លោក អាន សុខខឿន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

នយោបាយ

កម្ពុជា​អំពាវនាវ​ឱ្យ UN កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

October 15, 2022

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អំពាវនាវ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព ដោយ​កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ក្នុង​ក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ស្ដីពី​សមិទ្ធផល​របស់​កម្ពុជា​លើ​កិច្ចការ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួ​ន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និង​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង​ពី​ការ​អនុវត្ត​របស់​កម្ពុជា ដើម្បី​ធ្វើ​ជា​របាយការណ៍​ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន។

ប្រភព​ដដែល​លើកឡើង​ថា ការ​បំពេញ​ការងារ​របស់​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ត្រូវតែ​ចាត់ទុក​សិទ្ធិមនុស្ស​ទាំងអស់ រួម​មាន​សិទ្ធិ​ពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និង​សង្គម រួម​ទាំង​សិទ្ធិ​អភិវឌ្ឍន៍​ផង​ដែរ​ក្នុង​តម្លៃ​ស្មើ​គ្នា ប្រកប​ដោយ​ភាព​យុត្តិធម៌ សមភាព និង​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ដូចៗ​គ្នា។

ការ​អះអាង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នេះ ធ្វើឡើង​ហាក់​មាន​ភាព​ផ្ទុយ​គ្នា​ទាំងស្រុង​ពី​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​ការ​គាប​សង្កត់​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​មិនមែន​ជា​ស្ថាប័ន​ស្ថិត​ក្រោម​ឥទ្ធិពល​ពី​ខាងក្រៅ​នោះ​ទេ។

ជាង​នេះ​ទៀត របាយការណ៍​ដែល​ពួកគេ​ទទួល​បាន​មិនមែន​ធ្វើឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់​នោះ​ឡើយ ដូច្នេះ​របាយការណ៍​ដែល​ពួកគេ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ សុទ្ធសឹងតែ​មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​របាយការណ៍​ទាំងនោះ​ក៏​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នៅ​កម្ពុជា​ដែរ គ្រាន់​តែ​ជា​ភស្តុតាង​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា គោលបំណង​នៃ​ការ​ស្រាវជ្រាវ​របស់​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គឺ​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ គ្មាន​គោលដៅ​ផ្សេង​នោះ​ឡើយ។ ចំណែក​រដ្ឋាភិបាល​វិញ ប្រសិនបើ​ខ្លួន​ក៏​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​ដែរ​នោះ គួរតែ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ជាជាង​ការ​បដិសេធ​ទៅ​នឹង​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​ទាំងនោះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​តែងតែ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មជ្ឈដ្ឋាន​អន្តរជាតិ រួម​ទាំង​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង ក៏​បាន​បង្ហាញ​ពី​កង្វល់​ដែល​រដ្ឋាភិបាល​រឹតត្បិត​លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែរ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​កិច្ចការ​របស់​ខ្លួន​ឡើងវិញ ថា​តើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ពិត​ជា​ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​មែន​ដែរ​ឬ​ក៏​អត់ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស ថា ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​ដដែល ព្រោះ​ថា​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ​ដោយសារតែ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស​សព្វថ្ងៃ​នេះ៕