33.3 C
Phnom Penh

រុស្ស៊ី​បាញ់​មីស៊ីល​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​មួយ​សប្ដាហ៍​មក​នេះ មហាអំណាច​រុស្ស៊ី​បាន​បើក​ប្រតិបត្តិ​ថ្មី​មួយ​ទៀត ដោយ​បាញ់​មីស៊ីល និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន (Drones) ទៅ​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន។

នៅ​ថ្ងៃ​អង្គារ ទី​១៨ តុលា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Newsweek បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ស្រោច​ពី​លើ​យន្តហោះ​ចម្បាំង និង​យន្តហោះ Drones ដោយ​បាញ់​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន ដែល​មើល​ទៅ​រុស្ស៊ី​ដោះដូរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ដែល​ឈាន​ដល់​ជិត ២៤០​ថ្ងៃ​មក​នេះ។

អ្នក​សង្កេតការណ៍​គិត​ថា រុស្ស៊ី​មាន​ផែនការ​ចង់​បំផ្លាញ​ប្រព័ន្ធ​ផ្ដល់​កំដៅ​របស់​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជួប​ផលវិបាក​ដោយសារ​តែ​រដូវរងា​ចូល​មក​ដល់​នេះ គឺ​ចាំបាច់​ត្រូវការ​ថាមពល និង​អគ្គិសនី​កំដៅ។

អភិបាល​ក្រុង Zhytomyr លោក Serhiy Sukhomlyn ឲ្យ​ដឹង​ថា មីស៊ីល​របស់​រុស្ស៊ី​ចំនួន ២​គ្រាប់​ដែល​បាញ់​ចេញពី​យន្តហោះ វា​បាន​បាញ់​ចំ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដែល​រោងចក្រ​នេះ​វា​ស្ថិត​នៅ​ក្បែរ​មូលដ្ឋាន​ទ័ព​របស់​អ៊ុយក្រែន នៅ​ក្រុង Zhytomyr បណ្ដាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី និង​ទឹក។

ចំណែកឯ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​គៀវ ក៏​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល​បាញ់​ចេញពី Drone របស់​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​ទ័ព​រុស្ស៊ី​កំពុង​ប្រើប្រាស់។ ជាមួយ​គ្នា​នេះ នៅ​តំបន់​ភាគ​ខាងត្បូង ក៏​ត្រូវ​បាន​វាយ​បំផ្លាញ​ដោយ Drone ផង​ដែរ។

បើ​តាម​ប្រភព​ចារកម្ម​របស់​អ៊ុយក្រែន រុស្ស៊ី​បាន​ទទួល Drone អត្តឃាត​ចំនួន ១០០​គ្រឿង​ពី​អ៊ីរ៉ង់។ Drone នេះ អ៊ីរ៉ង់​ហៅថា kamikaze ឬ Drone Shahed-136។ កាលពី​ថ្ងៃ​ចន្ទ Drone kamikaze បាន​បាញ់​ទៅ​លើ​អគារ​ដ៏​ធំ​មួយ​របស់​អ៊ុយក្រែន នៅ​កណ្ដាល​ទីក្រុង​គៀវ ដោយ​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​ខ្លាំង។ Drone នេះ ត្រូវ​បាន​ទ័ព​រុស្ស៊ី​បញ្ជា​ឱ្យ​ទៅ​វាយប្រហារ​ជាច្រើន​ទៅ​លើ​ទីតាំង​របស់​អ៊ុយក្រែន​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស។

ប្រធានាធិបតី​អ៊ុយក្រែន អះអាង​ថា ៣០​ភាគរយ​នៃ​ស្ថានីយ​ថាមពល​របស់​អ៊ុយក្រែន ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​មីស៊ីល​រុស្ស៊ី​ក្នុង​រយៈពេល ១​សប្តាហ៍​មក​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ថា ប្រហែល​ជា ៣០% នៃ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារតែ​ស្នាដៃ​របស់​រុស្ស៊ី គិត​ចាប់តាំងពី​ថ្ងៃទី​១០ ខែ​តុលា មក ដែល​បាន​បង្ក​ជា​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​នៅ​ពាសពេញ​ប្រទេស។

លោក ហ្សេឡេនស្គី បាន​ហៅ​ការ​វាយប្រហារ​របស់​រុស្ស៊ី ថា​ជា​អំពើ​ភេរវកម្ម​ដែល​មាន​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។ លោក​បន្ថែម​ថា នា​ពេលនេះ វា​មិន​មាន​នៅ​សល់​ឱកាស​ដើម្បី​អង្គុយ​នៅ​តុ​ចរចា​គ្នា​ដោយ​សន្តិវិធី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៀត​ឡើយ។

សេចក្តី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី ធ្វើឡើង​បន្ទាប់ពី​កងទ័ព​រុស្ស៊ី បាន​ចាប់ផ្តើម​ការ​វាយប្រហារ​ដំណាក់កាល​ថ្មី​មក​លើ​រដ្ឋធានី​គៀវ និង​តំបន់​ជាច្រើន​ទៀត​របស់​អ៊ុយក្រែន ក្រោយពី​ការ​បាញ់​ស្រោច​មីស៊ីល​ចូល​ទៅ​ភាគ​ខាងត្បូង និង​ភាគ​ឦសាន​នៃ​ដែនដី​អ៊ុយក្រែន។

ក្រៅពី​តំបន់​គៀវ ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន ត្រូវ​បាន​រាយការណ៍​ថា​មាន​នៅ​តំបន់ Zaporizhzhia តំបន់​ដុនញិប តំបន់​ប្រូផេតត្រូវ (Dnipropetrovsk) តំបន់ Kharkiv តំបន់​មីខូឡាវ (Mykolaiv) តំបន់ Zhytomyr និង​តំបន់ Sumy សុទ្ធតែ​នៅ​ភាគ​ខាងត្បូង​ជា​ទីតាំង​រឹងមាំ​របស់​កងទ័ព​អ៊ុយក្រែន​ទើប​វាយ​រំដោះ​បាន​ពី​កងទ័ព​រុស្ស៊ី។

ក្នុង​សង្គ្រាម​ជិត ២៤០​ថ្ងៃ​មក​នេះ កងទ័ព​រុស្ស៊ី ត្រូវ​កងទ័ព​អ៊ុយក្រែន​វាយ​បាក់​ទ័ព​យ៉ាងតិច​ចំនួន ៤​លើក​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៤ កុម្ភៈ ជា​ថ្ងៃ​ដំបូង​ដែល​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ទ័ព​វាយលុក​ទឹកដី​អ៊ុយក្រែន ទ័ព​រុស្ស៊ី​បាត់បង់​នៅ​លើ​សមរភូមិ​អ៊ុយក្រែន ជិត ៦៥៤០០​នាក់។

ចំពោះ​ការ​បាត់បង់​អាវុធ​ធ្ងន់ធ្ងរ​មាន​រថក្រោះ រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ ប្រព័ន្ធ​រ៉ុក្កែត ប្រព័ន្ធ​មីស៊ីល រថយន្ត​ដឹក​ភស្តុភារ កងទ័ព យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះ Drone នាវាចម្បាំង និង​ម៉ារីន គឺ​រុស្ស៊ី​បាត់បង់​ជាង ១​ម៉ឺន ៣​ពាន់​គ្រឿង។ នេះ​បើ​តាម​សារព័ត៌មាន​របស់​អ៊ុយក្រែន ដែល​បាន​ស្រង់​ចេញពី​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។

ខណៈ​រុស្ស៊ី​បាត់បង់​ទីតាំង​ឈរជើង​ជាច្រើន​នៅ​លើ​ទឹកដី​អ៊ុយក្រែន គួបផ្សំ​នឹង​បាក់​ទ័ព​យ៉ាង​អាម៉ាស់ ក្រុង​មូស្គូ​ព្រមាន​ថា គ្រប់​កាលៈទេសៈ​ទាំងអស់ រុស្ស៊ី​នឹង​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​រុស្ស៊ី​ត្រូវ​បាន​គេ​វាយ​ដល់​ក្រឡា​ទាល់ច្រក ហើយ​ជាពិសេស​ពួក​បស្ចិម​ប្រទេស​នៅតែ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន​មាន​លទ្ធភាព​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស