27.5 C
Phnom Penh

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​ភាគី​កម្មករ​និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​យោគយល់​គ្នា​បញ្ចប់​វិវាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លងមក។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ភាគី​ទាំង​សងខាង​នៅតែ​មិនទាន់​រក​ឃើញ​ដំណោះស្រាយ​ដែល​ពួកគេ​អាច​ទទួល​យក​បាន​នៅឡើយ ព្រោះ​ភាគី​តំណាង​កម្មករ​និយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​នៅតែ​បដិសេធ​ពី​ការ​ទាមទារ​នេះ។

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ផង​ដែរ។ ចំណែក​បុគ្គល​ផ្សេង​ទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​នៃ​វិវាទ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា យោង​តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការ​ផ្សះផ្សា​គ្នា​ទេ នីតិវិធី​បន្ទាប់​គឺ​មាន​តែ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​រក​ដំណោះស្រាយ​ដែល​ជា​ដំណាក់កាល​ចុងក្រោយ។

ការ​ចរចា​រវាង​ភាគី​តំណាង​កម្មករ​និយោជិត និង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ធ្វើឡើង​អស់​ចំនួន ១៩​លើក​រួច​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ ខណៈ​ក្រសួង​ការងារ​បាន​អះអាង​ថា ខ្លួន​បាន​ត្រឹមតែ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ មិន​អាច​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​អនុវត្ត​តាម​ការ​ចង់​បាន​របស់​ភាគី​ម្ខាង​ទៀត​បាន​ឡើយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ តុលា នេះ​ថា បញ្ហា​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​អូស​បន្លាយ​រាប់​ខែ​មក​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ក្រសួង​ការងារ​គ្មាន​ឆន្ទៈ និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​វិវាទ​នេះ​នៅ​ពីក្រោយ​ដោយ​អ្នក​មាន​អំណាច​ដែល​ជា​ខ្នង​បង្អែក​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​នេះ​ដូច​ការ​លើកឡើង​ពី​មជ្ឈដ្ឋាន​នានា​មែន​នោះ គឺ​ច្បាស់​ណាស់​ថា ក្រសួង​ការងារ​មិន​ហ៊ាន​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជាដាច់ខាត ព្រោះ​ថា​ប្រសិនបើ​រដ្ឋមន្ត្រី ឬ​ថ្នាក់​ដឹកនាំ​ក្រសួង​មាន​សមត្ថកិច្ច​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ឱ្យ​កម្មករ នោះ​ពួកគេ​ច្បាស់​ជា​ប្រឈម​នឹង​ការ​បាត់បង់​តំណែង​ភ្លាមៗ​ជាមិនខាន។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ចំពោះ​បញ្ហា​នេះ ក្រសួង​ការងារ​អាច​ធ្វើ​បាន​ត្រឹមតែ​ជា​អ្នក​សម្របសម្រួល​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រសួង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ទាំងអស់ បើ​ទោះបីជា​ពួកគេ​ដឹង​ថា ក្រុមហ៊ុន​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​ដែល​ខុស​ទៅ​នឹង​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​បែប​ណា​ក៏ដោយ។

ចាប់តាំងពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​ចេញ​តវ៉ា​ទាមទារ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក កម្មករ​និយោជិត​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​កម្ពុជា​រហូត​មក ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន ការ​បង្ក្រាប​ដោយ​ហិង្សា ដូចជា​ការ​វាយដំ​ទៅ​លើ​កម្មការិនី​រហូត​ធ្វើ​ឱ្យ​រលូត​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស