លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២។

នយោបាយ

សហ​មេធាវី៖ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​ឡើយ

By ឌឹ ខេមបូឌា ដេលី

October 13, 2022

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា សវនាការ​លើ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា នេះ​បន្ត​ទៀត បន្ទាប់ពី​តុលាការ​បាន​បើក​ការ​ជំនុំជម្រះ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ។

មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ តុលា នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ ដូច្នេះ​បើ​ទោះបីជា​សវនាការ​នឹង​ត្រូវ​បន្ត​បើក​ដំណើរការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៣ តុលា បន្ត​ទៀត​ក៏ដោយ ក៏​លោក​នៅតែ​តស៊ូ​រក​យុត្តិធម៌​ជូន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​មិន​រាថយ​ជាដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​សម្រេច​បន្ត​ដំណើរការ​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ត​ទៀត បន្ទាប់ពី​ដំណើរការ​សវនាការ​របស់​លោក​មួយ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​ពុធ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៦០ នៅ​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ក្នុង​អង្គហេតុ​បដិវត្តន៍​ពណ៌​ដដែល ប៉ុន្តែ​សវនាការ​ម្តង​នេះ គឺ​មាន​សភាព​ខុស​ប្រក្រតី ដោយសារតែ​តុលាការ​បាន​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក​ដោយ​ប្រើ​ពេល​រហូត​ដល់​ពេញ​មួយ​ថ្ងៃ ហើយ​ចុងក្រោយ តុលាការ​បាន​សម្រេច​ថា​នឹង​បន្ត​ដំណើរការ​នៃ​សវនាការ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ត​ទៀត។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ តុលា នេះ​ថា ការ​បង្កើន​ពេលវេលា​ដើម្បី​ដោះស្រាយ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឲ្យ​ឆាប់​ចប់ គឺជា​រឿង​ល្អ ជាពិសេស​ប្រសិនបើ​តុលាការ​បញ្ចប់​សំណុំរឿង​នេះ​ឲ្យ​បាន​មុន​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាងមុខ​នេះ គឺ​មាន​ផល​ចំណេញ​ធំធេង​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​តុលាការ​មាន​ចេតនា​ដោះស្រាយ​បញ្ចប់​សំណុំរឿង​នេះ​ឲ្យ​បាន​ឆាប់ គួរតែ​អនុវត្ត​ការ​ជំនុំជម្រះ​ឲ្យ​បាន​ញឹកញាប់ ប៉ុន្តែ​រាល់​ដំណើរការ​គ្រប់​ជំហាន​ត្រូវតែ​ធ្វើឡើង​ប្រកប​ដោយ​តម្លាភាព គ្មាន​ការ​គាប​សង្កត់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក កឹម សុខា ដោយ​ពិតប្រាកដ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ តុលា នេះ​ដែរ​ថា វិធី​ល្អ​បំផុត​សម្រាប់​កម្ពុជា គឺ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា នោះ​ទេ ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ ដែល​ជា​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បើក​លំហ​សេរីភាព​នយោបាយ​ឲ្យ​លោក កឹម សុខា វិល​ចូល​ឆាក​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ដូចជា​ផល​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ជាដើម ដែល​នឹង​ជួយ​សេដ្ឋកិច្ច និង​មុខមាត់​របស់​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ប៉ុន្តែ​សវនាការ​របស់​លោក​នៅ​តែ​បន្ត​ដោយ​គ្មាន​ពេល​កំណត់ ដូច្នេះ​ករណី​នេះ​ត្រូវ​គេ​រិះគន់​ថា​ជា​រឿង​នយោបាយ ជាជាង​ការ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់​របស់​កម្ពុជា៕