​កាស៊ីណូ Naga World ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០២០ បាន​កាត់​បុគ្គលិក​ជាង ១៣០០​នាក់ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​កាត់​ក្រុម​បុគ្គលិក​នេះ​មិនមែន​ដោយសារ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ទេ ប៉ុន្តែ​ជា​ការ​រើសអើង​សហជីព​ដែល​ការពារ​ផលប្រយោជន៍​បុគ្គលិក​ទៅវិញ​ទេ ខណៈ​កន្លងមក ក្រុមហ៊ុន​ល្បែងស៊ីសង​មួយ​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​ខ្លាំង​លើ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទីនោះ។

យ៉ាងណា បើ​តាម​ការ​ចុះផ្សាយ​របស់ Inside Asian Gaming បញ្ជាក់​ថា នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​សៀមរាប ទទួល​បាន​ជោគជ័យ​ហើយ​នោះ ក្រុមហ៊ុន NagaCorp ក៏​នឹង​បន្ត​ពង្រីក​ខ្លួន​ទៅ​ខេត្ត​ព្រះសីហនុ ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស