27 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កង្វះ​បច្ចេកទេស​កែច្នៃ​ដើម្បី​នាំចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្អូញត្អែរ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​កង្វះ​បច្ចេកទេស និង​ការ​កែច្នៃ​ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​នៅ​ក្នុង​ពិធី​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​បច្ចេកទេស កង្វះ​ប្រព័ន្ធ​ស្រោចស្រព និង​ការ​ធ្លាក់​គុណភាព​ដី​កសិកម្ម ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដី​កសិកម្ម​បន្ថែម​ទៀត។

លោក​បន្ត​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត​ការ​កែច្នៃ ដូច្នេះ​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ក្រៅ​ផ្លូវការ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​តួនាទី​សម្របសម្រួល​លើ​វិស័យ​នេះ ក៏​មិនទាន់​មាន​ភាព​ប្រាកដប្រជា​ដែរ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​ក្នុង​ការ​រក្សា​សន្តិសុខ​ស្បៀង ការ​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ពេល​មាន​វិបត្តិ ការ​បង្កើត​ការងារ និង​ការ​ចូលរួម​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ប្ដេជ្ញា​ប្រែ​ក្លាយ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​ទៅ​ជា​កសិកម្ម​កាន់តែ​ទំនើប ឆ្លាតវៃ ប្រកប​ដោយ​និរន្តរភាព ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ ហើយ​បម្រើ​ឱ្យ​ផលប្រយោជន៍​ពិតប្រាកដ​របស់​ប្រជាជន និង​លើក​កម្ពស់​ជីវភាព​របស់​កសិករ​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​មិន​អាច​រីកចម្រើន​ទៅ​មុខ​បាន​ទេ បើ​កម្ពុជា​នៅតែ​បន្ត​ពឹង​លើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​វៀតណាម ទាំង​ការ​ផលិត និង​ការ​នាំចេញ​ដូច​សព្វថ្ងៃ​នេះ។ លោក​ថា ជាក់ស្តែង ឧបករណ៍​គ្រប់​ប្រភេទ​ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម​ទាំងអស់ ដូចជា​ជី​ដាក់​ដំណាំ ថ្នាំ​សម្លាប់​សត្វល្អិត​គ្រប់​ប្រភេទ ម៉ាស៊ីន​បូម​ទឹក និង​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ទៀត។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​នេះ​ច្បាស់លាស់​ទេ បើ​ទោះបីជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម ប្ដេជ្ញា​ធ្វើ​ឲ្យ​វិស័យ​នេះ​រីកចម្រើន​ក៏ដោយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​គម្រោង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​នេះ​ទេ ដូចជា​រោងចក្រ​ផលិត​ជី រោងចក្រ​ផលិត​ថ្នាំ​គ្រប់​ប្រភេទ និង​រោងចក្រ​ដំឡើង និង​ផលិត​ឧបករណ៍​កសិកម្ម​ជាច្រើន​ទៀត។

លោក​ត្អូញត្អែរ​ថា ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទាំងស្រុង ក្នុង​នោះ ផលិតផល​កសិកម្ម​ដែល​កសិករ​ផលិត​បាន ដូចជា​ដំណាំ​ស្រូវ ដំឡូងមី ស្វាយចន្ទី និង​ជ័រ​កៅស៊ូ ជាដើម ត្រូវ​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម​គ្រប់​ពេល​ទាំងអស់ ជាពិសេស​តម្លៃ​នៃ​កសិផល​ខ្មែរ​ទាំងនោះ ត្រូវ​ឈ្មួញ​វៀតណាម​កំណត់​ស្រេច​តែ​នឹង​ចិត្ត​រហូត​មក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​នៅ​ពេលនេះ គឺ​ត្រូវការ​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះ​ខ្លាំង​ណាស់​ពី​ប្រទេស​ជិតខាង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​លើ​វិស័យ​នេះ ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​តាមរយៈ​នៃ​ការ​កែច្នៃ​ដោយ​ខ្លួនឯង ដូចជា​ការ​កែច្នៃ​ពូជស្រូវ ពូជ​ដំឡូងមី ពូជ​ស្វាយចន្ទី និង​ជី​សម្រាប់​ប្រើ​លើ​ដំណាំ ជាដើម ដើម្បី​ចៀសវាង​ការ​ចំណាយ​លុយ​របស់​កសិករ​ខ្មែរ​ទិញ​ពី​ប្រទេស​វៀតណាម ដែល​កសិករ​ខ្មែរ​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រទេស​វៀតណាម រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស