38 C
Phnom Penh

លោក បៃដិន ថា​អាមេរិក​ត្រូវ​បាន​រុស្ស៊ី​ទាញ​ចូល​ក្នុង​ការ​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​នៃ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​បារម្ភ​ជា​ខ្លាំង។ ប្រទេស​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​លើ​វិថី​នៃ​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជិត ១៣០​ថ្ងៃ​មក​នេះ គឺ​ទ័ព​រុស្ស៊ី​បាន​ធ្លាក់​ដល់​ចំណុច​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​ទ័ព​អ៊ុយក្រែន​វាយ​ឲ្យ​បាក់​ទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ ៣​លើក​មក​ហើយ។ ជាក់ស្ដែង​នៅ​ថ្ងៃទី​៧ តុលា នេះ សារព័ត៌មាន​អ៊ីស្រាអែល Jerusalem Post បាន​ចុះផ្សាយ​ថា កងទ័ព​រុស្ស៊ី​ជាង ២​ពាន់​នាក់ បាន​សុំ​ទម្លាក់​អាវុធ​ហើយ​ចុះចាញ់​នឹង​កងទ័ព​អ៊ុយក្រែន នៅ​លើ​សមរភូមិ​មួយ​នៃ​តំបន់ Kherson ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា កងទ័ព​អ៊ុយក្រែន បាន​សម្រុក​វាយ​លើ​ទ័ព​រុស្ស៊ី​យ៉ាង​សន្ធប់ ដោយ​គ្រាប់កាំភ្លើង​ធំ M-777 គ្រាប់​រ៉ុក្កែត HIMARS និង​រ៉ុក្កែត M-270 ដោយ​វាយ​ដេញ​កងទ័ព​រុស្ស៊ី​ធ្លាក់​ដល់​ទន្លេ Dnipro។

ក្នុង​ស្ថានភាព​ទាល់ច្រក​នេះ រុស្ស៊ី​ប្រកាស​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅ​លើ​កងទ័ព​អ៊ុយក្រែន ដោយ​ក្រុង​មូស្គូ ប្រកាស​ថា ទឹកដី Kherson បាន​ក្លាយ​ជា​ដែនដី​របស់​រុស្ស៊ី​ជា​ផ្លូវការ​ហើយ។ នៅ​ពេល​ដែល​រុស្ស៊ី​គំរាម​ប្រើ​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​សាហាវ​នេះ បាន​ទាញ​សញ្ញា​អាសន្ន​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​ជួយ​ទប់ស្កាត់​រុស្ស៊ី កុំ​ឲ្យ​ជ្រុល​ទៅ​រក​សង្គ្រាម​ដ៏​មហា​ប្រល័យ​នេះ។

ប្រតិកម្ម​នឹង​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នេះ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ព្រមាន​ពី​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រឈមមុខ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​រុស្ស៊ី។ លោក ចូ បៃដិន បាន​រំឭក​ថា ស្ថានភាព​ដែល​ពិភពលោក​កំពុង​បារម្ភ​នេះ គឺ​ដូច​នឹង​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​នៅ​ឆ្នាំ​១៩៦២ ដែល​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​មីស៊ីល​គុយបា ដែល​អាមេរិក​ប្រឆាំង​សហភាព​សូវៀត​ដាក់​ពង្រាយ​មីស៊ីល​លើ​ទឹកដី​ប្រទេស​គុយបា ជា​ដែនដី​ក្នុង​ភូមិសាស្ត្រ​ជាប់​នឹង​អាមេរិក។

គេ​នៅ​ចាំ​បាន​ថា វិបត្តិ​មីស៊ីល​គុយបា ដែល​បណ្តាល​មកពី​វត្តមាន​របស់​មីស៊ីល​សូវៀត​នៅ​ក្នុង​ប្រទេស​គុយបា កាលពី​ឆ្នាំ​១៩៦២ ជិត​នឹង​ឈាន​ទៅ​ដល់​ការ​វាយប្រហារ​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី​ដោយ​អាវុធ​នុយក្លេអ៊ែរ។ កាលនោះ សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី លោក John Kennedy និង​សហភាព​សូវៀត ក្រោម​ការ​ដឹកនាំ​របស់​លោក Nikita Khrushchev។

ថ្លែង​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក កាលពី​ថ្ងៃទី​៦ ខែ​តុលា លោក បៃដិន ឲ្យ​ដឹង​ថា លោក​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​លោក ពូទីន និង​របៀប​ដែល​លោក ពូទីន ប្រតិកម្ម​នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន សម្រេច​បាន​គោលដៅ​វាយ​យក​បាន​មក​វិញ​នូវ​ទឹកដី​របស់​ខ្លួន​ពី​ទ័ព​រុស្ស៊ី។

លោក បៃដិន បាន​បញ្ជាក់​ថា៖ «ជា​លើកដំបូង គិត​ចាប់តាំងពី​វិបត្តិ​មីស៊ីល​គុយបា ពេល​នេះ​ពិភពលោក​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​ការ​បំផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​របស់​រុស្ស៊ី»

លោក ពូទីន ប្រហែលជា​មិន​និយាយ​លេង​ទេ​ចំពោះ​ការ​បាញ់​អាវុធ​នុយក្លេអ៊ែរ យុទ្ធសាស្ត្រ អាវុធ​ជីវសាស្ត្រ ឬ​អាវុធ​គីមី ពីព្រោះ​កងទ័ព​នៃ​ប្រទេស​រុស្ស៊ី ប្រហែលជា​សម្រេច​បាន​នូវ​គោលដៅ​តិចតួច​ណាស់​ក្នុង​ការ​ធ្វើ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ហៅ​ការ​គំរាមកំហែង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុង​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ គឺជា​ការ​គំរាមកំហែង​ដែល​មាន​ហានិភ័យ​ដ៏​ធំ​បំផុត​ដែល​អាមេរិក​ត្រូវ​ព្យាយាម​រក​ឲ្យ​ឃើញ​អ្វី​ទៅ​ជា​គោលដៅ​ពិត​របស់​លោក ពូទីន។ ក្រៅពី​នេះ លោក បៃដិន បាន​ចោទ​សួរ​ក្នុង​ការ​រក​ច្រក​ចេញពី​វិបត្តិ​របស់​លោក ពូទីន។ លោក​ឱ្យ​ដឹង​ថា លោក​សុខចិត្ត​ពិភាក្សា​ជាមួយ​លោក ពូទីន ដើម្បី​ស្រាយ​វិបត្តិ​របស់​មេដឹកនាំ​រុស្ស៊ី​ម្នាក់​នេះ។

កាលពី​ថ្ងៃទី​២១ កញ្ញា ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ព្រមាន​ជា​សាធារណៈ​តាម​កញ្ចក់​ទូរទស្សន៍​ពី​ទីក្រុង​មូស្គូ ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ប្រសិនបើ​ចាំបាច់ ដើម្បី​ទប់ទល់​នឹង​កម្លាំង​ខាងក្រៅ គឺ​ក្រុម​បស្ចិម​ប្រទេស។ លោក ពូទីន ចោទ​ពួក​បស្ចិម​ប្រទេស​ថា​មាន​ផែនការ​ចង់​កម្ទេច​រុស្ស៊ី។

មួយ​ថ្ងៃ​ក្រោយ​មក នាយករង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក ឌីមីទ្រី មេវេដៀវ បាន​ព្រមាន​ថា បើ​ទ័ព​អ៊ុយក្រែន វាយ​កាន់កាប់​ទឹកដី​របស់​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងត្បូង និង​ខាងកើត គឺ​ស្មើ​នឹង​ចូល​ឈ្លានពាន​ទឹកដី​រុស្ស៊ី ដែល​រុស្ស៊ី​ចាំបាច់​ត្រូវ​វាយបក​ដោយ​អាវុធ​នុយក្លេអ៊ែរ។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ចារកម្ម​អង់គ្លេស​ដែល​គេ​សង្ស័យ​ថា​ក្រុង​មូស្គូ បាន​ចល័ត​សព្វាវុធ​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាក់ទិច​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​រុស្ស៊ី ជាប់​នឹង​អ៊ុយក្រែន ដែល​ជា​សញ្ញា​ប្រកាស​អាសន្ន​ភ្លាមៗ​ដល់​ក្រុម​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក។

ក្រុម​មេដឹកនាំ​ណាតូ (NATO) ព្រមាន​ឲ្យ​រុស្ស៊ី​ដកថយ​ទៅវិញ​នូវ​ចលនា​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ។ មេដឹកនាំ​ក្រុម​ណាតូ​ចាត់ទុក​ថា បើ​រុស្ស៊ី​ផ្ដើម​សង្គ្រាម​អាវុធ​ប្រល័យ​លោក​នេះ គឺ​ណាតូ​នឹង​ហក់​ចូល​ក្នុង​សង្គ្រាម​នេះ​ភ្លាម។

ណាតូ​ចាត់ទុក​ការ​សាយភាយ​វិទ្យុសកម្ម​នុយក្លេអ៊ែរ​ចូល​ទៅ​ដល់​ប្រទេស​សមាជិក​ណាតូ គឺ​ស្មើ​នឹង​រុស្ស៊ី​វាយ​ចូល​ប្រទេស​ទាំងនោះ។ សម្រាប់​លោក បៃដិន ព្រមាន​ថា លោក ពូទីន ទំនង​មិន​និយាយ​លេង​សើច​នោះ​ទេ។ លោក​បាន​ហៅ​លោក ពូទីន ថា​ជា​អ្នក​លេង​កោងកាច។

បើ​តាម​គេហទំព័រ​សារព័ត៌មាន Global Power Fire ឲ្យ​ដឹង​ថា រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៦២០០​គ្រាប់។ ចំណែក​ចិន មាន ៣៥០​គ្រាប់។ កូរ៉េ​ខាងជើង​មាន ៣០​គ្រាប់។ ប៉ាគីស្ថាន មាន ១៦៥​គ្រាប់។ ឥណ្ឌា មាន ១៥៦​គ្រាប់។ អ៊ីស្រាអែល មាន​ចំនួន​ពី ៨០ ទៅ ៤០០​គ្រាប់ ប៉ុន្តែ​ប្រទេស​មិន​ទាន់​បាន​ចុះបញ្ជី​អំពី​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅឡើយ​ទេ។

ចំណែក​សហរដ្ឋ​អាមេរិក មាន ៥៥៥០​គ្រាប់។ អង់គ្លេស និង​បារាំង ក៏​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែរ គឺ​អង់គ្លេស​មាន ២៨០​គ្រាប់ ហើយ​បារាំង មាន ២៥០​គ្រាប់។ ទាំង​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង គឺជា​មេដឹកនាំ​ដ៏​មាន​សក្ដានុពល​ផ្នែក​យោធា​នៃ​អង្គការ​យោធា​ណាតូ​ដែល​មាន ៣០​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស