រដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទក្រោមសំឡេង ១១១លើ១១១សំឡេង ឲ្យលោក ឌិត ទីណា កូនប្រុសបង្កើតរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាច បានបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ដែលសមាជិករដ្ឋសភាសរុប ១១១រូប ក្នុងនោះក៏មានការចូលរួមពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផងដែរ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពលោក ឌិត ទីណា ឱ្យទទួលតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាឯកច្ឆន្ទពីសមាជិករដ្ឋសភាឯកបក្សចំនួន ១១១សំឡេងលើ ១១១សំឡេង។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ក្រុមសារព័ត៌មានក្នុងស្រុកថា សមាជិកសភាដែលបានចូលរួមប្រជុំទាំង ១១១រូប បានបោះឆ្នោតគាំទ្រលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មទាំងអស់គ្នា។
កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានស្នើទៅលោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមនៃសមាសភាពសមាជិករាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងគ្រប់គ្រងអំណាចតាមទំនើងចិត្ត លោក ហ៊ុន សែន បានស្នើឲ្យព្រះមហាក្សត្របញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីអតីតរដ្ឋមន្ត្រីកសិកម្មរូបនេះត្រូវបានមេបក្សកាន់អំណាច លោក ហ៊ុន សែន ស្ដីបន្ទោសខ្លាំងៗថាជារដ្ឋមន្ត្រីដែលមិនចេះធ្វើការងារសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ និងជារដ្ឋមន្ត្រីជិះសេះមើលផ្កាយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។
លោក ឌិត ទីណា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានតុលាការកំពូល។
លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
អ្នកជំនាញខាងផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ តុលា នេះថា លោកមិនដឹងថា តើសមាជិករដ្ឋសភាទាំងនោះជ្រើសរើសលោក ឌិត ទីណា តាមសំណើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឬជ្រើសរើសព្រោះតែគាត់មានសមត្ថភាពក្នុងការដឹកនាំក្រសួងកសិកម្មនោះទេ ប៉ុន្តែរហូតដល់ពេលនេះ លោក ឌិត ទីណា មិនដែលបានបង្ហាញពីសមត្ថភាពដឹកនាំខាងគ្រប់គ្រងវិស័យកសិកម្ម ឬបង្ហាញផែនការណាមួយ ដើម្បីលើកស្ទួយវិស័យនេះនៅឡើយទេ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ការជ្រើសរើសរដ្ឋមន្ត្រីមកដឹកនាំក្រសួងនីមួយៗ គឺពិតជារឿងសំខាន់ណាស់ ដែលត្រូវរើសយកមនុស្សដែលមានសមត្ថភាពពិតប្រាកដ ដើម្បីជំរុញការអភិវឌ្ឍមុខងារនៃស្ថាប័នដែលខ្លួនដឹកនាំ។ ផ្ទុយទៅវិញ បើការអនុម័តគាំទ្រសមាសភាពលោក ឌិត ទីណា នេះដោយផ្អែកទៅលើត្រឹមតែការស្នើរបស់លោក ហ៊ុន សែន នោះ គឺជាបញ្ហាកាន់តែធ្ងន់លើវិស័យមួយនេះនៅពេលដែលគាត់គ្មានសមត្ថភាពដឹកនាំនោះ។
មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា បញ្ហាចម្បងលើវិស័យកសិកម្មនៅពេលនេះ គឺការដោះស្រាយទីផ្សារកសិផលរបស់ពលរដ្ឋ ចៀសវាងការផលិតបានហើយលក់មិនចេញ ឬលក់បានក្នុងតម្លៃថោក។ ជាងនេះទៀត ការបង្កើតយន្តការឱ្យមានមន្ត្រីកសិកម្មនៅមូលដ្ឋាន ដើម្បីជួយផ្នែកបច្ចេកទេសដល់ពលរដ្ឋក៏ជាកត្តាចាំបាច់ផងដែរ ដើម្បីជួយជំរុញសង្វាក់កសិកម្មរបស់ពលរដ្ឋឱ្យល្អជាងពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងចំនួន ២២ខេត្ត ដែលធ្វើឲ្យលិចលង់ដំណាំកសិកម្មជាច្រើនម៉ឺនហិកតារ ដូចជាដំណាំស្រូវជាង ១សែន ៥ម៉ឺនហិកតារ និងដំណាំរួមផ្សំជាង ១ម៉ឺន ៤ពាន់ហិកតារផងដែរ ដូច្នេះមហាជនកំពុងតែរង់ចាំមើលស្នាដៃនៃរដ្ឋមន្ត្រីថ្មីរូបនេះ ថាតើនឹងមានសមត្ថភាពដោះស្រាយកម្រិតណាចំពោះវិបត្តិកសិកម្មនៅពេលនេះ។
ក្នុងផែនការទី៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ វិស័យកសិកម្មនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍជនបទដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕