33.3 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ផ្សះផ្សា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​ការ​ចេញ​មុខ​តាម​កម្ទេច​ពី​សំណាក់​បុរស​ខ្លាំង លោក ហ៊ុន សែន បង្ហាញ​ថា ពួកគេ​ត្រឹមតែ​ជា​អ្នក​ដឹកនាំ​បង្ក​ជម្លោះ និង​គ្មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ​អ្វី​នោះ​ឡើយ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា លោក សម រង្ស៊ី ទំនង​ជា​ប្រឹង​បំផុសបំផុល​សំឡេង​របស់​ខ្លួន​ដើម្បី​ដង្ហើម​នយោបាយ​នៅ​ដំណាក់កាល​ចុងក្រោយ​របស់​គាត់​ឱ្យ​បាន​ខ្លាំង​ជាង​មុន​ប៉ុណ្ណោះ ប៉ុន្តែ​ទង្វើ​បែប​នេះ​គ្មាន​តម្លៃ​ក្នុង​ការ​ដឹកនាំ​នយោបាយ​រក​ផលប្រយោជន៍​ជូន​ជាតិ​នោះ​ទេ ព្រោះ​ថា​ការ​បញ្ចេញ​សារ​នយោបាយ​ដោយ​ការ​ប្រើ​ពាក្យ​គ្រោតគ្រាត​លើ​អង្គ​ព្រះមហាក្សត្រ​នេះ ក៏​ជា​ឧបសគ្គ​ក្នុង​ការ​ផ្សះផ្សា​ជាតិ និង​ធ្វើ​ឱ្យ​ខូច​នយោបាយ​ការទូត​របស់​ខ្លួន​ទៅវិញ។

លោក គឹម សុខ លើកឡើង​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន ក្រៅតែ​ពី​បង្កើត​មនោគមវិជ្ជា​នយោបាយ​ជម្លោះ​បុគ្គល និង​គ្រួសារ​របស់​គាត់​ទាំង​ពីរ ពួកគេ​ក៏​នាំគ្នា​ងាក​ទៅ​ប្រមាថ​ព្រះមហាក្សត្រ​ដូច​គ្នា។

លោក​បន្ត​ថា បើ​ទោះបី​ព្រះមហាក្សត្រ​មិន​ប្រកាន់​នឹង​ទម្លាប់​របស់​ពួកគាត់​ទាំង​ពីរ​ក៏ដោយ ប៉ុន្តែ​ទង្វើ​បែប​នេះ​គឺជា​គំរូ​អាក្រក់​សម្រាប់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ដឹកនាំ​កម្ពុជា​ទៅ​រក​ភាព​រុងរឿង​នៅ​ថ្ងៃ​អនាគត។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​នយោបាយ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ធុញ​ទ្រាន់ និង​មិន​សូវ​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​ថា​មេដឹកនាំ​ទាំងនោះ​គ្រាន់តែ​នាំគ្នា​បង្កើត​ព្រឹត្តិការណ៍​ជម្លោះ​ជេរ​ប្រមាថ​ឲ្យ​ពលរដ្ឋ​ស្ដាប់​ប៉ុណ្ណោះ ដែល​គ្មាន​ផល​វិជ្ជមាន​ណា​មួយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​ជាតិ​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​ប្រមាថ​ទៅ​លើ​ព្រះមហាក្សត្រ​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ក៏​បាន​ប្រកាស​តាម​កម្ទេច​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ការ​លើកឡើង​អំពី​ព្រះមហាក្សត្រ មិនមែន​ដើម្បី​គ្រាន់តែ​ប្រមាថ​កាតទាន​លើ​ព្រះអង្គ​នោះ​ទេ តែ​ដើមហេតុ គឺ​អ្នក​មាន​អំណាច និង​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ មិន​បាន​ឲ្យ​តម្លៃ​ដល់​ព្រះរាជ​សិទ្ធិ និង​អំណាច ព្រមទាំង​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៤ តុលា បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន គឺ​សារព័ត៌មាន Fresh News បាន​ចេញ​វីដេអូ​ឃ្លីប​ដ៏​ខ្លី​មួយ​របស់​លោក សម រង្ស៊ី ដែល​មាន​ប្រវែង ៣០​វិនាទី ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន ដោយ​ការ​ប្រើ​ពាក្យ​គ្រោតគ្រាត​លើ​ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ​ថា ព្រះអង្គ​គ្មាន​មនសិការ​ជាតិ​សូម្បីតែ​បន្តិច ហើយ​ថា​ស្ដេច​សព្វថ្ងៃ​មាន​គំនិត​ក្បត់​ជាតិ ព្រោះ​ព្រះអង្គ​គាំទ្រ​លោក ហ៊ុន សែន កាត់​ទឹកដី​ឱ្យ​ទៅ​បរទេស។

ជុំវិញ​បញ្ហា​នេះ ស្ថាប័ន​រដ្ឋសភា​ឯក​បក្ស​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ ថា វីដេអូ​ឃ្លីប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​លើ​ព្រះមហាក្សត្រ​ខ្មែរ ដែល​ផ្ទុយ​ទៅ​នឹង​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ឲ្យ​នរណា​រំលោភ​បំពាន​បាន​ឡើយ និង​ល្មើស​ទៅ​នឹង​មាត្រា​៤៣៧ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ថែម​ទៀត។

ក្រៅពី​ស្ថាប័ន​កំពូល​មួយ​នេះ ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​ក្រសួង​ការពារ​ជាតិ និង​គ្រឹះស្ថាន​មួយ​ចំនួន​ទៀត ក៏​បាន​ចេញ​ញត្តិ​ថ្កោលទោស​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ជា​បន្តបន្ទាប់​ផង​ដែរ។ ដោយឡែក​ក្រសួង​ព្រះបរមរាជវាំង មិន​ទាន់​បាន​ចេញ​លិខិត​ណា​មួយ​ដើម្បី​ថ្កោលទោស​លោក សម រង្ស៊ី នៅឡើយ​ទេ​ចំពោះ​បញ្ហា​នេះ។

ជុំវិញ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នេះ គេ​ក៏​បាន​ដឹង​ឮ​គ្រប់​គ្នា​ដែរ​ថា លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​មិន​ចាញ់​លោក សម រង្ស៊ី នោះ​ដែរ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន តែងតែ​ប្រឆាំង​នឹង​ព្រះរាជ​គំនិត​របស់​ព្រះអង្គ​រហូត​ដល់​រំលោភ​ព្រះរាជ​តួនាទី​របស់​ទ្រង់​ថែម​ទៀត។

កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ ប្រសិនបើ​សម្ដេចព្រះ នរោត្តម សីហនុ មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នោះ​ហើយ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ និង​ជា​សន្ធិសញ្ញា​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដោយសារ​សន្ធិសញ្ញា​នេះ​បាន​កាត់​កោះត្រល់​របស់​ខ្មែរ​ទាំងមូល​មាន​ទំហំ​ជិត​ស្មើ​ប្រទេស​សិង្ហបុរី ទៅ​ឲ្យ​ប្រទេស​វៀតណាម។

ជាង​នេះ​ទៅ​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១៨ បុរស​ខ្លាំង​ក្តាប់​អំណាច​ទំនើងចិត្ត លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​មហាសេដ្ឋី​ប្រាក់​លាន​ដុល្លារ គឺ​ឧកញ៉ា គិត ម៉េង ជុំវិញ​ជម្លោះ​ផ្ទៃក្នុង​នៃ​ក្រុមហ៊ុន​ស្ថានីយ​ទូរទស្សន៍​ស៊ីអ៊ិនស៊ី (CNC) ផង​ដែរ​ថា «កុំ​ថា​ឡើយ​ត្រឹម​ម្ចាស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ឧកញ៉ា គិត ម៉េង ម្នាក់​នេះ សូម្បីតែ​ម៉ែ​ឪ​ស្ដេច​ក៏​លោក​មិន​ខ្លាច ហើយ​បើ​យក​ម៉ែ​ឪ​ស្តេច​មក​ការពារ​ខ្លួន ក៏​មិន​អាច​ការពារ​បាន​ដែរ»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស