30 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ក្រសួង​ទាំង​២៧​មាន​បទល្មើស​ទាំងអស់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ក្រសួង​ទាំង ២៧ របស់​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន​បទល្មើស​ខុស​ច្បាប់​ស្ទើរតែ​គ្រប់​ក្រសួង និង​បង្ក​ឲ្យ​មាន​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១០ ខែ​តុលា ថា ការ​អនុវត្ត​ការងារ​របស់​ក្រសួង​នីមួយៗ គឺ​ស្ថិត​ក្រោម​បទបញ្ជា​របស់​លោក ហ៊ុន សែន ទាំងអស់ ដូច្នេះ​រដ្ឋមន្ត្រី​ដែល​មាន​ជំនាញ​តាម​ក្រសួង​នានា​មិន​អាច​អនុវត្ត​ផែនការ​របស់​ខ្លួន​បាន​ទេ ព្រោះ​ប្រព័ន្ធ​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​សព្វថ្ងៃ​នេះ គឺ​ត្រូវតែ​ធ្វើ​តាម​ការ​បញ្ជា​របស់​គាត់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​ដោយ​បុគ្គល​ម្នាក់​ដូច​កម្ពុជា​អនុវត្ត​សព្វថ្ងៃ​នេះ ជា​ប្រព័ន្ធ​ដែល​ពិភពលោក​បោះបង់​ចោល​យូរ​ណាស់​មក​ហើយ ព្រោះ​ថា​ប្រព័ន្ធ​នេះ​មិន​រីកចម្រើន​ដល់​ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ប្រព័ន្ធ​ដែល​បំផ្លាញ​ផលប្រយោជន៍​ជាតិ​ប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង អះអាង​ថា របៀប​គ្រប់គ្រង​បែប​អំណាច​ប្រមូលផ្ដុំ​ទៅ​លើ​លោក ហ៊ុន សែន តែ​ម្នាក់​សព្វថ្ងៃ​នេះ បាន​នាំ​ឲ្យ​ច្បាប់​ទាំងអស់​របស់​កម្ពុជា​មិន​អាច​យក​មក​អនុវត្ត​បាន​នោះ​ទេ ហើយ​ការ​ដឹកនាំ​ដែល​មិន​គោរព​ច្បាប់​បែប​នេះ គឺជា​សញ្ញា​នៃ​ការ​កើត​រោគ​ក្នុង​សង្គម​ធ្ងន់ធ្ងរ ដូចជា​ការ​កើត​មាន​នូវ​អំពើពុករលួយ ជាដើម ដែល​នាំ​ឱ្យ​មាន​បទល្មើស​ផ្សេងៗ​ដូច​ដែល​កម្ពុជា​កំពុង​កើតមាន​សព្វថ្ងៃ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​រៀបចំ​ខ្សែ​បណ្ដាញ​បក្ខពួក និង​ការ​ចង​សម្ពន្ធភាព​កាន់តែ​ជិតស្និទ្ធ​រវាង​មន្ត្រី​ធំៗ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ តាមរយៈ​នៃ​ការ​ផ្សារ​សាច់​ផ្សារ​ឈាម​ជា​ដន្លង​នឹង​គ្នា និង​ចែក​ផលប្រយោជន៍​គ្នា ជាដើម ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​អំណាច​តាម​ប្រព័ន្ធ​បែប​គ្រួសារ​និយម​នេះ​កាន់តែ​មាន​ភាព​រឹងមាំ​ឡើង​បន្ថែម​ទៀត។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​នេះ​ដែរ​ថា ដើម្បី​ធានា​ការ​ដឹកនាំ​នៅ​តាម​ក្រសួង​នានា​ឱ្យ​មាន​ប្រសិទ្ធភាព កម្ពុជា​ត្រូវ​លុប​បំបាត់​ប្រព័ន្ធ​ដឹកនាំ​បុគ្គល​និយម គ្រួសារ​និយម​ចោល​ទាំងអស់ បើ​មិន​ដូច្នោះ​ទេ មិន​អាច​រក​ប្រសិទ្ធភាព​ការងារ​ដើម្បី​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​បាន​ឡើយ។ ជាក់ស្តែង លោក សាយ សំអាល់ កូនប្រុស​បង្កើត​របស់​លោក សាយ ឈុំ ដែល​ជា​អគ្គលេខាធិការ​របស់​បក្ស​កាន់​អំណាច នៅតែ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដដែល បើ​ទោះបីជា​បទល្មើស​ព្រៃឈើ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​សព្វថ្ងៃ​នេះ​ក៏ដោយ។

លោក ហេង ស្រស់ ត្អូញត្អែរ​ថា របៀប​គ្រប់គ្រង និង​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គឺ​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​កំពូល បើ​ទោះបីជា​ការ​បណ្តេញ​រដ្ឋមន្ត្រី​របស់​ខ្លួន​មុន​អាណត្តិ​ក៏ដោយ។ លោក​ថា តាម​ទម្លាប់​នៃ​មន្ត្រី​រាជការ​ក្រោម​បង្គាប់​របស់​លោក ហ៊ុន សែន ច្រើន​តែ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​នៅ​ពេល​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ក៏​នឹង​មិន​ខុស​ពី​មន្ត្រី​ពុករលួយ​ចាស់ៗ​ដែរ ជួនកាល​អាច​បង្កើត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ជាង​រដ្ឋមន្ត្រី​មុនៗ​ទៀត​ផង ជាពិសេស​នៅ​ពេល​ដែល​ពួកគេ​មាន​ឪពុក​ជា​ខ្នង​បង្អែក​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដើម្បី​ធានា​ដល់​ប្រព័ន្ធ​រដ្ឋបាល​របស់​កម្ពុជា​មាន​គុណភាព មាន​ប្រសិទ្ធភាព ដែល​អាច​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។

កម្ពុជា​មាន​ក្រសួង​ដែល​ជា​ស្ថាប័ន​ជាតិ​ទាំងអស់ ២៧ ហើយ​ក្រសួង​នីមួយៗ គឺ​មាន​រដ្ឋលេខាធិការដ្ឋាន​ចំនួន​១ ដូចៗ​គ្នា​ទាំងអស់ ប៉ុន្តែ​បុគ្គលិក​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន និង​អង្គភាព​ដែល​បម្រើ​ការ​ឱ្យ​ក្រសួង​ទាំងនោះ សុទ្ធតែ​ត្រូវ​បាន​រៀបចំ​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​ទាំងអស់ ដោយឡែក​អ្នក​ដែល​មិន​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច នឹង​ត្រូវ​បាន​គេ​រើសអើង ឬ​មិន​ដំឡើង​ឋានៈ​ទៅ​តាម​ឆ្នាំ​កំណត់ និង​ពេល​មាន​ស្នាដៃ​ក្នុង​ពេល​បម្រើ​ការងារ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស