27.5 C
Phnom Penh

ពលរដ្ឋ​ចោទ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស​ដឹក​ឈើ​ទៅ​លក់​នៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម អះអាង​ថា លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី ដែល​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កំពុងតែ​មមាញឹក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ការ​រត់ពន្ធ។

ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ស្រុក​អណ្ដូងមាស បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី​៦ ខែ​តុលា ថា លោក​បាន​ឃើញ​ពលរដ្ឋ​ដឹកជញ្ជូន​ឈើ​មក​ដាក់​នៅ​ខាងក្រោយ​សាលាស្រុក​អណ្ដូងមាស ដោយ​ពួកគេ​អះអាង​ថា​ជា​ឈើ​របស់​លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស។

លោក​បាន​បន្ត​ទៀត​ថា ឈើ​ទាំងនេះ​គឺ​ក្រុម​ប្រជាពលរដ្ឋ​បាន​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ស្ថិត​នៅ​ស្រុក​តាវែង រួច​បន្ត​ដឹក​យក​មក​ទុក​នៅ​ស្រុក​អណ្ដូងមាស រង់ចាំ​មេ​ឈ្មួញ​របស់​វៀតណាម មក​ទូទាត់​លុយ​រួច ទើប​ពួកគេ​ដឹក​បន្ត​យក​ទៅ​វៀតណាម នៅ​ពេល​យប់។

បុរស​ដដែល​បន្ថែម​ទៀត​ថា សមត្ថកិច្ច​នៅ​តំបន់​នោះ​ត្រូវ​ផ្លែ​ត្រូវ​ដង​គ្នា​ក្នុង​ការ​រត់ពន្ធ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា មធ្យោបាយ​ដែល​ពួកគេ​ដឹកជញ្ជូន មាន​ម៉ូតូ និង​រថយន្ត​សាំយ៉ុង ដោយ​ម៉ូតូ​ត្រូវ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ រួច​ហើយ​ដឹក​តាម​រថយន្ត​សាំយ៉ុង​ដែល​ចាំ​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​ចក្រ​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​នៃ​ខេត្ត​រតនគិរី។

ជុំវិញ​ករណី​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា លោក​មាន​ការ​សោកស្ដាយ​នៅ​ពេល​ដែល​មន្ត្រី​របស់​រដ្ឋាភិបាល​ជា​អ្នក​រត់ពន្ធ​ឈើ​ឆ្លងដែន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់។

លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស និង​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​ហ៊ាន​រត់ពន្ធ​ឈើ និង​ឃុបឃិត​គ្នា​ក្នុង​ការ​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បែប​នេះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ រៀបរាប់​អំពី​មែកធាង​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម ក៏​បាន​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ ក្នុង​នោះ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ដើម្បី​សម្រួល​ផ្លូវ​រកស៊ី​ឈើ​របស់​ឧកញ៉ា សឹង សំអុល ប៉ុន្តែ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ជា​មនុស្ស​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស