31 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ​ប្រកាស​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម បាន​ប្រកាស​ពី​ការ​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ដោយ​ថា​បង្រួបបង្រួម ផ្សះផ្សា​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​បុព្វហេតុ​ជាតិ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម ចុះ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​នេះ នឹង​ជួប​ពិភាក្សា​គ្នា​ស្ដីពី​ការ​រួបរួម​គ្នា​ដើម្បី​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ក្នុង​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។

ប្រភព​ដដែល​បន្ត​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ថ្មី​នេះ​មាន​សមាសភាព​ចូលរួម​ចម្រុះ​ពី​និស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូ​មតិ​ដើម្បី​បុព្វហេតុ​ជាតិ អ្នក​ជាតិ​និយម អ្នក​ប្រជាធិបតេយ្យ​សេរី​និយម។

បើ​តាម​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ធ្វើឡើង​ក្នុង​គោលដៅ​បង្រួបបង្រួម ផ្សះផ្សា​អ្នក​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ អ្នក​ជាតិ​និយម ប្រជាធិបតេយ្យ​សេរី​និយម និង​លើក​កម្ពស់​ប្រជាធិបតេយ្យ​សេរី សិទ្ធិ​សេរីភាព ការ​គោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជាតិ​ខ្មែរ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ចំពោះ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម នឹង​រៀបចំ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា ឆ្នាំ​២០២២ ដែល​ការ​រៀបចំ​នេះ ដើម្បី​ពិភាក្សា​លម្អិត​ស្វែងរក​ការ​សម្រេច​រួម​ឈាន​ទៅ​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី​មួយ។

យ៉ាងណា សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម បុញ្ញឫទ្ធិ បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​សុក្រ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស