40.6 C
Phnom Penh

តុលាការ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំណុំរឿង​លោក កឹម សុខា ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​សប្ដាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក កឹម សុខា ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​តុលាការ​ប្រកាស​បិទ​បញ្ចប់​នីតិវិធី​សួរ​ដេញដោល​ដ៏​ចម្រូងចម្រាស​ដែល​បាន​អូស​បន្លាយ​រយៈពេល ៥​ឆ្នាំ​មក​នេះ។

ការ​ប្រកាស​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា នេះ បន្ទាប់ពី​តុលាការ​បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​សាក្សី​ដែល​បាន​កោះហៅ ប៉ុន្តែ​ក្នុង​ចំណោម​សាក្សី ២៧​នាក់ តុលាការ​សួរ​បាន​តែ​ចំនួន ៩​នាក់​ប៉ុណ្ណោះ។

សវនាការ​រយៈពេល​មួយ​ថ្ងៃ​ដោយ​សួរ​ដេញដោល​ទៅ​លើ​សាក្សី​ទាំង ៩​នាក់ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុន អតីត​មន្ត្រី​គណបក្ស​ប្រឆាំង លោក គង់ គាំ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកស្រី ចក់ សុភាព និង​លោក ម៉ា ចិត្រា សកម្មជន​ដីធ្លី ជាដើម ដែល​សរុប​ចំនួន ៩​នាក់។

ក្រោយពី​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កូយ សៅ បាន​ប្រកាស​បញ្ចប់​នីតិវិធី​សួរ​ដេញដោល ដោយ​ប្រកាស​ឲ្យ​តំណាង​អយ្យការ មេធាវី​ការពារ​ក្ដី​រដ្ឋាភិបាល និង​មេធាវី​ការពារ​ឲ្យ​លោក កឹម សុខា ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២។

ការ​សម្រេច​យក​សប្ដាហ៍​នេះ បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ជំទាស់​ដោយ​លើកឡើង​ថា តុលាការ​មិន​ទាន់​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​ចូលរួម​សវនាការ​នៅឡើយ ខណៈ​កូនក្ដី​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល» នោះ។

ក្នុង​សវនាការ​លើក​ទី​៦១ នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ទាមទារ​តុលាការ​កោះហៅ​សមត្ថកិច្ច​ដែល​បាន​ចូល​ចាប់​ខ្លួន​កូនក្ដី​ទាំង​កណ្ដាលយប់​អធ្រាត្រ​នោះ មិនទាន់​បាន​ចូល​មក​ឆ្លើយ​បំភ្លឺ​នៅឡើយ ប៉ុន្តែ​លោក ប្លង់ សុផល បាន​ឡើង​ពន្យល់​នីតិវិធី​បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​លើក​ដៃ​តវ៉ា​អំឡុង​ពេល​សវនាការ។

លោក កឹម សុខា ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ តុលាការ​ចោទប្រកាន់​រូបលោក​ពី​បទ «សន្ទិដ្ឋភាព ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល» ក៏ប៉ុន្តែ​បទ​ចោទ​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ធ្វើឡើង​ហាក់​មិន​សម​ហេតុផល ហើយ​ចាត់ទុក​សំណុំរឿង​នេះ​ថា​ជា​រឿង​នយោបាយ ដោយ​ថា​ចាប់តាំងពី​ការ​ចោទប្រកាន់​រហូត​ដល់​សវនាការ​សួរ​ដេញដោល​ត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃ​នេះ មិន​ដែល​ឃើញ​រដ្ឋ​ជា​បរទេស​ណា​មួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស