សាធារណជនរិះគន់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញញត្តិប្រឆាំង និងថ្កោលទោសរឿងលោក សម រង្ស៊ី ក្រោយពីមានការថ្លែងរបស់លោក ហ៊ុន សែន ខណៈកន្លងមក ក្រសួងមួយនេះបានហាមឃាត់មិនឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនិយាយរឿងនយោបាយ។
កាលពីថ្ងៃទី១៧ ខែតុលា ក្រសួងអប់រំ យុវជន និងកីឡា បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ភ្លាមៗក្រោយពេលលោក ហ៊ុន សែន គំរាមបង្ក្រាបរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងគ្រួសាររបស់លោកនៅឆ្នាំ២០២៣។
សកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុធ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្រសួងអប់រំបានហាមមិនឲ្យនិយាយរឿងនយោបាយក្នុងសាលា ប៉ុន្តែស្ថាប័នអប់រំខ្លួនឯងដែលជាអ្នកអប់រំគេ បែរជាប្រើប្រាស់ពាក្យ «ពូជក្បត់ ៣ជំនាន់» ទៅវិញ។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ Seng Lonh បានសរសេរថា «ធ្វើដល់ក្រសួងអប់រំទៅហើយ នៅខ្វះគំនិតក្នុងការវិភាគ ហើយថារដ្ឋាភិបាលហេតុអីបានជាពុកផុយដួលរលំងាយៗ ដោយគ្រាន់តែមនុស្សម្នាក់រៀបគម្រោងផ្ដួលរំលំសោះ ក៏ខ្វល់ខ្វាយខ្លាំងបែបនេះ?»។
គណនីហ្វេសប៊ុកដដែលនេះសរសេរថា លោក ហ៊ុន សែន ជាអ្នកនិយាយតែម្នាក់ឯង បែរជាក្រសួងអប់រំនាំកិត្តិយសលោកគ្រូអ្នកគ្រូល្អៗដែលមានមនសិការជាតិ ទៅអាប់ឱនកិត្តិយសតាមរដ្ឋាភិបាលដែលដឹកនាំសង្គមពោរពេញដោយអំពើពុករលួយទៅវិញ។
ប្រភពដដែលអះអាងថា ប្រសិនរដ្ឋមន្ត្រីក្រសួងអប់រំចេញញត្តិថ្កោលទោស គួរដាក់ឈ្មោះតែខ្លួនឯងម្នាក់ទៅ ហើយមិនចាំបាច់នាំគ្រូល្អៗទៅឲ្យគេជេរ និងនាំគេអាប់កិត្តិយសតាមជាមួយនោះទេ។
ក្រៅពីហ្វេសប៊ុកខាងលើនេះ ក៏មានសាធារណជនផ្សេងៗបានចូលទៅបញ្ចេញមតិ ដោយលើកឡើងប្រហាក់ប្រហែលគ្នាថា ក្រសួងអប់រំ យុវជន និងកីឡា បានហាមសិស្សមិនឲ្យពាក់ព័ន្ធនឹងរឿងនយោបាយ ដូចនេះក្រសួងអប់រំ យុវជន និងកីឡា ក៏មិនត្រូវពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។
មិនមែនតែក្រសួងអប់រំទេដែលចេញញត្តិប្រឆាំង និងថ្កោលទោសលោក សម រង្ស៊ី នោះ សូម្បីក្រសួងយុត្តិធម៌ ក្រសួងការងារ ក្រសួងការពារជាតិ ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលទាំងអស់ ក៏ចេញញត្តិថ្កោលទោសនេះដែរ។
ការចេញញត្តិប្រឆាំង និងថ្កោលទោស ដោយប្រើពាក្យធ្ងន់ធ្ងរថា «សម្ដីទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី» ធ្វើឡើងទៅតាមការគំរាមរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី១៧ តុលា លោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកដែលគាំទ្រលោក សម រង្ស៊ី ដោយថាវិធានការនេះដើម្បីកម្ចាត់ចោលនូវអ្វីដែលជាមនោគមវិជ្ជាជ្រុលនិយម។
បុរសខ្លាំងរូបនេះបានហៅលោក សម រង្ស៉ី ដោយប្រើពាក្យថា «ពូជក្បត់ជាតិ ៣ជំនាន់» និងថាក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជាង ៥០០ឆ្នាំ មិនមាននរណាខូចជាង «ជនពូជក្បត់ជាតិ ៣ជំនាន់» នេះទេ។
លោក ហ៊ុន សែន អះអាងថា មូលហេតុដែលលោកថ្លែងដោយប្រើពាក្យបែបនេះ ដោយសារការប្រកាសវិលចូលកម្ពុជាជាថ្មីរបស់លោក សម រង្ស៊ី ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងកាំភ្លើង តម្រង់ទៅរដ្ឋាភិបាលដែលដឹកនាំដោយរូបលោកក្នុងពេលបច្ចុប្បន្ននេះ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក សុខ ឥសាន បានថ្លែងថា បើមានមុខនៅកម្ពុជា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នឹងត្រូវចាប់បញ្ចូលគុក ព្រោះមានសាលក្រមតុលាការរួចហើយ។ លោកថា រាជរដ្ឋាភិបាលកម្ពុជាបានបើកផ្លូវអស់ហើយឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចូលស្រុក ចូលបាន ឬមិនបាន អាស្រ័យលើទណ្ឌិតក្លាហាន ឬកំសាកតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ែន ណាត អនុប្រធានវេទិកាពលរដ្ឋ (PFOR) យល់ថា ការចេញញត្តិរបស់ក្រសួងអប់រំ ក៏ដូចជាស្ថាប័នដទៃទៀតបានក្លាយទៅជាក្រសួងស្ថាប័នដែលចាំតែបន្ទរ រណប និងលើកដៃលើកជើងគ្រួសារលោក ហ៊ុន សែន និងគណបក្សកាន់អំណាច ខណៈក្រសួងស្ថាប័នទាំងនោះ រួមទាំងក្រសួងអប់រំផង វាលែងជាស្ថាប័នតំណាងឲ្យជាតិ និងពលរដ្ឋខ្មែរទូទៅពិតប្រាកដតទៅទៀតហើយ។
លោក ម៉ែន ណាត បន្តថា ស្ថាប័នដទៃទៀតក៏មិនខុសពីក្រសួងអប់រំដែរ ដោយខំយកចិត្តក្រុមគ្រួសារលោក ហ៊ុន សែន ទាំងដឹងថានៅក្នុងប្រព័ន្ធដឹកនាំបែបផ្ដាច់ការនៅកម្ពុជាសព្វថ្ងៃ ស្រដៀងគ្នាទៅនឹងប្រព័ន្ធដឹកនាំនៅកូរ៉េខាងជើង ដោយតម្រូវឲ្យស្ថាប័នក្រោមឱវាទត្រូវធ្វើញត្តិគាំទ្រលោក ហ៊ុន សែន យ៉ាងខ្ទរខ្ទារតាមរបៀបគំរាមមន្ត្រីរាជការ និងពលរដ្ឋឲ្យចូលរួមក្នុងនយោបាយប្រជាភិថុតិរបស់ខ្លួន។
លោកចាត់ទុកការចេញញត្តិនេះ ថាបានវាជះឥទ្ធិពលអាក្រក់ដល់សិស្សានុសិស្ស ដល់កូនខ្មែរ និងស្រទាប់ពលរដ្ឋ។
មាត្រា ៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចែងថា មន្ត្រីរាជការត្រូវមានភាពអព្យាក្រឹតក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ។
លោក ម៉ែន ណាត អះអាងថា ជម្លោះពាក្យសម្ដីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជារឿងបុគ្គលសុទ្ធសាធ ដែលជេរប្រមាថគ្នាទៅវិញទៅមកដូចកូនក្មេង ជាហេតុនាំឲ្យស្មារតីជាតិបែកបាក់បង្កការលំបាកដល់ការផ្សះផ្សាផ្លូវចិត្តគ្នា រាលដាលដល់អ្នកគាំទ្រនៃភាគីរៀងៗខ្លួន។
លោកបន្តថា ការលើកឡើងរបស់លោក សម រង្ស៊ី ថាវិលត្រឡប់មកកម្ពុជានៅឆ្នាំ២០២៣ គ្រាន់តែជាការនិយាយចោលដូចពេលកន្លងមក «ដើម្បីបង្កើតព្រឹត្តិការណ៍ផ្លុំផ្សែងដាក់ខ្លួនឯង» មួយដង្ហើមចង្រិតប៉ុណ្ណោះ៕