38 C
Phnom Penh

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចិត្ត​សឿង​រំលាយ​សភា​មុន​អាណត្តិ​ដើម្បី​បោះឆ្នោត​សភា​ថ្មី​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន ១០​ប្រទេស គេ​សង្កេត​ឃើញ​ប្រទេស​តិច​ណាស់​ដែល​មេដឹកនាំ​ប្រទេស​ទាំងនោះ​ហ៊ាន​រំលាយ​សភា ដើម្បី​បោះឆ្នោត​សភា​មុន​អាណត្តិ និង​ស្វែងរក​នាយករដ្ឋមន្ត្រី​បន្ត​អាណត្តិ​ថ្មី។

ប្រទេស​មិន​ដែល​រំលាយ​សភា​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ គឺ​មាន​ប្រទេស​មួយ​គត់​ដែល​មេដឹកនាំ​ប្រទេស​នោះ​កាន់​អំណាច​ជិត ៤០​ឆ្នាំ​ទៅ​ហើយ។

ចាប់តាំងពី​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​១ គឺ​ប្រទេស​នោះ​មិន​ដែល​ស្គាល់​ការ​រំលាយ​សភា​ម្ដង​ណា​ទេ ទោះ​ជា​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មាន​រដ្ឋប្រហារ និង​មាន​ការ​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ក៏ដោយ ក៏​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​ដែល​ពោល​ពាក្យ​គំរាម​រំលាយ​សភា​ម្ដង​ណា​ទេ គឺ​សុខចិត្ត​អូស​ក្រឡា​រហូត​ដល់​ចប់​អាណត្តិ​សភា​តែម្ដង។

គេ​អាច​គិត​ថា​មកពី​មេដឹកនាំ​ប្រទេស​នោះ​ខ្លាច​ចាញ់​ឆ្នោត​ក៏​ថា​បាន ឬ​ក៏​រក​ល្បិច​ក្រាញ​អំណាច​ក៏​ថា​បាន ប៉ុន្តែ​ការ​ខ្លាច​ចាញ់​ឆ្នោត​ដូចជា​មិន​ត្រូវ​ទេ ព្រោះ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នោះ​ត្រូវ​បាន​បក្ស​ប្រឆាំង​បរិហារ​ថា ជា​អ្នក​ជួយ​បង្គ្រប់​ទិន្នន័យ និង​តួលេខ​សន្លឹកឆ្នោត​ឱ្យ​បក្ស​ខ្លួនឯង​ទៅ​ហើយ​នោះ។

បើ​គិត​ទៅ មេដឹកនាំ​ប្រទេស​នោះ​មិន​សឿង​ដូច​មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី នោះ​ទេ ដែល​ហ៊ាន​រំលាយ​សភា​មុន​អាណត្តិ។ កាលពី​ថ្ងៃទី​១០ តុលា នាយករដ្ឋមន្ត្រី​របស់​រាជាណាចក្រ​នេះ គឺ Ismail Sabri Yaakob បាន​ប្រកាស​រំលាយ​សភា​ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​មុន​អាណត្តិ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Strait Times បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១១ តុលា នេះ។

ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាតិ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ តុលា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob លើកឡើង​ថា លោក​ទទួល​បាន​ការ​យល់ព្រម​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​៩ ខែ​តុលា ដើម្បី​រំលាយ​សភា ហើយ​សំណើ​នេះ​ក៏​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃទី​១០ តុលា នេះ។

លោក​បញ្ជាក់​ថា អភិបាល​រដ្ឋ​ស្វយ័ត​ចំនួន​៤ គឺ​រដ្ឋ Sabah រដ្ឋ Sarawak រដ្ឋ Johor និង​រដ្ឋ Melaka ក៏​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ដើម្បី​រំលាយ​សភា​តំបន់​របស់​ខ្លួន​ដែរ ហើយ​រៀបចំ​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​តែ​មួយ។

លោក​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​រូប​នេះ​ពន្យល់​ថា៖ «ការ​បោះឆ្នោត​តាម​រដ្ឋ និង​ថ្នាក់​ជាតិ​នៅ​ពេល​តែ​មួយ ដើម្បី​ជៀសវាង​ការ​ដាក់​បន្ទុក​លើ​ពលរដ្ឋ ហើយ​ដើម្បី​ធានា​ថា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការ​បោះឆ្នោត​ដំណើរការ​ដោយ​រលូន»

ការពិត ការ​បោះឆ្នោត​សភា​ម៉ាឡេស៊ី មិន​ទាន់​ដល់​ពេល​កំណត់​ទេ គឺ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ ប៉ុន្តែ​លោក Ismail Sabri បាន​រង​សម្ពាធ​ពី​គណបក្ស​ចម្រុះ​ក្នុង​សភា ទើប​លោក​ស្នើ​ព្រះមហាក្សត្រ​សុំ​សិទ្ធិ​រំលាយ​សភា ហើយ​បោះឆ្នោត​មុន​ពេល​កំណត់។ ចាប់ពី​នេះ​ទៅ ប្រទេស​ម៉ាឡេស៊ី ត្រៀម​បោះឆ្នោត​សភា​ថ្មី​មុន​អាណត្តិ គឺ​អំឡុង ៦០​ថ្ងៃ​ទៀត។ នេះ​បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​នេះ។

តែ​ករណី​មួយ​ទៀត គឺ​លោក Ismail Sabri ពិបាក​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ ព្រោះ​តែ​មេដឹកនាំ​គណបក្ស UMNO គឺ​លោក Ahmad Zahid Hamidi កំពុង​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ចំនួន ៤៧​ករណី​ពី​បទ​ឧក្រិដ្ឋកម្ម​រំលោភ​លើ​ទំនុក​ចិត្ត អំពើពុករលួយ និង​ការ​លាង​លុយ​កខ្វក់​ពាក់ព័ន្ធ​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែល​បុរស​នេះ​កំពុង​ដេក​គុក​ពី​បទ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លួច​លុយ​ជាតិ​ពាន់​លាន​ដុល្លារ។

ម្យ៉ាង​ទៀត លោក​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ក៏​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក អាន់វ៉ា អ៊ីប្រាហ៊ិម។ លោក អាន់វ៉ា ប្រធាន​ក្រុម​ចម្រុះ Pakatan Harapan បាន​រិះគន់​ថា រដ្ឋាភិបាល​មួយ​ដែល​បន្ត​ទុក​ជន​ប្រព្រឹត្តិ​អំពើពុករលួយ និង​លួច​ទ្រព្យសម្បត្តិ​ជាតិ​ជ្រកកោន គឺ​រដ្ឋាភិបាល​នោះ​ក៏​ទុច្ចរិត​ដែរ។

លោក​ថា សំណុំ​រឿង​លួច​លុយ​ជាតិ​ពាន់​លាន​ដុល្លារ​របស់​អតីត​នាយករដ្ឋមន្ត្រី ណាជីប ក៏​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស UMNO ជ្រក​ក្រោម​រដ្ឋាភិបាល​របស់​លោក Ismail Sabri ដែល​លោក​ថា​ចាំបាច់​ត្រូវ​បោស​សម្អាត​មន្ត្រី​ទាំងនោះ។ យ៉ាងណា លោក​ស្វាគមន៍​ការ​រំលាយ​សភា ហើយ​សម្រេច​បោះឆ្នោត​មុន​អាណត្តិ។

លោក​ព្រមាន​ថា នៅ​ក្នុង​បក្ស​របស់​លោក​ក៏​មាន​មនុស្ស​ឱកាស​និយម​ដែរ គឺ​បុគ្គល​បែប​នេះ​ហើយ​នាំ​ឱ្យ​រដ្ឋាភិបាល​ដៃគូ​របស់​លោក គឺ​លោក មហាធា មហាមាដ ត្រូវ​គេ​ផ្ដួល​រំលំ​បាន​នោះ។

តែ​សម្រាប់​អ្នក​សង្កេតការណ៍​ក្នុង​តំបន់ បាន​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ម៉ាឡេស៊ី ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ismail Sabri ដែល​ហ៊ាន​រំលាយ​សភា​ដើម្បី​បោះឆ្នោត​មុន​អាណត្តិ​ដែល​ខុសពី​ប្រទេស​មួយ​នោះ​ក្នុង​សមាគម​ជាមួយ​គ្នា ទោះ​ជា​អួត​ខ្លួនឯង​ថា​មាន​ការ​គាំទ្រ​លើសលប់​ពី​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន ក៏​មិន​ហ៊ាន​ធ្វើ​ដូច​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែរ។ មេដឹកនាំ​របស់​ប្រទេស​នោះ​បាន​ត្រឹមតែ​អួត តែ​ខ្លាច​រឿង​ពិត​របស់​ខ្លួនឯង ទើប​ការ​បោះឆ្នោត​ម្ដងៗ​មិន​ដែល​មាន​ភាព​សេរី​ត្រឹមត្រូវ​តម្លាភាព​អ្វី​នោះ​ទេ។ មុន​ការ​បោះឆ្នោត​ម្ដងៗ​តែង​បង្កើត​វិធី​ទុច្ចរិត​កម្ចាត់​គូ​ប្រកួត​ឱ្យ​ខ្ទាត​ពី​វេទិកា​ប្រកួត ដោយ​ការ​ចាប់​អ្នក​នយោបាយ​ប្រឆាំង​ដាក់​គុក​ក្រោម​លេស​ចោទ​ថា បង្ក​អសន្តិសុខ​ប្រទេស​ជាតិ ឬ​បរិហារ​កេរ្តិ៍ ហើយ​ទីបំផុត តុលាការ​ក្រោម​បញ្ជា​របស់​ខ្លួន​ក៏​ចាត់ការ​អ្នក​នយោបាយ​ប្រឆាំង​នោះ​ភ្លាម​តែម្ដង។

នៅ​ក្នុង​សមាគម​អាស៊ាន មាន​ប្រទេស​ពីរ​នៅ​ប្រកាន់​របប​កុម្មុយនីស្ត គឺ​ប្រទេស​ឡាវ និង​វៀតណាម។ ចំណែក​ប្រទេស​ភូមា គឺ​ធ្លាក់​ក្នុង​របប​សឹក​ទៅ​ហើយ។ ចំណែក​ប្រទេស​ថៃ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា រាជាណាចក្រ​នេះ​កំពុង​ទៅ​រក​អំណាច​ផ្ដាច់ការ និង​យោធា​និយម​ផង​ដែរ ព្រោះ​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជា​អតីត​មេ​រដ្ឋប្រហារ កំពុង​ប្រើ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​ពួក​យោធា​បង្កើត​ឡើង​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ជា​ឧបករណ៍​នយោបាយ​ជួយ​ឱ្យ​លោក ប្រាយុទ្ធ តោង​អំណាច​នាយករដ្ឋមន្ត្រី​បាន​ទៀត​កាលពី​ឆ្នាំ​២០១៩ ទោះ​ជា​បក្ស​របស់​លោក​មិនមែន​ជា​បក្ស​ឈ្នះ​ឆ្នោត​ក៏ដោយ​នោះ។

យ៉ាង​នេះ​ក្ដី មាន​ប្រទេស​ចំនួន​៣ ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ល្អ​ជាងគេ គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។ ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​តុលាការ រួម​ទាំង​កងទ័ព​របស់​ប្រទេស​៣ នេះ បាន​ប្រកាន់ខ្ជាប់​នូវ​ភាព​អព្យាក្រឹត​ដោយ​មិន​ពាក់ព័ន្ធ​នយោបាយ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស