មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យលើការងារមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបានហ្មត់ចត់ ដើម្បីជំរុញឱ្យពួកគេទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីការស្រាវជ្រាវបានរកឃើញថា ១១ខេត្តក្នុងចំណោមរាជធានី-ខេត្តទាំង២៥ បានកើតមាននូវទីតាំងល្បែងស៊ីសងខុសច្បាប់ជាង ១ម៉ឺនទីតាំង។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ តុលា នេះថា ការលេចចេញនូវទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ច្រើនលើសលប់បែបនេះ បានបង្ហាញយ៉ាងច្បាស់ថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាស្ដីពីភូមិ-ឃុំមានសុវត្ថិភាព គឺនៅតែមិនទាន់អាចអនុវត្តបាននៅឡើយ ក្នុងនោះក៏បង្ហាញពីការមិនទទួលខុសត្រូវ ឬការមិនអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានរបស់គណបក្សនេះផងដែរ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ដើម្បីធានានូវការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវតែដាក់ពិន័យ និងដាក់ទោសទណ្ឌទាំងតាមផ្លូវតុលាការ និងផ្នែករដ្ឋបាលទៅតាមកំហុសរបស់ពួកគេ ប៉ុន្តែប្រសិនបើគ្រាន់តែអនុវត្តតាមរបៀបភ្លើងចំបើងឱ្យតែល្អមើល និងមិនកម្រិតនូវការទទួលខុសត្រូវចំពោះមន្ត្រីរបស់ខ្លួនទេ នោះរឿងដដែលៗនេះនឹងកើតមានទៀតជាមិនខាន ហើយក៏នឹងកើតមានច្រើនជាងមុនថែមទៀតនៅពេលការអនុវត្តច្បាប់នេះបានស្ងប់ស្ងាត់ទៅវិញ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះបញ្ជាក់ថា គណបក្សរបស់លោកបានរៀបចំគោលនយោបាយឱ្យមានការប្រកួតប្រជែងការដឹកនាំរបស់មន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីឱ្យពួកគេមានការទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន ប្រសិនបើមន្ត្រីទាំងនោះ ដូចជាមេប៉ុស្តិ៍ អធិការស្រុក និងមន្ត្រីផ្សេងៗទៀត ជាដើម ធ្វើកិច្ចការមានប្រសិទ្ធភាព នោះពួកគេនឹងទទួលបានការលើកទឹកចិត្ត ប៉ុន្តែបើមន្ត្រីទាំងនោះប្រព្រឹត្តមិនត្រឹមត្រូវ ពួកគេត្រូវតែទទួលការពិន័យឲ្យខាងតែបាន ដើម្បីកុំឱ្យជំងឺសង្គមរីករាលដាលពេញប្រទេសដូចបច្ចុប្បន្ននេះ។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ ថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ក្រោយបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យទីតាំងសង្ស័យជាង ១ម៉ឺនទីតាំង និងបានអប់រំណែនាំធ្វើកិច្ចសន្យាមនុស្សប្រមាណ ១ម៉ឺន ៣ពាន់នាក់ផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាមានរាជធានី-ខេត្តចំនួន២៥ មានឃុំ-សង្កាត់ចំនួន ១៦៥២ មានស្រុក និងក្រុងប្រមាណ ១៨៩ និងភូមិមានចំនួនប្រមាណជា ១៤៤០៥ភូមិ ដូច្នេះបើពង្រាយទីតាំងល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចរកឃើញនៅពេលនេះ អាចនិយាយបានថា ក្នុង ១ភូមិគឺត្រូវតែមានល្បែងស៊ីសងខុសច្បាប់យ៉ាងតិច ១ទីតាំង ពីព្រោះតួលេខជាង ១ម៉ឺនទីតាំងដែលសមត្ថកិច្ចបង្ហាញនេះ មិនមែនជាតួលេខដែលពួកគេបានរកឃើញទាំងអស់នោះទេ។ ជាក់ស្តែង នៅតាមភូមិ-ឃុំដែលបើកល្បែងខុសច្បាប់ដោយមានមន្ត្រីមូលដ្ឋានជាខ្នងបង្អែកខ្លះ នៅតែបន្តដំណើរការនៅឡើយ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ទាំងអស់ ខណៈសកម្មភាពបើកល្បែងស៊ីសងដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណស្របច្បាប់ នឹងត្រូវបិទចោលដោយគ្មានករណីលើកលែង។
យ៉ាងណាក៏ដោយ ជុំវិញការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ត្រូវគេរិះគន់ថា គ្រាន់តែជាការបង្ក្រាបទៅលើបនល្បែងតូចតាចប៉ុណ្ណោះ ប៉ុន្តែមេខ្លោងធំៗដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ទាំងនេះ ដូចជាក្មួយប្រុសបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ សមាជិកព្រឹទ្ធសភាកម្ពុជា ឧកញ៉ា លី យ៉ុងផាត់ និងសមាជិកព្រឹទ្ធសភាកម្ពុជាមួយរូបទៀត គឺឧកញ៉ា កុក អាន ជាដើម មិនត្រូវបានរដ្ឋាភិបាលបើកការស៊ើបអង្កេតដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសនៅឡើយទេ៕