29 C
Phnom Penh

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន សែន យក​គំរូ​អតីត​ព្រះមហាក្សត្រ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ប្រតិបត្តិ​តាម​គំរូ​នៃ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ការ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ ទម្លាក់​បទ​ចោទ​លើ​អ្នកទោស​មនសិការ​គ្រប់​រូប និង​ផ្ដល់​សិទ្ធិ​សេរី​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​ចូលរួម​សកម្មភាព​នយោបាយ​បាន​ដោយ​សេរី។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ការ​បង្រួបបង្រួម​ខ្មែរ​គ្រប់​និន្នាការ ការ​បើក​ទូលាយ​ឱ្យ​ខ្មែរ​គ្រប់​រូប​បាន​ចូលរួម​ការពារ​អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ជាតិ សន្តិភាព​ជាតិ និង​បូរណភាព​ដែនដី​កម្ពុជា​បាន​ពេញលេញ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​បាន​ចែង សុទ្ធសឹងតែ​ជា​គំរូ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​លោក ហ៊ុន សែន គួរ​អនុវត្ត​តាម​ដើម្បី​ភាព​រុងរឿង​របស់​កម្ពុជា។

លោក សេក សុជាតិ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​ត្រឹមត្រូវ ដែល​មាន​សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប មួយ​ដែល​ឯករាជ្យ គ្មាន​និន្នាការ​នយោបាយ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​រឹត​បន្តឹង​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ទាមទារ​របស់​កម្មករ សេរីភាព​សារព័ត៌មាន និង​ច្បាប់​ផ្សេងៗ​ទៀត ជាដើម ដើម្បី​លើក​កម្ពស់​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​នីតិរដ្ឋ​មួយ​ពិតប្រាកដ​នៅ​កម្ពុជា។

លោក សេក សុជាតិ បញ្ជាក់​ថា ស្នាព្រះហស្ត​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ច្រើន​រាប់​មិន​អស់​ដែល​ប្រមុខ​រដ្ឋាភិបាល​គួរ​អនុវត្ត​តាម ដូចជា៖

  • ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៥៣
  • ការ​ដឹកនាំ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១
  • ការ​រៀបចំ​របប​ដឹកនាំ​ប្រទេស​សាជាថ្មី ដោយ​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣
  • និង​បណ្តាំ​របស់​ព្រះអង្គ​នៅ​មុន​ពេល​សោយ​ទិវង្គត​ថា ប្រជាជាតិ​ខ្មែរ​ត្រូវតែ​សាមគ្គី និង​បញ្ចប់​នូវ​វប្បធម៌​យក​ជាតិ​ឯង​ធ្វើ​ជា​សត្រូវ ជាដើម។

កាលពី​ថ្ងៃទី​១៥ ខែ​តុលា លោក ហ៊ុន សែន បាន​អះអាង​ថា ការ​គោរព​វិញ្ញាណក្ខន្ធ​ក្នុង​ខួប ១០​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នេះ គឺ​ដើម្បី​សម្ដែង​នូវ​ការ​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​រហូត​មក។

លោក ហ៊ុន សែន លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅតែ​ចងចាំ​ជាប់​មិន​អាច​បំភ្លេច​នូវ​ស្នាព្រះហស្ត​ដែល​ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​អង់អាច​ក្លាហាន ក្នុង​ការ​ទាមទារ និង​ដណ្តើម​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរ​ពី​នឹម​អាណានិគម​បារាំង រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ កន្លងទៅ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺជា​ពេលវេលា​ដ៏​សែន​សោកសៅ និង​សោកសង្រេង​បំផុត​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល ព្រោះ​ជា​ពេលវេលា​បាត់បង់​នូវ​ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​មួយ​អង្គ​របស់​ទឹកដី​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​កម្ពុជា​ដែល​ប្តូរផ្តាច់​កាន់​អំណាច​គ្មាន​ពេល​កំណត់ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧ ថា មាន​តែ​ត្រកូល «ហ៊ុន» ប៉ុណ្ណោះ​ដែល​ជា​អ្នក​ធានា​ការពារ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ ជាពិសេស​របប​រាជា​និយម​តទៅ​ថ្ងៃ​មុខ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ជាង ៤​ទសវត្ស​មក​នេះ មិន​ត្រឹមតែ​មិន​គោរព​ព្រះរាជកិច្ច​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រ​ខ្មែរ​ដែល​កំពុង​គ្រងរាជ្យ​បច្ចុប្បន្ន​នេះ​ទេ តែ​លោក ហ៊ុន សែន តែងតែ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ព្រះអង្គ​រហូត​ដល់​រំលោភ​ព្រះរាជ​តួនាទី​របស់​ទ្រង់​ថែម​ទៀត។

ជាក់ស្តែង កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ ប្រសិនបើ​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ឱ្យ​បក្ស​កាន់​អំណាច​អាច​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល​វៀតណាម បាន​បន្ត​ទៀត​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស