ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (ស្ដាំ) នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឺជាំង (កណ្ដាល) និង​អតីត​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (រូប​ទះ​ស្មា​លោក លី ឃឺជាំង) នៅ​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២២។

ទស្សនៈ

ទស្សនៈ៖ រូបភាព​នៃ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស

By ឌឹ ខេមបូឌា ដេលី

October 25, 2022

មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២២ តុលា បាន​បន្សល់​ទុក​នូវ​រូបភាព​អាក្រក់​មួយ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​នៅ​អាស៊ី គឺ​ការ​បែកបាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស។

អ្នក​សង្កេតការណ៍​ជាច្រើន​បាន​មើល​ឃើញ​រូបភាព​នៃ​ការ​បែកបាក់​មេដឹកនាំ​កំពូលៗ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ដែល​មហាសន្និបាត​បក្ស​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​តែងតាំង​មេដឹកនាំ​មួយ​ចំនួន​ឱ្យ​ឡើង​ដល់​កម្រិត​កំពូល​បំផុត​ក្នុង​បក្ស តែ​បែរ​ជា​មេដឹកនាំ​កំពូលៗ​បក្ស​ស្រាប់​ទៅ​ហើយ គឺ​យ៉ាងតិច​ចំនួន ៣​រូប​ត្រូវ​បាន​ទម្លាក់​ឋានៈ និង​មុខនាទី ដែល​ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី លី ឃឺជាំង ដែល​បុរស​នេះ​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​អាច​នឹង​ស្នង​តំណែង​ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ពី​លោក ស៊ី ជីនពីង។

រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​នោះ គឺ​ការ​ទម្លាយ​រូបភាព​វីដេអូ​មួយ​បាន​ឃើញ​ក្រុម​មន្ត្រី​មហាសន្និបាត​ក្រៀក​ស្មា​អតីត​ប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែល​ជា​ប្រធានាធិបតី​មុន​អាណត្តិ​លោក ស៊ី ជីនពីង ឱ្យ​ចេញពី​សាល​មហាសន្និបាត។

រូបភាព​ដែល​មើល​ឃើញ​បុរស​សក់​ស​ម្នាក់​អង្គុយ​ជាប់​លោក ស៊ី ជីនពីង នៅ​ជួរ​មុខ​ក្នុង​មហាសន្និបាត​ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​កៀក​ខ្លួន​គាត់ ហើយ​លើក​គាត់​ឱ្យ​ងើប​ចេញពី​កៅអី ទោះបីជា​លោក ហ៊ូ ជិនតាវ ព្យាយាម​មិន​ងើបឈរ​ក៏ដោយ តែ​រូបភាព​វីដេអូ​នេះ​បង្ហាញ​ថា ផ្ទៃក្នុង​បក្ស​កុម្មុយនីស្ត​ចិន ជាពិសេស​គឺ​មេដឹកនាំ​កំពូលៗ​ក្នុង​បក្ស​ស្ថិត​ក្នុង​ការ​បែកបាក់។

រូបភាព​នៃ​ការ​ចាប់​ក្រៀក​លោក ហ៊ូ ជិនតាវ អតីត​ប្រធានាធិបតី​ដើរ​ចេញពី​មហា​ប្រជុំ​សមាជ​បក្ស​នេះ មើល​ទៅ​ដូចជា​មាន​ភាព​ស្រឡាំងកាំង​ចំពោះ​លោក​នាយករដ្ឋមន្ត្រី លី ឃឺជាំង ដែល​ត្រូវ​បាន​មហាសន្និបាត​បក្ស​ទម្លាក់​ឋានៈ​នៅ​ពេល​ជាមួយ​គ្នា​នេះ។

ចំណែកឯ​លោក ស៊ី ជីនពីង ដែល​អង្គុយ​ជាប់​លោក ហ៊ូ ជិនតាវ និង​នាយករដ្ឋមន្ត្រី លី ឃឺជាំង មាន​ទឹកមុខ​មិន​ភ្ញាក់ផ្អើល​នោះ​ទេ គឺ​មើល​ទៅ​បុរស​ដែល​ត្រូវការ​អំណាច​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​មួយ​អាណត្តិ​ទៀត​នេះ ដឹង​យ៉ាង​ពិតប្រាកដ​អំពី​ស្ថានភាព​ដែល​សម្រេច​ឱ្យ​មន្ត្រី​មហាសន្និបាត​មក​ក្រៀក​លោក ហ៊ូ ជិនតាវ ចេញពី​សាល​ប្រជុំ។

លោក ហ៊ូ ជិនតាវ យល់ព្រម​ឱ្យ​គេ​ក្រៀក​ស្មា​គាត់​ដើរ​ចេញ ប៉ុន្តែ​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ពីរ​បី​ម៉ាត់​ទៅ​កាន់​លោក ស៊ី ជីនពីង ហើយ​លោក ស៊ី ជីនពីង គ្រាន់តែ​ងក់​ក្បាល​បន្តិច។

មុន​នឹង​គាត់​សម្រេច​ឱ្យ​មន្ត្រី​មហាសន្និបាត​ក្រៀក​ស្មា​ដើរ​ចេញពី​សាល​ប្រជុំ គឺ​លោក ហ៊ូ ជិនតាវ ក៏​បាន​ទះ​ស្មា​លោក លី ឃឺជាំង នៅ​ពេល​នោះ។ លោក លី ឃឺជាំង នាយករដ្ឋមន្ត្រី​ដែល​គេ​ទម្លាក់​មុខនាទី​ក្នុង​បក្ស​នេះ មិន​បាន​និយាយ​មួយ​ម៉ាត់​ទៅ​កាន់​លោក ហ៊ូ ជិនតាវ នោះ​ទេ តែ​បុរស​នេះ​នៅ​ពេល​ដែល​មន្ត្រី​បក្ស​ក្រៀក​ស្មា​ឱ្យ​លោក ហ៊ូ ជិនតាវ ងើប​ពី​កៅអី គឺ​លោក លី ឃឺជាំង បាន​ដៀង​ភ្នែក​មើល​លោក ហ៊ូ ជិនតាវ ដែល​មើល​ទៅ​អារម្មណ៍​របស់​គាត់​គិត​ថា​ជា​រឿង​ចម្លែក​ផ្ទុះ​នៅ​ក្នុង​សាល​មហាសន្និបាត ដែល​កំពុង​ដំណើរ​ប្រជុំ ហើយ​បុរស​នេះ​ក៏​ទំនង​ដឹង​ខ្លួន​ឯង​ថា បក្ស​លែង​មាន​ទំនុកចិត្ត​លើ​ខ្លួន​គាត់​ទៀត​ក៏​ថា​បាន ព្រោះ​ការ​ដែល​មន្ត្រី​បក្ស​ក្រៀក​លោក ហ៊ូ ជិនតាវ ចេញពី​សាល​ប្រជុំ​នេះ អ្នក​ដែល​ក្ដុកក្ដួល​អារម្មណ៍​ជាងគេ គឺ​នាយករដ្ឋមន្ត្រី លី ឃឺជាំង។

នៅ​ក្នុង​ប្រព័ន្ធ​អំណាច​ដឹកនាំ​បែប​ផ្ដាច់ការ និង​កុម្មុយនីស្ត អ្នក​នយោបាយ​ណា​ដែល​ស្មោះត្រង់​បំផុត​នឹង​មេដឹកនាំ​ផ្ដាច់ការ គឺ​អ្នក​នោះ​នឹង​អាច​កាន់​តំណែង​កំពូល​ក្នុង​ប្រទេស​បាន។

ចំពោះ​អ្នក​នយោបាយ​ណា​ដែល​មេដឹកនាំ​ផ្ដាច់ការ​មិន​សូវ​ទុកចិត្ត គឺ​គ្មាន​ឱកាស​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​នោះ​ទេ។ ក្នុង​រូបភាព​នេះ លោក ស៊ី ជីនពីង ត្រូវ​បាន​មហាសន្និបាត​បក្ស​ពង្រីក​អាណត្តិ ៥​ឆ្នាំ​ទៅ​មុខ​ទៀត​ជាមួយ​នឹង​ការ​ផ្ទុះ​រូបភាព​អាក្រក់​មួយ​ឡើង​ក្នុង​មហាសន្និបាត​បក្ស ដែល​ទីបំផុត​គេ​អាច​វាយតម្លៃ​ថា លោក ស៊ី ជីនពីង ទំនង​ត្រូវ​បាន​ជំទាស់​ដោយ​លោក ហ៊ូ ជិនតាវ អតីត​ប្រធានាធិបតី​ដែល​ប្រឆាំង​មិន​ឱ្យ​មាន​ទម្លាប់​នៃ​ការ​ពង្រីក​អំណាច​ខុស​នឹង​វិន័យ និង​លក្ខន្តិកៈ​បក្ស។ ដូច​នេះ​ហើយ​ដែល​គេ​សន្និដ្ឋាន​ថា លោក ហ៊ូ ជិនតាវ ប្រាកដ​ណាស់​ជំទាស់​មិន​ឱ្យ​មាន​មេដឹកនាំ​ណា​ម្នាក់​កែប្រែ​ប្រវត្តិសាស្ត្រ​ដែល​គេ​ថា ប្រធានាធិបតី​ទោះ​ស្ថានការណ៍​ណា​ក៏ដោយ កាលៈទេសៈ​ណា​ក៏ដោយ គឺ​មាន​អាណត្តិ​ត្រឹមតែ ១០​ឆ្នាំ​ប៉ុណ្ណោះ។

ដូច​នេះ អាច​ជា​ការ​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​បោះឆ្នោត​ជំទាស់ ទើប​បក្ស ឬ​ក៏​លោក ស៊ី ជីនពីង បញ្ជា​ទៅ​មន្ត្រី​មហាសន្និបាត​ឲ្យ​មក​ក្រៀក​លោក ហ៊ូ ជិនតាវ ចេញពី​សាល​ប្រជុំ​ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​កំពូលៗ​នៃ​បក្ស​រូប​ណា​ដែល​មាន​បំណង​បោះឆ្នោត​ជំទាស់​ការ​បន្ត​អាណត្តិ​របស់​លោក ស៊ី ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ​ទៀត៕