29 C
Phnom Penh

ទូត​អូស្ត្រាលី​លើក​បញ្ហា​អសន្តិសុខ​សង្គម​និង​បញ្ហា​នយោបាយ​ក្នុង​ជំនួប​ជាមួយ​លោក ស ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អូស្ត្រាលី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ករណី​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​រំលោភ​សិទ្ធិ​កម្មករ​និយោជិត​ណាហ្គា​វើលដ៍ និង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វីតទ័រ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី អំពី​បញ្ហា​ជួញដូរ​មនុស្ស គ្រឿងញៀន ការ​លាង​លុយ​កខ្វក់ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ការ​បោះឆ្នោត​ឆ្នាំ​២០២៣ រួម​ទាំង​សំណុំរឿង​លោក កឹម សុខា និង​លោក សុន ឆ័យ ជាដើម ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈម​នៅ​ពេលនេះ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ថា ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​ដាស់តឿន​កម្ពុជា​ថា អំពើ​ជួញដូរ​មនុស្ស​ជា​បញ្ហា​សកល និង​ជា​បញ្ហា​តំបន់ មិនមែន​ជា​បញ្ហា​សម្រាប់​តែ​កម្ពុជា​នោះ​ទេ ដូច្នេះ​លោក​សង្ឃឹម​ថា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដ៏​ស្មុគស្មាញ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺជា​កិច្ចការ​ដែល​ទាមទារ​ឱ្យ​មាន​ការ​សហការ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ទាំង​ក្នុង​តំបន់ និង​សកលលោក ខណៈ​កម្ពុជា​កំពុង​បន្ត​ខិតខំ​ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​អំពើ​នេះ​នៅ​កម្ពុជា​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត។

លោក ស ខេង បញ្ជាក់​ថា ឯកអគ្គរាជទូត​អូស្ត្រាលី​រូប​នេះ​អះអាង​ថា អូស្ត្រាលី​នឹង​រួម​ចំណែក​ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​បង្កើន​សមត្ថភាព​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ចាកចេញ​ពី​បញ្ជី​ប្រផេះ​នៃ​ការ​សម្អាត​ប្រាក់​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បញ្ជី​តាមដាន​នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង មិន​បាន​លើកឡើង​ពី​សំណុំរឿង​របស់​លោក កឹម សុខា លោក សុន ឆ័យ និង​វិវាទ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​ដែល​ឯកអគ្គរាជទូត​អូស្ត្រាលី លោក Pablo Kang បាន​អះអាង​នោះ​ទេ។

បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​កម្រិត​៣ (Tier 3 Watch List) នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា សម្រាប់​ឆ្នាំ​២០២២ និង​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​លាង​លុយ​កខ្វក់​ក្នុង​បញ្ជី​ប្រផេះ ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​តាមដាន​ឱ្យ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​២០២២ នេះ កម្ពុជា​បាន​ដាក់​ចេញ​នូវ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​យ៉ាង​សកម្ម​ដែល​រក​ឃើញ​បទល្មើស​រាប់​រយ​ករណី​នៅ​ពេលនេះ។

បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ ត្រូវ​គេ​រក​ឃើញ​ថា​ជា​មុខសញ្ញា​ដែល​ពោរពេញ​ទៅ​ដោយ​សម្បុក​ឧក្រិដ្ឋជន​ដែល​សម្ងំ​លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​សម្អាត​ប្រាក់​យ៉ាង​សុខសាន្ត និង​យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​កាលពី​ថ្ងៃទី​១២ ខែ​តុលា នេះ​ថា ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​បង្ក​ការ​លំបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​ដើម្បី​ចោទប្រកាន់​ពួកគេ​យ៉ាង​ខ្លាំង។

សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ហើយ​មាន​ការ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

ដោយឡែក​សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) អះអាង​ថា ក្នុង​អំពើ​ទាំងនោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្នកជំនួញ​ជនជាតិ​ចិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែល​បាន​ភ្ជាប់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស