29.3 C
Phnom Penh

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ឱ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា ដោយ​ងាក​មក​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។

សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំមុខ​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ បែរ​ជា​បង្កើត​មនោគមវិជ្ជា​នយោបាយ «ហ៊ុន សែន និយម» មាន​លក្ខណៈ​បំពុល​សម្អប់ ដែល​មាន​កត្តា​កំណត់​លើ​ចិត្តសាស្ត្រ​ញុះញង់​បំបែកបំបាក់ និង​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា​ទៅវិញ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ថា កន្លងមក លោក ហ៊ុន សែន ពិត​ជា​ដឹង​ពេល​ដែល​ខ្មែរ​កំពុង​វក់ និង​ពុល​ដោយ​ការ​ស្អប់​គ្នា បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ពេញចិត្ត​បំផុត​នឹង​ស្ថានភាព​នេះ គឺ​បរទេស​ឈ្លានពាន។

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​បំពុល​សម្អប់​នេះ ពីព្រោះ​នេះ​គឺជា​នយោបាយ​ដែល​ងាយ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​កាន់តែ​ធំ និង​ផ្ដល់​ផល​ដ៏​ធំធេង​ដល់​មហិច្ឆតា​ឈ្លានពាន​របស់​បរទេស បើ​លោក ហ៊ុន សែន មិន​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​បរទេស​ណា​មួយ​ទេ​នោះ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ត្រូវ​ងាក​ទៅ​ដើរ​តួនាទី​ផ្សះផ្សា​ជាតិ​ក្នុង​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ជាតិ មិន​ត្រូវ​ឡូកឡំ​នឹង​គំនិត​អំណាច​បុគ្គល​ហួងហែង​កាង​បក្ស​សង្កត់​ជាតិ​ឡើយ។

វេទិកា​ពលរដ្ឋ​យល់​ថា ទោះបីជា​ការ​សម្របសម្រួល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ពេល​នេះ​ជា​រឿង​ស្មុគស្មាញ​ពិបាក​ទៅ​រួច​ភ្លាមៗ ដោយសារតែ​ជម្លោះ​នៃ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នេះ​បាន​ធ្លាក់​ចូល​លក្ខណៈ​បុគ្គល ដោយ​ធ្វើការ​វាយប្រហារ​ចោទប្រកាន់​គ្នា​ដល់​ជម្រៅ​បន្ទុក​ពូជពង្ស​គ្រួសារ​ជ្រុល​ពេក។ ប៉ុន្តែ​បើ​លោក ហ៊ុន សែន នៅ​រក្សា​ស្មារតី​ជា​អ្នក​ដឹកនាំ​ជាតិ​នោះ លោក​នាយករដ្ឋមន្ត្រី​គួរ​ពិចារណា​ឡើងវិញ ដោយ​គួរ​បើក​ចិត្ត​រក​ការ​ជជែក​សម្រួល​នយោបាយ​ជាមួយ​លោក កឹម សុខា ដើម្បី​បន្ធូរ​បន្ទុក​វិបត្តិ​ប្រទេស​ជាតិ​ក្រៅពី​លោក សម រង្ស៊ី។

ខណៈ​បច្ចុប្បន្ន លោក កឹម សុខា កំពុង​ធ្វើ​ទុក្ករកម្ម​នយោបាយ​ប្រកាន់​ធម៌​អហិង្សា និង​ការ​ផ្សះផ្សា​ជាតិ​ជានិច្ច ហើយ​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ លោក កឹម សុខា មិន​ធ្លាប់​ប្រើ​សារ​ប្រទូស​នយោបាយ​បុគ្គល​ឡើយ។

ហេតុ​នេះ បើ​លោក ហ៊ុន សែន នៅតែ​មាន​លេស​មិន​រក​ដំណោះស្រាយ​នយោបាយ​ផ្សះផ្សា​ជាតិ ដោយ​ចាប់ផ្ដើម​ជាមួយ​លោក កឹម សុខា ទៀត នោះ​គឺ​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​ដែល​ចេះ​ត្រឹមតែ​ការពារ​កិត្តិយស​បុគ្គល​ខ្លួន គ្រួសារ ហ៊ុន និង​បំពេញ​បំណង​ឈ្លានពាន​របស់​បរទេស។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា រយៈពេល​ចុងក្រោយ​នេះ គេ​មើល​ឃើញ​ថា ជម្លោះ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ក្លាយ​ជា​សង្គ្រាម​មនោគមវិជ្ជា​នយោបាយ​ប្រទូសរ៉ាយ​ដណ្ដើម​ឈ្នះ​បែប​បុគ្គល ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​ចង់​ឃើញ​ការ​សម្របសម្រួល​ផ្សះផ្សា​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​ធំៗ​របស់​ជាតិ ជាពិសេស​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស។

ការ​លើកឡើង និង​អំពាវនាវ​របស់​វេទិកា​ពលរដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ បាន​ប្រកាស​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​តាម​កម្ទេច​អ្នក​ដែល​លោក​ហៅថា​ជា​ក្រុម​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ហើយ​គាំទ្រ​អង្គការ​ចាត់តាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស