ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20

ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី​សង្ឃឹម​ថា​ជំនួប​កំពូល​នៃ​មេដឹកនាំ G-20 នឹង​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

October 28, 2022

នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា ខែ​ក្រោយ​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី សង្ឃឹម​ថា​តាមរយៈ​វេទិកា​នេះ អាច​រុញ​ឲ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G-20 ជួយ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​សមភាគី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឬ​យ៉ាងហោច​ណាស់​ក៏​មាន​ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ពូទីន ដែរ។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឲ្យ​ដឹង​ថា ក្ដី​សង្ឃឹម​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដូចនេះ ក្រោយ​ពេល​លោក​ទទួល​ដំណឹង​ថា ទាំង​លោក ពូទីន និង​លោក ហ្សេឡេនស្គី ចង់​មក​ចូលរួម​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់។

ប៉ុន្តែ​បើ​និយាយ​អំពី​ប្រធានាធិបតី​ចិន​វិញ លោក ស៊ី ជីនពីង គឺ​ប្រាកដ​ណាស់​លោក​នឹង​មាន​វត្តមាន ហើយ​បើ​លោក ស៊ី មាន​វត្តមាន គឺ​លោក ពូទីន អាច​នឹង​មាន​វត្តមាន​ដែរ ព្រោះ​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ​តែងតែ​ស្វែងរក​ការ​ជួប​គ្នា​ក្នុង​វេទិកា​បែប​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ពង្រីក​ចំណង​មិត្តភាព​ទ្វេភាគី​នឹង​គ្នា​ថែម​ទៀត សំដៅ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស។

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​ថា បើ​តាម​ក្រសួង​ការបរទេស​រុស្ស៊ី បាន​បញ្ជាក់​ប្រាប់​លោក​ថា មេដឹកនាំ​ចិន និង​រុស្ស៊ី នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ។ ប្រទេស​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០២២ នេះ គឺជា​ម្ចាស់​ផ្ទះ ឬ​គេ​ហៅថា​ប្រធាន​រៀបចំ​កិច្ចប្រជុំ G-20។

វេទិកា​នៃ​ជំនួប​កំពូល G-20 នឹង​ប្រព្រឹត្ត​ទៅ​លើ​កោះ​បាលី រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១៥ ដល់​ទី​១៦ ខែ​វិច្ឆិកា។

ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ដែល​មាន ២០​ប្រទេស ហៅថា G-20 គឺ​មាន៖

  1. Argentina
  2. Australia
  3. Brazil
  4. Canada
  5. China
  6. France
  7. Germany
  8. India
  9. Indonesia
  10. Italy
  11. Japan
  12. Republic of Korea
  13. Mexico
  14. Russia
  15. Saudi Arabia
  16. South Africa
  17. Turkey
  18. the United Kingdom
  19. the United States
  20. និង​សហភាព​អឺរ៉ុប។

បើ​តាម​ចំនួន​នេះ គឺ​ពុំ​មាន​ប្រទេស​អ៊ុយក្រែន នោះ​ទេ។ ប្រទេស​អ៊ុយក្រែន និង​ប្រទេស​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ហៅថា​ជា​ប្រទេស​សង្កេតការណ៍។ ប្រទេស​ទាំងនោះ​ត្រូវ​បាន​ស្នើ​ឲ្យ​មក​ចូលរួម​ប្រជុំ​អាស្រ័យ​លើ​ប្រទេស​ម្ចាស់​ផ្ទះ។

សម្រាប់​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ឥណ្ឌូនេស៊ី ស្នើ​អញ្ជើញ​លោក ហ្សេឡេនស្គី មក​ចូលរួម​ប្រជុំ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍។ ប៉ុន្តែ​បើ​តាម Aljazeera ឲ្យ​ដឹង​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី នឹង​ស្នើ​ឲ្យ​លោក ហ្សេឡេនស្គី ឡើង​ថ្លែង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​កំពុង​ជួប​នូវ​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​ដោយសារតែ​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន។

រដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួល​បន្ទុក​រៀបចំ​វេទិកា​នេះ គឺ​លោក Luhut Pandjaitan បាន​និយាយ​ថា តាមរយៈ​វេទិកា​នេះ ឥណ្ឌូនេស៊ី​ចង់​ធ្វើជា​ស្ពាន​ផ្សារភ្ជាប់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​អាច​ឈាន​ដល់​ការ​ចរចា​ដើម្បី​បន្ថយ​កំដៅ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា លោក​ប្រធានាធិបតី Joko Widodo ចង់​ធ្វើជា​អ្នក​សម្របសម្រួល​សំដៅ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព ធ្វើឡើង​ដោយ​ផ្ទាល់​រវាង​លោក ពូទីន និង​លោក ហ្សេឡេនស្គី។

លោក​សង្ឃឹម​ថា វេទិកា G-20 អាច​នឹង​ក្លាយ​ជា​បរិយាកាស​សន្តិភាព​ដើម្បី​ប្រទេស​អ៊ុយក្រែន។ តែ​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួល​បន្ទុក​រៀបចំ​វេទិកា G-20 រូប​នេះ មិន​បាន​បញ្ជាក់​ថា លោក ហ្សេឡេនស្គី ប្រាកដ​ជា​មាន​វត្តមាន​ផ្ទាល់ ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​សូម្បី​លោក ចូ បៃដិន ក៏​មិន​ប្រាកដ​ថា​នឹង​មក​ចូលរួម​ប្រជុំ​ដោយ​ផ្ទាល់ ឬ​យ៉ាងណា​នោះ​ដែរ ខណៈ​លោក បៃដិន មិន​ចង់​មាន​ជំនួប​អ្វី​ជាមួយ​នឹង​លោក ពូទីន ផង​នោះ។

គេ​រំពឹង​ថា លោក ហ្សេឡេនស្គី អាច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​តាមរយៈ​វីដេអូ Online ដែល​ផ្សាយ​ចេញពី​ទីក្រុង​គៀវ។ ទាំង​លោក បៃដិន និង​លោក ហ្សេឡេនស៊ី បាន​ហៅ​លោក ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ជំនួប​លោក បៃដិន និង​លោក ពូទីន បើ​ជួប​គ្នា​គឺជា​រឿង​ដ៏​កម្រ​បំផុត ប៉ុន្តែ​ក្នុង​ជំនួប​នោះ​ពិត​ណាស់​ភាព​តានតឹង​នឹង​ផ្ទុះឡើង។

គេ​អាច​គិត​ថា លោក បៃដិន នឹង​ដាក់​លក្ខខណ្ឌ​ឲ្យ​លោក ពូទីន ដក​ទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយក្រែន ហើយ​ទទួល​ខុសត្រូវ​ចំពោះ​វិនាសកម្ម​លើ​ទឹកដី​ដែល​រុស្ស៊ី​ឈ្លានពាន។ លោក បៃដិន អាច​ប្រាប់​លោក ពូទីន ថា បើ​ចាញ់​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន គឺ​មិន​ត្រូវ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ។

បើ​ដូចនេះ លោក ពូទីន អាច​ងើប​ដើរ​ចេញ​ពី​តុ​ប្រជុំ​ភ្លាម។ ដូច្នេះ​ហើយ​បាន​ជា​ក្រុម​មន្ត្រី​សេតវិមាន​ប្រាប់​ទៅ​មន្ត្រី​ឥណ្ឌូនេស៊ី ថា មិន​ត្រូវ​ព្យាយាម​ឲ្យ​លោក ពូទីន មក​ជួប​នឹង​លោក បៃដិន នោះ​ទេ លើកលែងតែ​លោក បៃដិន ចង់​ឲ្យ​លោក ពូទីន ជួប ដើម្បី​ប្រាប់​ទៅ​លោក ពូទីន ឱ្យ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ គឺ​លោក Brittney Griner ដែល​ជា​កីឡាករ​ជើងឯក​បាល់បោះ​អាមេរិក។

លោក Griner ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ខ្លួន​ដោយ​ចោទ​ថា បុរស​នេះ​ជួញដូរ​សារធាតុ​ញៀន ប្រេង​រំអិល កញ្ឆា។ លោក​ត្រូវ​បាន​តុលាការ​រុស្ស៊ី​កាត់ទោស​ឲ្យ​មាន​ទោស ៩​ឆ្នាំ។ រដ្ឋការ​លោក បៃដិន ច្រានចោល​ចំពោះ​សាលក្រម​នេះ ដោយ​ចាត់ទុក​ថា​ជា​បទល្មើស​សងសឹក​របស់​ក្រុង​មូស្គូ។

ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ដោយ​ផ្ដល់​ឲ្យ​រុស្ស៊ី​រួច​ខ្លួន​ករណី​ឈ្លានពាន​អ៊ុយក្រែន គឺ​ទំនង​មិន​អាច​ទៅ​រួច​នោះ​ទេ ទោះបី​មាន​ជំនួប​រវាង​លោក បៃដិន និង​លោក ពូទីន ឬ​រវាង​លោក ពូទីន និង​លោក ហ្សេឡេនស្គី ក៏ដោយ ព្រោះ​ស្ថានការណ៍​សង្គ្រាម​នៅ​ពេលនេះ សញ្ញា​ដែល​រុស្ស៊ី​ចាញ់​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន មាន​នៅ​ចំពោះ​មុខ​លោក ពូទីន រួច​ទៅ​ហើយ​នោះ៕