ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ថ្មី​ហ្វីលីពីន​សន្យា​រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​ភូមា​អំឡុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន

By ឌឹ ខេមបូឌា ដេលី

October 26, 2022

នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ មេដឹកនាំ​កំពូលៗ​របស់​អាស៊ាន​ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា ដែល​កម្ពុជា​ឆ្នាំ​នេះ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន។

នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​មួយ​នេះ​ខ្មាស​ពិភពលោក គឺ​ការ​ដែល​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អំណាច​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​មេដឹកនាំ។

ឥឡូវ​ស្ត្រី​ជើងឯក​ប្រជាធិបតេយ្យ​ពិភពលោក​ម្នាក់​នេះ កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​របស់​ពួក​យោធា ដោយ​រង​នូវ​បណ្តឹង ១០​សំណុំរឿង ដែល​នាំ​ឱ្យ​អ្នកស្រី​អាច​មាន​ទោស​ដល់​ទៅ ១០០​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​តែ​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ​ដែល​ត្រូវ​ពួក​យោធា​ចាប់​ឃុំ​ខ្លួន គឺ​មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដល់​ទៅ ៣០០​នាក់​ឯណោះ។

ក្នុង​ស្ថានភាព​អន្តរកាល​នេះ ពិភពលោក​បើ​ទោះ​ជា​កំពុង​ជាប់​ដៃ​នឹង​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លាន​ពាន​ដោយ​របប​ផ្ដាច់ការ​មួយ​នៅ​វិមាន​ក្រឹមឡាំង ក៏ដោយ​នោះ ក៏​ពិភពលោក​មិន​ទាន់​ស្ងប់ស្ងាត់ និង​បោះបង់​ចោល​ប្រជាជន​ភូមា ដែល​រង​ទុក្ខ​ទោស​នៅ​ក្រោម​របប​រដ្ឋប្រហារ​នោះ​ទេ។

សម្ពាធ​របស់​ពិភពលោក ទាំង​ពួក​បស្ចិម​ប្រទេស ទាំង​ប្រទេស​នៅ​សមាគម​អាស៊ាន​មួយ​ចំនួន នៅតែ​សង្កត់​ធ្ងន់​ទៅ​លើ​របប​សឹក​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

នៅ​ដំណាក់កាល​ចុងក្រោយ​នេះ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ កាលពី​ថ្ងៃទី​២៣ ខែ​តុលា កងទ័ព​នៃ​របប​សឹក​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ពី​ទ័ព​អាកាស ដោយ​បាញ់​ទៅ​លើ​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​កាឈីន ដែល​ពួកគេ​កំពុង​បង្កើត​កម្លាំង​ទ័ព​ក្នុង​តំបន់​របស់​ពួកគេ​ប្រឆាំង​នឹង​របប​សឹក។ ពេល​នោះ កម្លាំង​របស់​របប​សឹក បាន​បើក​ការ​បាញ់​រះ​ពី​លើ​អាកាស ក្រោម​ការ​បញ្ជា​របស់​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ៨០​នាក់ និង​របួស​ជាង ១០០​នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភូមា Myanmar Now ចុះផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៥ តុលា។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​អាស៊ាន​ខ្លួនឯង​ទាំងមូល​ដែល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា ដូចជា​ពុំ​ទាន់​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​របប​សឹក​ភូមា ដែល​បាញ់​រះ​ជនស៊ីវិល​យ៉ាង​សាហាវ​ដូចនេះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី សុទ្ធតែ​បង្ហាញ​ទស្សនៈ​ថ្កោលទោស​ចំពោះ​ដំណឹង​ដែល​ថា ជនស៊ីវិល​ត្រូវ​បាន​សម្លាប់​យ៉ាង​រង្គាល​ដោយ​កងទ័ព មីន អ៊ុងឡាំង។

ក្នុង​ស្ថានភាព​បែប​នេះ គេ​ចេះ​តែ​សម្លឹង​មើល​ថា តើ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​ធ្វើ​ឱ្យ​ជឿនលឿន​សំដៅ​កាត់បន្ថយ​ហិង្សា និង​រក​ដំណោះស្រាយ​អំពី​វិបត្តិ​នៅ​ភូមា ?

មក​ដល់​ពេលនេះ​ជាង ១០​ខែ​មក​ហើយ អ្វី​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន អះអាង គឺ​គ្មាន​ឃើញ​លទ្ធផល​ដុំ​កំភួន​អ្វី​នោះ​ទេ។ នេះ​ជា​ចំណោទ​ដែល​គេ​ថា សមត្ថភាព និង​ភាព​វាងវៃ ឬ​ក៏​ឆន្ទៈ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅ​រួញ​តូច​ខ្លាំង​ណាស់។

ឥឡូវ​នេះ ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន លោក ហ្វឺដឺណង់ ម៉ាកូស បាន​សន្យា​ថា នៅ​ពេល​ដែល​លោក​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន គឺ​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ លោក​សុំ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​បញ្ហា​វិបត្តិ​នៅ​ប្រទេស​ភូមា និង​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​តំបន់។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​របស់​ហ្វីលីពីន បាន​ចុះផ្សាយ​ថា លោក ម៉ាកូស បាន​បង្ហាញ​ឆន្ទៈ​ថា ក្នុង​ពេល​ដែល​មេដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​គ្នា គឺ​លោក​ចង់​បង្ហាញ​តួនាទី​របស់​លោក​ជា​អ្នក​សម្របសម្រួល ហើយ​ចង់​រុញ​ឱ្យ​អាស៊ាន​បង្ហាញ​ឆន្ទៈ​ឱ្យ​ច្បាស់​ថា តើ​ការ​ដោះស្រាយ​វិបត្តិ​ប្រទេស​ភូមា ដោយ​វិធានការ​ណា​ខ្លះ ហើយ​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​ដោយ​វិធី​ណា​ខ្លះ?

លោក​ថា អាស៊ាន​មាន ១០​ប្រទេស ត្រូវតែ​ក្លាយ​ជា​កម្លាំង​តែ​មួយ ខណៈ​លោក​ចង់​ឱ្យ​ប្រទេស​ខ្លះ​ដែល​ស្ទាក់ស្ទើរ​រុញរា គឺ​ត្រូវ​បង្ហាញ​ឆន្ទៈ​ឱ្យ​ច្បាស់ ថា​តើ​ទុក​វិបត្តិ​ភូមា​ដល់​ពេល​ណា​ទៀត។

លោក ម៉ាកូស បាន​ឱ្យ​ដឹង​ទៀត​ថា សមាគម​អាស៊ាន​មាន​គោល​នយោបាយ​ជា​សហគមន៍​មួយ​រួច​ទៅ​ហើយ គឺ​មាន​ន័យ​ថា បើ​ប្រទេស​ណា​មួយ​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ឬ​ប្រទេស​ណា​មួយ​ធ្វើ​ឱ្យ​វិបត្តិ​ក្នុង​តំបន់​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​សមាគម គឺ​ប្រទេស​នោះ​ពិត​ជា​បាន​រំលោភ​លើ​គោលការណ៍​អាស៊ាន​ស្តីអំពី​ការ​ជួយ​ការពារ​សន្តិភាព សន្តិសុខ​ក្នុង​តំបន់ សេរីភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់។

លោក​ថា ហ្វីលីពីន​ជា​ប្រជាជាតិ​មួយ​ក្នុង​តំបន់ គឺ​ចង់​ឃើញ​វិបត្តិ​នៅ​ភូមា​ឆាប់​ដោះស្រាយ​ឱ្យ​បាន​យ៉ាង​ឆាប់​បំផុត ដោយ​មិន​ត្រូវ​ទុក​ឱ្យ​របប​មួយ​ខុស​ច្បាប់​កាន់​អំណាច​ទៅ​មុខ​ទៀត​នោះ​ទេ។ លោក​ថា អាស៊ាន​ការពិត​ជា​កម្លាំង​សន្តិសុខ​ក្នុង​តំបន់​ដ៏​រឹងមាំ។

លោក​បញ្ជាក់​ទៀត​ថា ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​តៃវ៉ាន់ បញ្ហា​កូរ៉េ​ខាងជើង គឺ​អាស៊ាន​ត្រូវតែ​ចូល​ពាក់ព័ន្ធ ព្រោះ​អាស៊ាន​មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​បញ្ហា​ទាំងនេះ។ ដូច្នេះ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នៅ​ក្រៅ​រង្វង់​អាស៊ាន គឺ​អាស៊ាន​ត្រូវ​មើល​ឥរិយាបថ​របស់​របប​សឹក​ភូមា​ឡើងវិញ​ជាបន្ទាន់។ អាស៊ាន​ត្រូវ​មើល​វិបត្តិ​សហគមន៍​រ៉ូហ៊ីនយ៉ា​នៅ​ភូមា​ឡើងវិញ​ជាបន្ទាន់។

សម្រាប់​ហ្វីលីពីន មាន​បំណង​ឱ្យ​អាស៊ាន​មាន​វិធានការ​ជាក់ស្ដែង គឺ​មិន​ត្រូវ​និយាយ​ឱ្យ​តែ​ចេញពី​មាត់​នោះ​ទេ។

និយាយ​អំពី​ប្រទេស​ភូមា នេះ គឺ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​មាន​ភារកិច្ច និង​សកម្មភាព​ច្រើន​ជាងគេ​ទាំងអស់ តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា កម្ពុជា​ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន​ជិត ១០​ខែ​ទៅ​ហើយ គ្មាន​បាន​ធ្វើ​អ្វី​ឱ្យ​រីកចម្រើន​បន្តិច​ណា​សោះ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​មើល​ទៅ​ខុស​ពី​អ្វី​ដែល​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​សម្របសម្រួល​រុញ​ភូមា​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ។

តែ​យ៉ាងណា ប្រទេស​ម៉ាឡេស៊ី​ឯណោះ​វិញ​តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នេះ បាន​សន្យា​ថា នឹង​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ឱ្យ​ជួយ​រៀបចំ​សំណុំរឿង​ឧក្រិដ្ឋកម្ម​នៃ​របប​សឹក​ភូមា ដែល​វាយប្រហារ​ទៅ​លើ​ជនស៊ីវិល​ស្លាប់​រហូត​ដល់​ទៅ ៨០​នាក់​នោះ ដោយ​ការ​បាញ់​ប្រហារ​ពី​លើ​អាកាស​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ដែល​គេ​ត្រូវតែ​ភ្ជាប់​សំណុំរឿង​នេះ​បន្ថែម​ទៀត​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ។

បើ​យោង​តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ភូមា គឺ​ជនស៊ីវិល​ស្លាប់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​របប​សឹក​កើនឡើង​ដល់ ២៣៧៧​នាក់ និង​ជាង ១​ម៉ឺន​នាក់​ទៀត​កំពុង​ជាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន។ ប្រជាជន​ច្រើន​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន ខណៈ​សង្គ្រាម​ស៊ីវិល​បាន​ផ្ទុះ​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ៕