28 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​កុមារ​រងគ្រោះ​លិច​ទូក​របស់​លោក កឹម សុខា ជា​សកម្មភាព​មនុស្សធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ដែល​រងគ្រោះ​ដោយ​លិច​ទូក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​សកម្មភាព​មនុស្សធម៌​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ និង​ជា​ពុទ្ធសាសនិក​មួយ​រូប មិនមែន​ជា​សកម្មភាព​នយោបាយ​អ្វី​នោះ​ឡើយ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា សកម្មភាព​មនុស្សធម៌​ដែល​ជួយ​ចែក​រំលែក​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​ខ្មែរ​របស់​លោក កឹម សុខា គួរតែ​ទទួល​បាន​នូវ​ការ​លើក​ទឹកចិត្ត​ឲ្យ​លោក​ធ្វើ​សកម្មភាព​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ត្បិត​អ្វីៗ​ដែល​លោក​បាន​ធ្វើ គឺជា​ការ​ជួយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ដែរ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា មុន​ពេល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​រហូត​ដល់​ពេល​ដែល​លោក​ជាប់​បម្រាម​តុលាការ​សព្វថ្ងៃ​នេះ លោក​នៅតែ​មាន​បំណង​ចង់​ជួយ​ដល់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ប្រឈម​ដដែល ហើយ​ស្រប​ពេល​ដែល​លោក​ស្ថិត​ក្នុង​ការ​គាបសង្កត់​សេរីភាព​ដូច​សព្វថ្ងៃ​នេះ​ទៀត​នោះ រឹតតែ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក កឹម សុខា ជា​មេដឹកនាំ​ដែល​ខ្វល់ខ្វាយ​ពី​ការ​រស់នៅ​របស់​ពលរដ្ឋ​កាន់តែ​ច្បាស់ សូម្បីតែ​ខ្លួនឯង​មាន​សេរីភាព​បន្តិចបន្តួច​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ត្អូញត្អែរ​ថា គ្រោះថ្នាក់​លិច​ទូក​ដែល​បាន​ឆក់​យក​ជីវិត​កុមារ​តូចៗ​នៅ​ពេលនេះ ជា​រឿង​ដែល​គួរ​ឲ្យ​រន្ធត់ និង​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​គ្រោះថ្នាក់​នេះ​គឺជា​បទពិសោធន៍ និង​ជា​មេរៀន​មួយ​សម្រាប់​អាជ្ញាធរ​ទាំងអស់ ដែល​ត្រូវ​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ កុំ​រវល់​តែ​អរគុណ​សន្តិភាព ប៉ុន្តែ​មិន​នាំគ្នា​ការពារ​អាយុជីវិត​របស់​ពលរដ្ឋ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​សោកសៅ​ដូច​ពេលនេះ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូល​គោរព​វិញ្ញាណក្ខន្ឋ​កុមារ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​លិច​ទូក​នៅ​ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ក្នុង​បំណង​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ផង និង​ដើម្បី​បាន​ជួប​មុខ​ផ្ទាល់​ជាមួយ​កុមារ​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ដើម្បី​លើក​ទឹកចិត្ត​ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ធ្លាប់​បាន​បញ្ជាក់​ថា ការ​រំលែក​ទុក្ខ​ដោយ​ការ​សម្ដែង​នូវ​មនោសញ្ចេតនា និង​កាយវិការ​សប្បុរសធម៌​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា គឺជា​ចេតនា​របស់​លោក​ដែល​មាន​បំណង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រួសារ​រងគ្រោះ​ដែល​បាន​បាត់បង់​សាច់សាលោហិត​នៅ​ពេលនេះ។

កាលពី​ពេល​ថ្មីៗ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ធ្លាប់​បាន​អះអាង​ថា ការ​កសាង​អំពើ​ល្អ មិន​គុំកួន​សងសឹក​គ្នា គឺ​សុទ្ធតែ​ជា​កត្តា​បង្ហាញ​អំពី​សន្តាន​ចិត្ត ឬ​ឆន្ទៈ​ក្នុង​ការ​ចង់​បាន​សន្តិភាព​ពិតប្រាកដ ដែល​នាំ​ឱ្យ​មាន​សេចក្តី​សុខ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត។ ជាង​នេះ​ទៀត ក៏​ជា​ការ​រីកចម្រើន​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​ផង​ដែរ ក្នុង​នោះ​លោក​ធ្លាប់​ជួយ​ថវិកា​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ព្រមទាំង​ចូលរួម​ធ្វើ​ពិធី​សាសនា​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស