26 C
Phnom Penh

មន្ត្រី៖ ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ជាក់​ពី​ការ​ប្តូរផ្តាច់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ លើស​ពី​នេះ ក៏​ដើរ​តួនាទី​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​លើ​ការងារ​សិទ្ធិមនុស្ស​ថែម​ទៀត។

លោក កែវ រ៉េមី លើកឡើង​ថា ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ឡើង គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​ទីក្រុង​ប៉ារីស ទាំងស្រុង ដូចជា​មាន​អាណត្តិ​ទូលំទូលាយ មាន​ស្វ័យភាព ឈរ​លើ​គោលការណ៍​ឯករាជភាព ធ្វើការ​ដោយ​ពហុភាព មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​អំណាច​គ្រប់គ្រាន់​ផង​ដែរ។

លោក​បញ្ជាក់​ថា កន្លងមក រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឱ្យ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ជា​ប្រធាន​ក្រុម​ការងារ​ក្នុង​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ ប៉ុន្តែ​ដោយ​មាន​ការ​អាក់ខាន​មួយ​រយៈ និង​មាន​ភាព​រអាក់រអួល​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​សេចក្ដី​ព្រាងច្បាប់​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​រៀបចំ​ដំណើរ​បន្ត​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​នេះ​ឡើង ចាប់តាំងពី​ឆ្នាំ​២០១៧ រហូត​ដល់​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កំពុងតែ​ដំណើរការ​ឈាន​ទៅ​រក​ការ​បង្កើត​ចេញ​ជា​រូបរាង​នៅ​ពេល​ខាងមុខ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ឱ្យ​មាន​ភាព​ជឿជាក់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ លុះត្រាតែ​មាន​ការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ជា​មុន​សិន ដូចជា​មាន​ការ​ចូលរួម​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ឥទ្ធិពល​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច និង​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​ឯករាជ្យ ជាដើម នោះ​ទើប​ធានា​នូវ​ភាព​ឯករាជ្យ​របស់​ស្ថាប័ន​នេះ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ពី​ខាងក្រៅ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​បង្កើត​ស្ថាប័ន​នេះ​ឡើង​ក៏​ត្រូវ​មើល​លើ​ធនធាន​មនុស្ស​ដែរ ថា​តើ​ពួកគេ​នឹង​រៀបចំ​ធនធាន​មនុស្ស​ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ​មកពី​ប្រភព​ណា ប្រសិនបើ​ធនធាន​មនុស្ស​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច​ដូច​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ដឹកនាំ​អនុវត្ត​ការងារ​សព្វថ្ងៃ​នេះ នោះ​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ក៏​នឹង​មិន​អាច​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​បាន​ដែរ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ស្ថាប័ន​ដែល​គេ​បាន​ចាត់ទុក​ថា​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន​នៅ​កម្ពុជា ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម ត្រូវ​គេ​រិះគន់​ថា​ជា​ស្ថាប័ន​ដែល​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច ជាជាង​អនុវត្ត​តួនាទី​ឯករាជ្យ​របស់​ខ្លួន ដោយសារតែ​សមាសភាព​កំពូល​ទាំង ៩​រូប​ដែល​ជា​ធនធាន​មនុស្ស​នៃ​ស្ថាប័ន​នេះ​សុទ្ធសឹងតែ​ចេញ​មក​ពី​បក្ស​កាន់​អំណាច​ទាំងអស់។

គម្រោង​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​បង្កើត​តាំងពី​ឆ្នាំ​១៩៩៧ មក ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល ដែល​មាន​តួនាទី​ការពារ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​ប៉ារីស (The Paris Principles) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សិក្ខាសាលា​អន្តរជាតិ​មួយ​នា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​ត្រូវ​បាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អនុម័ត​នៅ​ឆ្នាំ​១៩៩៣ កន្លងទៅ។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​ប្រមាណ​ជា ៦០​ស្ថាប័ន អះអាង​ថា ដើមចម​ដែល​ពួកគេ​ព្រម​ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ឡើង ដោយសារតែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិនទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ ជាពិសេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ ហើយ​ក្នុង​ស្ថានភាព​បែប​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ឯករាជ្យ​បាន​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស