30 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ពេល​វិល​មក​ដល់​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា ព្រមាន​ចាប់ និង​បញ្ជូន​ខ្លួន​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ពន្ធនាគារ ពេល​វិល​មក​ដល់​កម្ពុជា​វិញ។ បុរស​ខ្លាំង​រូប​នេះ​បាន​ហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​នយោបាយ​ណា​ក៏ដោយ​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នឹង​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ ដោយ​លោក​ចាត់ទុក​លោក សម រង្ស៊ី ថា​ជា​ទណ្ឌិត​រត់​ចោល​គុក។

លោក ហ៊ុន សែន ប្រកាស​ប្រើ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ណា​ដែល​លោក​ចាត់ទុក​ថា​បាន​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​ឲ្យ​កម្លាំង​ផ្ដួល​រំលំ​រដ្ឋាភិបាល​អំឡុង​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ ដោយ​ថា​សកម្មភាព​របស់​លោក សម រង្ស៊ី មិន​បាន​ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើយ។

លោក​ក៏​បាន​ថ្លែង​បែប​ឌឺដង​ដោយ​ហៅ​លោក សម រង្ស៊ី ថា «ត្រកូល​ក្បត់​ជាតិ ៣​ជំនាន់» និង​ថា​លោក សម រង្ស៉ី ក៏​ធ្លាប់​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ជាច្រើនលើក​ផង​ដែរ។

ក្រៅពី​ថ្លែង​ឌឺដង​ហើយ លោក ហ៊ុន សែន ថា​មិន​ដែល​រារាំង ឬ​ហាមឃាត់​ជើង​យន្តហោះ​ដឹក​លោក សម រង្ស៊ី វិល​មក​កម្ពុជា​ឡើយ។ ផ្ទុយទៅវិញ លោក​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​ឲ្យ​បាន​ឆាប់ ដោយ​លោក​នឹង​ស្វាគមន៍​វិធានការ​ច្បាប់ ហើយ​ប្រកាស​នឹង​មិន​ចុះហត្ថលេខា​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី តទៅទៀត​ដែរ។

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នា​ថ្ងៃ​នេះ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ឌឺដង​ថា លោក ហ៊ុន សែន បាន​ភ្លាត់ស្នៀត​ជាមួយ​តុលាការ​បារាំង ខណៈ​លោក​ជា​មនុស្ស​ច្រងេងច្រងាង​មិន​ដែល​ទទួលស្គាល់​ការពិត​ទេ។

លោក សម រង្ស៊ី អះអាង​ថា កាលពី​ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ប៉ុន្តែ​បែរ​ជា​ប្រកាស​ថា​គាត់​ជា​អ្នក​ឈ្នះ​ឆ្នោត​ទៅវិញ។

លោក សម រង្ស៊ី អះអាង​ថា នៅ​ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ចាញ់​ក្តី​ក្នុង​ការ​តតាំង​ជាមួយ​លោក​នៅ​ចំពោះ​មុខ​តុលាការ​បារាំង តែ​លោក ហ៊ុន សែន ប្រកាស​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​ក្តី​ទៅវិញ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន ហាក់​បាន​បង្កប់​នូវ​ភាព​ភ័យខ្លាច​ទៅ​លើ​ចលនា​គាំទ្រ​របស់​លោក សម រង្ស៊ី ដែល​ប៉ុនប៉ង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា សារ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ​អាច​ជា​ការ​កើត​ចេញពី​ការ​មិន​សប្បាយ​ចិត្ត​រឿង​ក្តី​ក្ដាំ​នៅ​តុលាការ​បារាំង ដែល​លោក ហ៊ុន សែន ទាមទារ​ប្រាក់​ជំងឺចិត្ត​ចំនួន ១​អឺរ៉ូ​ពី​លោក សម រង្ស៊ី មិន​បាន។ ប៉ុន្តែ​លោក​គិត​ថា សារ​នេះ​នឹង​អាច​សម្លាប់​ជីវិត​នយោបាយ​មេដឹកនាំ​ក្រុម​ប្រឆាំង​ដែល​កំពុង​និរទេស។

លោក សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ប្ដេជ្ញា​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ផែនការ «៩ វិច្ឆិកា» នោះ​ត្រូវ​បាន​បរាជ័យ។

ការ​បរាជ័យ​នោះ លោក សម រង្ស៊ី អះអាង​ថា​ដោយសារតែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ដាក់​បម្រាម​មួយ​ចំនួន​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចូល​មក​កម្ពុជា ខណៈ​ព្រំដែន​គោក​កម្ពុជា-ថៃ ត្រូវ​បាន​ដាក់​កម្លាំង​សន្ធឹកសន្ធាប់​ស្ទើរ​គ្រប់​ច្រក​ផង​ដែរ។

ក្រោយពី​មាន​ប្រកាស​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស